ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្សាយ​ទៅ​នៃ​ធម៌​របស់​ព្រះពុទ្ធ​

12 ឆ្នាំ មុន

«ម្នាល​ភិក្ខុ​ទាំង​ឡាយ!​ មាន​ផ្លូវ​ពីរ​ដែល​បព្វជិត​ត្រូវ​តែ​ចៀស​វាង​ គឺ​ផ្លូវ​ពេញ​ចិត្ដ​ក្នុង​កាមសុខ​​ (កាមសុខ​ល្លិកានុយោគៈ​)​ ផ្លូវ​នេះ​ជា​ផ្លូវ​គ្រោត​គ្រាត​ ជាផ្លូវ​ថោក​ទាប​ជំពាក់​ក្នុង​លោកិយ​ និង​ជា​ផ្លូវ​ឥត​ប្រយោជន៍​​ រីឯ​ផ្លូវ​មួយ​ទៀត​គឺ​ជា​ផ្លូវ​តឹង​​តែង​ពេក​ ធ្វើ​ឱ្យ​​លំបាក​ដល់​ខ្លួន​ឯង​ (​អត្ដកិល​មត្ថាយោគៈ​)​ជា​ផ្លូវ​លំបាក​ ជា​ផ្លូវ​ថោក​ទាប​ និង​ក៏​ជា​ផ្លូវ​ឥត​ប្រយោជន៍​ដែរ​»​ ។​

«ម្នាល​ភិក្ខុ​ទាំង​ឡាយ!​ មាន​ផ្លូវ​ពីរ​ដែល​បព្វជិត​ត្រូវ​តែ​ចៀស​វាង​ គឺ​ផ្លូវ​ពេញ​ចិត្ដ​ក្នុង​កាមសុខ​​ (កាមសុខ​ល្លិកានុយោគៈ​)​ ផ្លូវ​នេះ​ជា​ផ្លូវ​គ្រោត​គ្រាត​ ជាផ្លូវ​ថោក​ទាប​ជំពាក់​ក្នុង​លោកិយ​ និង​ជា​ផ្លូវ​ឥត​ប្រយោជន៍​​ រីឯ​ផ្លូវ​មួយ​ទៀត​គឺ​ជា​ផ្លូវ​តឹង​​តែង​ពេក​ ធ្វើ​ឱ្យ​​លំបាក​ដល់​ខ្លួន​ឯង​ (​អត្ដកិល​មត្ថាយោគៈ​)​ជា​ផ្លូវ​លំបាក​ ជា​ផ្លូវ​ថោក​ទាប​ និង​ក៏​ជា​ផ្លូវ​ឥត​ប្រយោជន៍​ដែរ​»​ ។​

«អ្នក​ទាំង​ឡាយ​!​​ ចូរ​បោះ​ចោល​បង់​នូវ​ផ្លូវ​អម​ទាំង​ពីរ​នេះ​ តថាគត​បាន​ត្រាស់​ដឹង​ស្គាល់​ផ្លូវ​កណ្ដាល​ (​មជ្ឈិ​មាបដិបទា)​ ជាផ្លូវ​នាំ​ទៅ​រក​ការ​ឃើញ​ត្រូវ​ និង​ចំណេះដឹង​ នាំ​ទៅរក​សេចក្ដី​សុខ​ សេចក្ដី​ស្ងប់​ នាំ​ឱ្យ​មាន​បញ្ញា​ នាំ​ទៅ​រក​ការ​ត្រាស់​ដឹង​ និង​ព្រះ​និព្វាន​»​ ។​
នេះ​ជា​ពុទ្ធ​ឱវាទ​​ គឺ​ព្រះ​ធម៌​ ដែល​ព្រះ​ពុទ្ធ​ទ្រង់​បាន​សម្ដែង​ក្នុង​បឋម​ធម្មទេស​នា​របស់​ព្រះ​អង្គ​ ដែល​ហៅ​ថា​ធម្មចក្កប្បវត្ដនៈ​ (​ឬ​ការ​បង្វិល​ចក្រ​នៃ​ច្បាប់​ធម្មជាតិ​)​ នៅ​សារនាថ​ (​ព្រៃ​មិគទាយៈ​)​​ ហើយ​ក្នុង​នោះ​ព្រះ​ពុទ្ធ​បាន​សម្ដែង​ប្រាប់​អំពី​មជ្ឈិម​មគ្គ(​ផ្លូវ​កណ្ដាល​)​ អដ្ឋង្គិកមគ្គ​(ផ្លូវ​ត្រូវ​មាន​អង្គ៨​)​ និង​អរិយសច្ចៈ​៤​ ។​

ធម៌​របស់​ព្រះពុទ្ធ​ បាន​ផ្សព្វ​ផ្សាយ​ទៅ​យ៉ាង​ឆាប់​រហ័ស​ ជ្រាប​ចូល​ដល់​គ្រប់​ស្រទាប់​វណ្ណៈ​ ឋានៈ​នៃ​មហា​ជន​ ។​ ព្រះ​ពុទ្ធ​ទ្រង់​សម្ដែង​ធម៌​ប្រាប់​ឱ្យ​មហា​ជន​ដឹង​ថា​មាគា​៌​ដែល​នាំ​ទៅ​រក​ការ​សង្គ្រោះ​ខ្លួន​ឯង​ឱ្យ​រួច​ផុត​ចាក​ទុក្ខ​នោះ​ គឺ​មិន​មែន​តាម​ការ​បន់​ស្រន់​សុំដល់​ ឬពឹង​លើ​ព្រះ​អាទិទេព​ ឬ​មួយ​ពឹង​លើ​អំណាច​ទេពតា​ម្ចាស់​សួគ៌​ណា​ឡើយ​ តែ​តាម​ការ​ស្គាល់​ច្បាស់​នូវ​មាគា​៌​បដិបត្ដិ​ត្រូវ​ ។​ គឺ​ជា​ការ​បដិបត្ដិ​របស់​មនុស្ស​ ដោយ​បាន​ស្គាល់​អំពី​ទុក្ខ​​ ហេតុ​ដែល​ឱ្យ​កើត​ទុក្ខ​បណ្ដាល​មក​ពី​ការ​ជាប់​ក្នុង​ចំណង​ឃ្នាប​យន្ដ​នៃ​កាម​​ និង​តណ្ហា។​

ធម៌​របស់​ព្រះ​សក្យមុនី​ ព្រះអង្គ​តែង​តែ​សម្ដែង​អំពី​អត្ដភាព​សត្វ​ សង្ខារ​ និង​ធម្មជាតិ​ ដោយ​មាន​ការ​បរិយាយ​ឱ្យ​ងាយ​យល់​ និង​លើក​រឿង​និទាន​ទាក់​ទិន​ជីវភាព​ប្រចាំ​ថ្ងៃ​មក​សម្ដែង​ផង​ដែរ​ ។​ មាន​ថ្ងៃ​មួយ​ ព្រះ​ពុទ្ធ​បាន​ជួប​នឹង​ស្រ្ដី​ម្នាក់​ ដែល​បី​សព​កូន​នៅ​ក្នុង​ដៃ​មក​សុំ​ព្រះ​អង្គ​ឱ្យ​ជួយ​សង្គ្រោះ​ជីវិត​កូន​របស់​នាង​ ។​ ព្រះពុទ្ធ​ជា​ម្ចាស់​ប្រាប់​ឱ្យ​នាង​ដើរ​ទៅ​រក​គ្រាប់​ពូជ​ដំណាំ​ពី​ផ្ទះ​ណា​ដែល​មិន​មាន​សាច់​ញាតិ​ស្លាប់​យក​មក​ប្រគេន​ព្រះអង្គ​ ។​ ក្រោយ​ពី​ដើរ​រក​មិន​បាន​​ នាង​ត្រឡប់​មក​ទាំង​យំ​ខ្សឹក​ខ្សួល​ ហើយ​បាន​ដួល​នៅ​ទៀប​ព្រះ​បាទ​របស់​ព្រះអង្គ​ ។​ ព្រះ​ពុទ្ធ​ជា​ម្ចាស់​បាន​សម្ដែង​ធម៌​ប្រាប់​ដល់​នាង​អំពី​អត្ដ​ភាព​របស់​យើង​នេះ​ជា​ធម្មជាតិ​ដែល​គ្រាន់​តែ​ជា​របស់​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ​ ធ្វើ​ឱ្យ​នាង​ភ្ញាក់​ដឹង​ខ្លួន​ស្រាក​ស្បើយ​ពី​សេចក្ដី​ទុក្ខ​សោក​​ ។

ចាប់​តាំង​ពី​បាន​ត្រាស់​ដឹង​រហូត​ដល់​គ្រា​ដែល​ព្រះពុទ្ធ​ទ្រង់​ចូល​មហា​បរិនិព្វាន​ នៅ​ព្រះ​ជន្ម​៨០​វស្សា​ ធម៌​ទេសនា​ជា​​ពាក្យ​ប្រដៅ​របស់​ព្រះ​អង្គ​ បាន​ត្រូវ​មហា​ជន​យ៉ាង​ច្រើន​សម្បើម​គោរព​ប្រតិ​បត្ដិ​តាម​នៅ​ប្រទេស​ឥណ្ឌា​ ជាពិសេស​ក្នុង​ចំណោម​ពួក​ក្សត្រ​ និង​ពួក​វស្យៈ​គឺ​ពួក​អ្នក​ជំនួញ​។​ ព្រះ​ពុទ្ធ​សាសនា​ក៏​បាន​ជួយ​រំដោះ​មហា​ជន​ឱ្យ​ចេញ​ផុត​ពី​សង្គម​របស់​ពួក​ព្រាហ្មណ៍​ហិណ្ឌូ​ដែល​ប្រកាន់​វណ្ណៈ​ និង​ប្រកាន់​តាម​ពិធី​បូជា​បន់​ស្រន់​យ៉ាង​ច្រើន​ ។​

ជាពិសេស​ ព្រះពុទ្ធ​បាន​សម្ដែង​ធម៌​ទេសនា​ប្រាប់​មនុស្ស​លោក​ឱ្យ​ដឹង​ថា​ ការ​រំដោះ​ខ្លួន​ឱ្យ​រួច​ផុត​ចាក​ទុក្ខ​ទាំង​ពួង​នោះ​ ស្ថិត​នៅ​ក្នុង​ដៃ​របស់​ខ្លួន​គឺ​ពឹង​លើ​ខ្លួន​ឯង​ តាម​ការ​រំដោះ​ខ្លួន​ចេញ​ឱ្យ​ផុត​ពី​អំណាច​តណ្ហា​ ។​ «នែ!​ ភិក្ខុ​ទាំង​ឡាយ​​ ចូរ​លះ​បង់​របស់​ក្នុង​ទូក​របស់​អ្នក​ចោល​ទៅ​​ កាល​បើ​ធ្វើ​ដូច្នោះ​ ទូក​របស់​អ្នក​នឹង​ទៅ​លឿន​ ។​ គឺ​លះកាត់ចោល​ទោសៈ​ និង​តណ្ហា​ តាម​វិធី​នេះ​អ្នក​នឹង​បាន​ទៅ​ដល់​ព្រះ​និព្វាន​»​ ។​ (ធម្មបទ​ឥណ្ឌា​លេខ​៣៦៩)​ ។​

តែ​ពីរ-បីខែ​ក្រោយពី​ព្រះពុទ្ធ​បរិនិព្វាន​ទៅ​ មាន​ប្រជុំ​សង្ឃ​ដ៏​ធំ​មួយ​ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា​បឋម​សង្គាយ​នាប្រព្រឹត្ដ​ទៅ​នៅ​ឯគុហារ​ឈ្មោះ​ថា​ សប្ដបារនី​នៅ​ជិត​ក្រុង​រាជ​គ្រឹះ​(សព្វថ្ងៃ​ហៅ​ថា​ រ៉ាជគៀរ​)​ ។​ នៅ​ពេល​នោះ​ ធម៌​របស់​ព្រះពុទ្ធ​ត្រូវ​បាន​ប្រមូលផ្ដុំ​ចង​ក្រង​ជា​លើក​ដំបូង​ ។​ ទុតិ​យសង្គាយនា​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្រុង​វេសាលី​ នៅ​ក្នុង​រយៈ​ពេល​១០០​ឆ្នាំ​ក្រោយ​មក​ទៀត​ ។​​​ តតិ​យសង្គាយ​នាបាន​ត្រូវ​ធ្វើ​ឡើង​នៅ​ក្រុង​បត្ដ​លី​បុត្រ​(សព្វថ្ងៃ​ហៅ​ថា​ ប៉ាត់​ តាក់​ណា​)​ ក្រោម​ការ​ឧបត្ថម្ភ​របស់​ព្រះ​បាទ​ធម្មាសោក​​ ដែល​ពេល​នោះ​បុត្រ​របស់​ព្រះ​អង្គ​នាម​មហិន្ត្រា​ និង​បុត្រី​នាម​សង្ឃ​មិត្រា​ ត្រូវ​បាន​បញ្ជូន​ឱ្យ​ទៅ​ផ្សព្វផ្សាយ​ពុទ្ធ​សាសនា​នៅ​សិរី​លង្កា​ ។ ​

ព្រះ​បាទ​ធម្មាសោក​ ដែល​សោយ​រាជធានី​ពី​ឆ្នាំ​២៦៨​ដល់​ឆ្នាំ​២៣៩​ មុន​គ្រឹស្ដសករាជ​ ព្រះ​អង្គ​បាន​ប្រែ​មក​គោរព​ប្រតិបត្តពុទ្ធ​សាសនា​ នៅ​ពេល​ដែល​ព្រះអង្គ​បាន​មាន​វិបត្ដ​មនសិការ​​ ក្រោយពី​ការ​ឈ្នះ​សង្គ្រាម​បង្ហូរឈាម​មួយ​នៅ​នគរក្លឹង​ (សព្វ​ថ្ងៃ​ឥណ្ឌា​ភាគ​អាគ្នេយ៍​ ក្នុង​រដ្ឋ​អូរិស្សា​)​ ដែល​ក្នុង​សង្គ្រាម​នោះ​ជីវិត​ជន​ស្លូត​ត្រង់​រាប់​ពាន់​ ម៉ឺុន​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​គ្មាន​មេត្តា​ ។​ ក្រោយ​ពី​បាន​ថ្វាយ​ខ្លួន​ចូល​ជា​ពុទ្ធបរិស័ទ​ជឿជាក់​ក្នុង​ធម៌​របស់​ព្រះពុទ្ធ​នៅ​២៦០​ឆ្នាំ​មុន​គ្រឹស្ដសករាជ​មក​ ព្រះបាទ​ធម្មាសោក​ក៏​បាន​ដឹក​នាំ​ប្រទេស​របស់​ព្រះអង្គ​តាម​ផ្លូវ​ព្រះធម៌​ដោយ​អហិង្សា​ និង​យុត្តិធម៌​ ។​ ព្រះ​អង្គ​បាន​ចាត់​ចែង​លើក​ស្ទួយ​ពុទ្ធ​សាសនា​យ៉ាង​ខ្លាំង​ក្លា​នៅ​ដែន​អាណា​ចក្រ​ដ៏​ធំ​ធេង​របស់​ទ្រង់​ ។​

ក្នុង​អំឡុង​ប៉ុន្មាន​រយ​ឆ្នាំ​ ក្រោយ​ព្រះពុទ្ធ​សម​ណគោតម​ចូល​បរិនិព្វាន​ទៅ​ កើត​មាន​សាលា​សិក្សា​ធម្មវិន័យ​ពុទ្ធ​សាសនា​ជា​ច្រើន​ រួម​មាន​ទាំង​សាលា​សិក្សា​ពុទ្ធ​សាសនា​មហា​យាន​ផង​ ។​ ក្នុង​ប្រទេស​សិរី​លង្កា​ មាន​បើក​សាលា​សិក្សា​ធម្មវិន័យ​ពុទ្ធ​សាសនា​ ដោយ​ព្រះថេរៈ​ទាំង​ឡាយ​ និង​ដោយ​មាន​ព្រះ​រាជា​ដែល​មាន​ឥទ្ធិពល​(១១៥៣-​៨៦​មុន​គ្រឹស្ដសករាជ​)​ ជា​ពុទ្ធ​សាសនូ​បត្ថម្ភក៍ ។​ ក្រោយ​មក​ព្រះ​សង្ឃ​សិរី​លង្កា​បាន​នាំ​ពុទ្ធ​សាសនា​ថេរវាទ​(​ហីនយាន​)​ មក​កាន់​ប្រទេស​ភូមា​ ហើយ​ក្រោយ​មក​ទៀត​ ព្រះធម៌​របស់​ព្រះ​សក្យមុនី​បាន​ចូល​មក​ប្រទេស​កម្ពុជា​ និង​លាវ​ជា​បន្ដ​បន្ទាប់​ ។​

ព្រះពុទ្ធ​សាសនា​បាន​ផ្សាយ​ទៅដល់​ប្រទេស​ចិន​ តាម​រយៈ​ពួក​អ្នក​ជំនួញ​៥០​ឆ្នាំ​មុន​គ្រិស្ដ​សករាជ​ បន្ទាប់​មក​ទៅ​ដល់​ប្រទេស​កូរ៉េ​ទៀត​ ។​ រួច​ហើយ​ក៏​ផ្សព្វ​ផ្សាយ​ទៅ​ដល់​ប្រទេស​ជប៉ុន​នៅ​សតវត្សរ៍​ទី​៦​​ ។​ និកាយ​ «​ហ្សិន​»​ ដែល​ជា​ផ្នែក​ទស្សនៈ​វិជ្ជា​ពុទ្ធ​សាសនា​មហាយាន​ បាន​កកើត​នៅ​ជប៉ុន​ក្នុង​សតវត្សរ៍​ទី​១២​ ។​ ហ្សិន​ ជា​ពាក្យ​ជប៉ុន​ ពាក្យ​ចិន​ថា​ «ចា អាន»​ មក​ពី​សំស្ក្រឹត​ថា​ «​ធ្យាន​»​​ (ឈាន​គឺ​ការ​ចម្រើន​សមាធិ​ ភាវនា)​ ។​

នៅ​សតវត្សរ៍ទី៨​ ពុទ្ធ​សាសនា​បាន​សាយ​ភាយទៅដល់​ទឹក​ដី​ទីបេ​ បន្ទាប់​មក​ម៉ុង​ហ្គោលី​ ។​ នៅ​ទីបេ​និកាយ​១ទៀត​ឈ្មោះ​ពេជ្រ​យាន​​ (Vajrayana) ក៏​បាន​កកើត​ឡើង​ ។​ យាន​នេះ​ត្រូវ​បាន​គេពណ៌​នា​ថា​រួម​បញ្ចូល​ទាំង​ទ្រឹស្ដី​ថេរវាទ​ និង​មហា​យាន​ ព្រម​ទាំង​មាន​ដាក់​ទ្រឹស្ដី​គម្ពីរ​តន្ដ្រៈ​បញ្ចូល​ផង​ ។​ ពុទ្ធ​សាសនា​ត្រូវ​រង​គ្រោះ​ដោយ​សារ​ការ​ចូល​ឈ្លាន​ពាន​របស់​ពួក​មូស្លុីម​មក​ពី​ប្រទេស​តួក​គី​ នៅ​សតវត្សរ៍​ទី​១០​​ ។​ ពេល​នោះ​វត្ដ​អារាម​ទាំង​ឡាយ​របស់​ពុទ្ធ​សាសនា​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ចោល​ទាំង​ស្រុង​ ។​

ចាប់​តាំង​ពី​ពេល​នោះ​មក​ ពុទ្ធ​សាសនា​មិន​បាន​ត្រឡប់​មក​កាន់​ដែន​ដី​កំណើត​របស់​ព្រះ​សក្យមុនី​ក្នុង​ទ្រង់​ទ្រាយ​ធំ​ និង​ពេញ​កម្លាំង​វិញ​ឡើយ​ ។​ នៅ​ឥណ្ឌា​សម័យ​បច្ចុប្បន្ន​នេះ​ពុទ្ធ​សាសនា​នៅ​រស់​រាន​តែ​ក្នុង​តំបន់​ភ្នំហេមពាន្ដ​ប៉ុណ្ណោះ​ ។​ ក៏​ប៉ុន្ដែ​យ៉ាង​ណា​ក៏ដោយ​ ការ​មក​ដល់​នៃ​សម្ដេច​សង្ឃ​ទីបេ​ ដាឡៃ​ឡាម៉ា​ទី​១៤​ នៅ​ឆ្នាំ​១៩៥៩​​ ក្រោយ​ពី​ការ​តាម​ចាប់​ខ្លួន​របស់​ចិន​​ ដែល​នាំ​ឱ្យ​មាន​រដ្ឋា​ភិបាល​និរទេស​ទីបេ​នៅ​ភាគ​ខាង​ជើង​ឥណ្ឌា​មក​ ក៏​មាន​ការ​បង្កើត​វត្ដ​អារាម​រាប់​រយវត្ដ​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា​ ។​ ការនេះ​បាន​នាំ​ឱ្យ​ពុទ្ធ​សាសនា​អាច​រស់​ឡើង​វិញ​ ហើយ​វត្ដ​អារាម​ចាស់​ខ្លះៗ​ក៏ត្រូវ​បាន​កសាង​ឡើង​វិញ​ ជា​ពិសេស​នៅ​តំបន់​ភាគ​ខាង​លិច​ជួរភ្នំ​ហេម​ពាន្ដ​ និង​ម៉្យាង​ទៀត​ ក៏​ដោយ​មាន​ពួក​អ្នកធុញ​ទ្រាន់​នឹង​ការ​ប្រកាន់​វណ្ណៈ​ ហើយ​លះបង់​ចោល​ជំនឿ​ហិណ្ឌូ​ ខ្លះៗ​មក​ចូល​រួម​ផង​ ។​

នៅ​ដើម​សតវត្សរ៍​ទី​១៩​ ទស្សនវិជ្ជា​ពុទ្ធ​សាសនា​បាន​ជ្រាប​ចូល​ទៅ​ដល់​ទ្វីប​អឺរ៉ុប​ តាម​រយៈ​ពួក​អ្នកធ្វើ​អាណា​និគម​ ពួក​បញ្ញវន្ដ​ ។​ ពួក​ទេសចរ​ អ្នកធ្វើ​ដំណើរ​មក​ពី​ទ្វីប​អឺរ៉ុប​ និងអាមេ​រិក​ខាង​ជើង​ ដែល​បាន​មក​កាន់​ប្រទេស​គោរព​ពុទ្ធ​សាសនា​ក៏​បាន​ជ្រួតជ្រាប​ និង​កាន់​តាម​ទ្រឹស្ដី​ធម៌​របស់​ព្រះពុទ្ធ​ ។​ ម៉្យាងទៀត​ ក៏មាន​ពហុសូត្រ​ បញ្ញវន្ដ​ពុទ្ធ​សាសនា​ពី​អាស៊ី​ទៅ​កាន់​ទី​នោះ​ ជា​រឿយ​ៗ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ផ្សព្វផ្សាយ​អំពី​ពុទ្ធ​សាសនា​ ហើយ​បន្ទាប់​ម​ក​ក៏​មាន​បង្កើត​ជា​មណ្ឌល​ វត្ដ​អារាម​ពុទ្ធ​សាសនា​​​ ដែល​មាន​សហគមន៍​ពុទ្ធ​បរិស័ទ​ ទាំង​បព្វជិត​ និង​គ្រហស្ថ​គោរព​ប្រតិបត្ដិ​តាម​ធម៌​របស់​ព្រះពុទ្ធ​កាន់​តែ​មាន​ចំនួន​កើន​ឡើង​ជា​បន្ដ​បន្ទាប់​ផង​ដែរ​នៅ​ទីនោះ​ ៕​
ស្រង់​ចេញ​ពី​ទស្សនាវដ្ដី​ឥណ្ឌាសង្ខេប