ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលរង​ខេត្តស្ទឹងត្រែង ជំរុញ​ឱ្យ​ព​ន្លឿ​ន​ការ​វាស់វែង​ដីធ្លី​ជា​ប្រព័ន្ធ​ឱ្យទាន់​ផែនការ ៦​ខែ

11 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ អាជ្ញាធរ​ខេត្តស្ទឹងត្រែង បាន​និង​កំពុង​ជម្រុញ​យ៉ាង​ខ្លាំង​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ឱ្យ​បង្កើន​ល្បឿន​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ក្នុង​គោលដៅ​សម្រេច​ឱ្យ​បាន​តាម​ផែនការ​រយៈពេល ៦​ខែ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។

នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​រដ្ឋបាល ស្តី​ពី​ការកំណត់​ព្រំប្រទល់​រដ្ឋបាល ទំហំ​ផ្លូវ អូរ បឹង ព្រែក និង​ប្រឡាយ ក្នុង​តំបន់​វិនិច្ឆ័យ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ កាលពី​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៦ ន្ល​ង​ទៅ​នេះ លោក ប៉ែន លី​ណាត អភិបាលរង​ខេត្តស្ទឹងត្រែង បាន​សង្កត់ធ្ងន់​ថា ពេលវេលា​ដែល​នៅ​សល់​តាម​ផែនការ​គឺ​មាន​ខ្លី​បំផុត​។ ដូចនេះ មន្ត្រី​ជំនាញ​ត្រូវ​សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ព​ន្លឿ​ន​ការងារ​នេះ សំដៅ​ចែក​ប័ណ្ណកម្មសិទ្ធិ (​ប្លង់​រឹង​)​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​គ្រប់​ៗ​គ្រួសារ​។

លោក​អភិបាលរង​ខេត្ត បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋា​ន និង​មន្ត្រី​ជំនាញ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការកំណត់​ដី​ចំណី​ឱ្យ​បាន​ច្បាស់លាស់ មុន​នឹង​ធ្វើការ​ចុះបញ្ជី​ដីធ្លី គឺ​ត្រូវ​កំណត់​ព្រំប្រទល់​ដី​ចំណី​អូរ បឹង ព្រែក ប្រឡាយ និង​ដី​តាម​ជួរ​មាត់ទន្លេ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​។ ត្រូវ​ប្រើ​យុទ្ធសាស្ត្រ​ឆ្លៀតឱកាស​នេះ បើក​ពង្រីក​ផ្លូវ​ក្នុងភូមិ និង​ផ្លូវ​អាទិភាព​នានា​ឱ្យ​បាន​ធំ​ទូលាយ​តាម​លទ្ធភាព​ជាក់ស្តែង ដើម្បី​បម្រើ​ដល់​ការ​អភិវឌ្ឍ និង​សេចក្តី​ត្រូវការ​ទៅ​ថ្ងៃ​អ​នាគត​។

ពាក់ព័ន្ធ​ទៅ​នឹង​ការងារ​បច្ចេកទេស លោក ឈា ប៊ុ​ន​ឡា ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​សៀម​ប៉ា​ង បាន​បញ្ជាក់​ថា ក្រុមការងារ​ជំនាញ​បាន​អនុវត្ត​តាម​ច្បាប់​និងអនុក្រឹត្យ​ជា​ធរមាន ព្រមទាំង​បាន​ពន្យល់​ណែនាំ​ដល់​ប្រជាពលរដ្ឋ ធ្វើ​ឱ្យ​ពួក​គាត់​មានការ​យល់​ដឹង​ច្បាស់លាស់ និង​ចូលរួម​សហការ​យ៉ាង​រលូន ក្នុង​ការ​បើកផ្លូវ និង​កំណត់​ទីតាំង​ដីធ្លី​។

ទាក់ទិន​កិច្ច​ប្រឹងប្រែង​ការងារ​ខាងលើ ជា​លទ្ធផល​នៃ​កិច្ចប្រជុំ គណៈកម្មការ​រដ្ឋបាល​បាន​ឯកភាព​សម្រេច​លើ​លទ្ធផល​សិក្សា​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ នៅ​ក្នុងភូមិ​មួយ​ចំនួន​នៃ​ស្រុក​សៀម​ប៉ា​ង និង​ស្រុក​សៀម​បូក ដើម្បី​ត្រៀម​ប្រកាស​ជា​តំបន់​វិនិច្ឆ័យ និង​ចែក​ប័ណ្ណកម្មសិទ្ធិ​ជូន​ពលរដ្ឋ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ រួម​មាន​៖

១. ស្រុក​សៀម​ប៉ា​ង (​ឃុំ​ព្រែក​មាស​) ភូមិ​ពងគ្រៀល​.​ភូមិ​ខិះ​ស្វាយ​.​ភូមិ​ខិះ​ក្រោម
២. ស្រុក​សៀម​បូក ឃុំ​អូរ​ម្រះ​៖ ភូមិ​កោះ​ជ្រី​ម និង​ភូមិ​អូរ​ឡង់ ឃុំ​សៀម​បូក​៖ ភូមិ​សៀម​បូក

ទន្ទឹម​នឹង​នេះ​អាជ្ញាធរ​ក៏​បាន​ណែនាំ​បន្ថែម​៖​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​-​ឃុំ ខាងលើ សូម​រៀបចំ​ឯកសារ​ពាក់ព័ន្ធ (​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់​នៅ ឬ​លិខិត​ទិញ​លក់​/​ផ្ទេរសិទ្ធិ​ដីធ្លី​ដែល​មាន​ស្រាប់​) និង​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​ការ​ចង្អុលបង្ហាញ​ព្រំ​ដី ដើម្បី​ឱ្យ​ដំណើរការ​ចុះបញ្ជី និង​ការ​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់ (​ប្លង់​រឹង​) ប្រព្រឹត្ត​ទៅ​បាន​លឿន និង​ត្រឹមត្រូវ​៕