ក្រុងញូវយ៉ក ៖ បេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានប្រកាសនាព្រឹកថ្ងៃទី២៩ ខែឧសភានេះថា ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានសម្របសម្រួលការអញ្ជើញចូលរួមរបស់ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមមិត្តនៃអភិបាលកិច្ចសកល នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្ដាលអ.ស.ប. នាទីក្រុងញូវយ៉ក ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមប្រធានបទ ៖ «ការកែទម្រង់ និងលើកកម្ពស់អភិបាលកិច្ចសកល ៖ ធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល» ដោយមានការចូលរួមថ្លែងសុនុ្ទរកថាបើកដោយឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ Amina J. Mohammed អគ្គលេខាធិការរងអ.ស.ប. និងជាប្រធានក្រុមអភិវឌ្ឍន៍ប្រកបដោយចីរភាពអ.ស.ប. ព្រមទាំងមានការចូលរួមពីតំណាងផ្សេងទៀតមកពីរដ្ឋសមាជិកអ.ស.ប. ។

ក្នុងឱកាសខាងលើឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងគូសបញ្ជាក់ពីភាពចាំបាច់នៃការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចសកល ដើម្បីឆ្លើយតបទៅនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ ការប្រែប្រួលអាកាសធាតុ ការធ្លាក់ចុះនៃសេដ្ឋកិច្ច និងបញ្ហាប្រឈមសកលថ្មីៗ ។

ឯកឧត្តម ក៏បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការប្រកបដោយបរិយាបន្ន ផ្អែកលើវិធាន និងផ្តោតលើប្រជាជន ព្រមទាំងការបង្កើនតួនាទី និងសំឡេងរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ។
ដោយផ្អែកលើបទពិសោធន៍ផ្ទាល់របស់កម្ពុជាពីសង្គ្រាមឆ្ពោះទៅកាន់សន្តិភាព ឯកឧត្តម បានសង្កត់ធ្ងន់ លើការសន្ទនា ការទូត និងសកម្មភាពរួម គឺជាមាគ៌ាចាំបាច់ដើម្បីឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕


ចែករំលែកព័តមាននេះ