សមត្ថកិច្ចបង្ក្រាបទីតាំងសណ្ឋាគារ «៦៦៦៨» នៅផ្លូវណតប្រ៊ីត ឃាត់ខ្លួនចិន៦នាក់ សង្ស័យករណី Online scams
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្នុងប្រតិបត្តិការបង្ក្រាបនៅទីតាំងសណ្ឋាគារ «៦៦៦៨» ផ្លូវណតប្រ៊ីត ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចបានរកឃើញបទល្មើសជាច្រើនករណី ព្រមទាំងឃាត់ខ្លួនជនជាតិចិនចំនួន០៦នាក់ ពាក់ព័ន្ធនឹងការស្នាក់នៅខុសច្បាប់គ្រឿងញៀន និងសង្ស័យប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា។ នេះបើតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ។

ប្រភពបានលើកឡើងថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមការបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ , ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់លោក លី គីមស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមសហការពីកម្លាំងចម្រុះអាជ្ញាធរខណ្ឌសែនសុខ ។
ក្នុងចំណោមជនជាតិចិនទាំង៦នាក់នោះ ២នាក់មានលិខិតឆ្លងដែនចំនួន (១នាក់ផុតទិដ្ឋាការស្នាក់នៅ) ២នាក់គ្មានលិខិតឆ្លងដែនចំនួន និង២នាក់ទៀត ប្រើលិខិតឆ្លងដែនក្លែងក្លាយ ។ជាមួយគ្នានេះ សមត្ថកិច្ចដកហូតសម្ភារវត្ថុតាង នៅជាន់ទី០៥ បន្ទប់ដាក់សម្ភារមានកុំព្យូទ័រយួរដៃចំនួន០៣គ្រឿង ទូរស័ព្ទដៃចំនួន៧៤រឿង អេក្រង់ (MONITOR) ចំនួន០១គ្រឿង ។

នៅជាន់ទី០៥ បន្ទប់លេខ៥០១ រកឃើញក្រាមពណ៌.សសង្ស័យគ្រឿងញៀនចំនួន០១កញ្ចប់, ថ្នាំគ្រាប់ពណ៌ផ្កាឈូកមានអក្សរWY សង្ស័យជាគ្រឿងញៀនចំនួន១៤គ្រាប់, ក្រដាសអាលុយមីញ៉ូមសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, គ្រាប់អាវុធខ្លីចំនួន០៥គ្រាប់ , អត្តសញ្ញាណប័ណ្ណប៉ូលិសចិនលេខ២១១៣០២ ចំនួន០១សន្លឹក ,លិខិតឆ្លងដែនជនជាតិចិនលេខEH3527172 ជារបស់ឈ្មោះXU HAO ចំនួន ០១ក្បាល និងឯកសណ្ឋានកងរាជអាវុធហត្ថចំនួន០៤កំប្លេ ។
យោងតាមការធ្វើកោសល្យវិច្ច័យលើសម្ភារៈវត្ថុតាងឧបករណ៍អេឡិចត្រូនិច (កុំព្យូទ័រ និងទូរស័ព្ទដៃ) របស់សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំង បទល្មើសបច្ចេកវិទ្យាសន្និដ្ឋានបានថា ទីតាំងខាងលើជាប់ពាក់ព័ន្ធករណី រក្សាទុកឧបករណ៍សង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។បច្ចុប្បន្ននេះ ជនជាតិចិនចំនួន០៣នាក់ ពាក់ព័ន្ធនឹងករណីស្នាក់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ (ផុតទិដ្ឋាការស្នាក់នៅ០១នាក់ និងគ្មានលិខិតឆ្លងដែន០២នាក់) ប្រគល់ជូនទៅការិយាល័យស៊ើបអង្កេត និងអនុវត្ដនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ត។

ចំពោះជនជាតិចិនចំនួន០៣នាក់ ជនជាតិចិន០១នាក់ (អ្នកគ្រប់គ្រងសណ្ឋាគារ៦៦៦៨) និងជនជាតិចិនចំនួន០២នាក់ (កាន់លិខិតឆ្លងដែនក្លែងក្លាយ) ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តនីតិវិធីបន្ត ។
ចំណែកឯសម្ភារវត្ថុតាងស្ថិតក្នុងបន្ទប់លេខ៥០១ ប្រគល់ជូនការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ត ខណៈដែលសម្ភារនិងវត្ថុតាងស្ថិតក្នុងបន្ទប់ដាក់សម្ភារប្រគល់ជូនការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវបទល្មើសបន្ថែម។
ក្នុងករណីនេះ ឈ្មោះ CHEN GUILIN ភេទប្រុស ជនជាតិចិន ត្រូវជាអ្នកគ្រប់គ្រងសណ្ឋាគារ៦៦៦៨ បានយល់ព្រមឲ្យសមត្ថកិច្ចធ្វើការផាកពិន័យចំពោះករណីដែលបានអនុញ្ញាតឲ្យជនជាតិចិនចំនួន០៣នាក់ (ប្រុស) ស្នាក់នៅទីតាំងខាងលើ។
សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងនគរបាលជាតិ ត្រូវបន្តយុទ្ធនាការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ជាដាច់ខាត ដើម្បីរក្សាសន្តិសុខសង្គម និងការពាកេរ្តិ៍ឈ្មោះ ប្រទេសជាតិលើឆាកអន្តរជាតិ៕

ចែករំលែកព័តមាននេះ