រាជធានីភ្នំពេញ ៖ បុរស ២នាក់ ម្នាក់សន្លប់ និងម្នាក់ទៀតរងរបួសស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង ៤ និង ៤៥នាទី ទៀបភ្លឺឈានចូលថ្ងៃទី១១ មិថុនា ២០១៣ នៅចំណុចផ្លូវ៣៦០ កែងផ្លូវ៦៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តដេវ៉ូដឹកទំនិញធុនតូច ពណ៌ស អត់ចាំស្លាកលេខ ១គ្រឿង បានធ្វើដំណើរតាមផ្លូវ៣៦០ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចផ្លូវកែងលេខ៦៣ ក៏បានបុកពីក្រោយជាមួយម៉ូតូយ៉ាម៉ាហា ១គ្រឿង អត់ស្លាកលេខ ជិះគ្នា ២នាក់ បណ្តាលឱ្យដួល បុរសម្នាក់រងរបួសស្រាល និងម្នាក់ទៀតសន្លប់ ស្រាប់តែមួយសន្ទុះក្រោយមកដឹងខ្លួនឡើងក៏រត់គេចបាត់ទាំងពីរនាក់តែម្តង សង្ស័យជាចោរដើរទាក់ឆ្កែពេលយប់ ព្រោះបានបន្សល់ទុកឆ្កែ ១បាវ និងម៉ូតូ ១គ្រឿង ។
ក្រោយកើតហេតុ សមត្ថកិច្ចបានយកម៉ូតូ និងឆ្កែ ១បាវ នោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមន ៕
ចែករំលែកព័តមាននេះ