ក្រុងប៉ោយប៉ែត ៖ ព័ត៌មានជំហានដំបូងបានឱ្យដឹងថា រថយន្តបុកគ្នាបន្តកន្ទុយ៤តង់ បណ្តាលឱ្យក្រពឹតរួញជាប់គ្នា មើលទៅគួរឱ្យរន្ធត់ និងបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ និង២៥នាទីល្ងាចថ្ងៃទី១០ មិថុនា ២០១៣ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
សម្រាប់អ្នកស្លាប់ និងរបួសមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែពេលនេះប៉ូលិសកំពុងតែចុះទៅកាន់កន្លែងដែលកើតហេតុអាក្រក់នោះហើយ រីឯមនុស្សម្នាកំពុងចោមរោមមើលយ៉ាងកកកុញ គេឃើញរថយន្តកាមរីដែលនៅចំកណ្តាលគឺខ្ទេចទាំងស្រុង ខ្លះទៀតក្រឡាប់ផ្ងារជើង និង២គ្រឿងទៀតខ្ទេចខាងមុខ ដែលមើលទៅគួរឱ្យរន្ធត់ ។
បើតាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ដំបូងគេឃើញរថយន្តកាមរីមកពីទិសខាងកើត ហើយរថយន្តតាកូម៉ា រថយន្តឡង់គ្រីស្ស័រ និងរថយន្តដឹកស៊ីម៉ង់ត៍ជិះទៅទិសខាងលិច មកដល់ចំណុចផ្លូវបំបែកជា៣មុខស្ថានីយប្រេងឥន្ធនៈតេលា មិនដឹងមូលហេតុអ្វី ក៏ស្រាប់តែរថយន្តទាំងនោះបុកគ្នាពេញទំហឹងតែម្តង ៕
ចែករំលែកព័តមាននេះ