ខេត្តប៉ៃលិន ៖ យុវជន២នាក់បានរងរបួសធ្ងន់ និងម្នាក់ទៀតរបួសស្រាលដោយសារជិះម៉ូតូបុករថយន្តដែលបើកបត់ឆ្វេងមិនមើលក្រោយពេញទំហឹង កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១០ មិថុនា ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
ជនរងគ្រោះទាំង៣នាក់ ១-ឈ្មោះសាត ពេជ្រ អាយុ១៩ឆ្នាំ ជាអ្នកបើកម៉ូតូម៉ាកឌ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ របួសធ្ងន់បែកក្បាល និងរយះជើងទាំងសងខាងសន្លប់នៅនឹងកន្លែង ២-ឈ្មោះមាស វុធឈៀង អាយុ២១ឆ្នាំ របួសជើងខាងស្តាំសន្លប់នឹងកន្លែង និង៣-មិនស្គាល់ឈ្មោះ ទាំងបីនាក់រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ ចំណែកអ្នកបើកបររថយន្តបង្កហេតុឈ្មោះរស់ មករា ភេទប្រុស អាយុ២៥ឆ្នាំ បើករថយន្តម៉ាកកាមរីឆ្លាមពណ៌ប្រផេះ។
តាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកាមរីឆ្លាមពណ៌ប្រផេះធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះដល់កន្លែងកើតហេតុរថយន្តក៏បត់ឆ្វេងមិនមើលក្រោយ គឺស៊ីញ៉ូភ្លាមបត់ភ្លាម ស្រាប់តែមានម៉ូតូ១គ្រឿងជិះគ្នា៣នាក់បើកមកពីក្រោយចាប់ហ្វ្រាំងមិនទាន់បុកពេញទំហឹងតែម្តងបណ្តាលឱ្យបុរស២នាក់របួសធ្ងន់សន្លប់នៅនឹងកន្លែង និងម្នាក់ទៀតរបួសស្រាល ចំណែកម៉ូតូរងការខូចខាតធ្ងន់ រីឯរថយន្តខូចខាតបន្តិចបន្តួច។
ក្រោយពេលកើតហេតុអ្នករងរបួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯរថយន្ត និងម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីដោះស្រាយ៕
ចែករំលែកព័តមាននេះ