ពិព័រណ៍ទីផ្សារការងារដ៏ធំមួយ នឹងត្រូវប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី៨ មិថុនា ២០១៣ ក្នុងបរិវេណនៃវិទ្យាស្ថានភាសាបរទេស (IFL) រយៈពេល១ថ្ងៃពេញ ដោយមានការចូលរួមដាក់តាំងបង្ហាញទម្រង់ការងារពីក្រុមហ៊ុនឯកជនធំៗប្រមាណ៤០សម្រាប់បើកផ្លូវដល់និស្សិតដែលអត់ការងារធ្វើស្វែងយល់ និងប្រើឱកាសនេះដើម្បីចាប់យកការងារ។
ការតាំងពិព័រណ៍ទីផ្សារការងារនេះ ដើម្បីបង្ហាញពីការស្វែងរកបុគ្គលិកជំនាញដែលក្រុមហ៊ុនជាច្រើនកំពុងមានតម្រូវការ និងជាការបង្កើនល្បឿនចំណេះដឹងក្នុងការស្វែងរកការងាររបស់សិស្ស និស្សិតដែលខ្វះបទពិសោធន៍ ។ ពិព័រណ៍ការងារនេះ ជាការឆ្លើយតបទៅនឹងនិស្សិតពីមួយជំនាន់ទាំងទៅមួយជំនាន់បានបញ្ចប់ការសិក្សា និងមិនទាន់បញ្ចប់ការសិក្សា ដែលត្អូញត្អែរពីការលំបាកក្នុងការស្វែងរកការងារធ្វើ និងមានហេតុផលជាច្រើន ខណៈទីផ្សារការងារកម្ពុជាមានលក្ខណៈតូចចង្អៀតនៅឡើយ ។
លោកឡេង ចាន់ប្រាថ្នា ជាប្រធានក្រុមហ៊ុន The Career of Sea និងជាអ្នករៀបចំការតាំងពិព័រណ៍ការងារនេះបានផ្តល់បទសម្ភាសន៍ជាមួយមហាគ្រួសារថា ក្រុមហ៊ុនលោកនឹងចូលរួមបើកឱកាសការងារឱ្យនិស្សិត ក្នុងពិធីតាំងពិព័រណ៍ការងារនោះ មិនតែប៉ុណ្ណោះមានការចូលរួមពីសំណាក់ក្រុមហ៊ុនជាច្រើនទៀត បើកឱកាសឱ្យនិស្សិតស្វែងរកការងារធ្វើឱ្យបានឆាប់កាន់តែច្រើន និងបន្ថែមព័ត៌មានអំពីវិធីសាស្ត្រ ដើម្បីចូលរួមប្រឡូកក្នុងវិស័យការងារក្នុងប្រទេស។ ពិព័រណ៍ការងារនេះ មានការពិគ្រោះយោបល់អំពីផលវិបាកនៃការស្វែងរកការងារ និងបញ្ហាជាច្រើនទៀតដែលជាឧបសគ្គរាំងស្ទះដំណើរការរកការងារធ្វើរបស់ពលរដ្ឋ និងនិស្សិត។
លោកប្រាថ្នាបានមានប្រសាសន៍ថា ការចូលរួមរបស់ក្រុមហ៊ុនក្នុងការពិព័រណ៍ការងារលើកនេះ គឺចង់បាននិស្សិតដែលចង់ស្វែងរកការងារធ្វើ និងដើម្បីបំពេញតម្រូវការការងាររបស់ក្រុមហ៊ុនភ្ជាប់ជាមួយនិស្សិត ។ និស្សិតគ្រប់សាកលវិទ្យាល័យអាចចូលរួមដោយសេរី ដើម្បីស្វែងយល់ពីរបៀបស្វែងរកការងារធ្វើ និងទទួលបានបទពិសោធន៍ជាច្រើនជាមួយក្រុមហ៊ុនឯកជននានា។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៥ ប្រទេសកម្ពុជា នឹងធ្វើសមារណកម្មអាស៊ាន អញ្ចឹងហើយទីផ្សារការងារនឹងកាន់តែមានលក្ខណៈស្មុគស្មាញចំពោះអ្នកមិនមានចំណេះដឹង និងសមត្ថភាពមិនគ្រប់គ្រាន់ ពីព្រោះតែនិស្សិតដែលមានជំនាញនៅបណ្តាប្រទេសអាស៊ាននឹងរុលចូលមកស្វែងរកការងារធ្វើក្នុងប្រទេសកម្ពុជាយើងផងដែរ ៕
ចែករំលែកព័តមាននេះ