កាសែត THE GUARDIAN និងកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍រាយការណ៍កាលពីថ្ងៃទី៩ មិថុនាថា អតីតអ្នកបច្ចេកទេសរបស់ CIA អាយុ២៩ឆ្នាំម្នាក់ គឺជាប្រភពនៃការបែកធ្លាយរឿងសម្ងាត់ដែលអាចឱ្យកាសែតទាំង២នោះលាតត្រដាងពីវត្តមាននៃកម្មវិធីយ៉ាងសម្ងាត់បំផុតរបស់បណ្តាភ្នាក់ងារសម្ងាត់អាមេរិក ។
កាសែត GUARDIAN ព្រមទាំងកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បានចេញផ្សាយកាលពីថ្ងៃទី៦ មិថុនាកន្លងមកនេះ ពីព័ត៌មានដ៏មហាសម្ងាត់ទាំងឡាយរបស់ទីភ្នាក់ងារសន្តិសុខជាតិ NSA ដែលពន្យល់ថា តើក្នុងក្របខណ្ឌកម្មវិធីសម្ងាត់បំផុត ហៅកម្មវិធី PRISM NSA ប្រមូលទិន្នន័យទាំងឡាយតាមទូរស័ព្ទ ឬតាមអីុនធើរណេត មកពីក្រុមហ៊ុនទាំងឡាយដូចជា ក្រុមហ៊ុនVERIZON GOOGLE APPLE និង FACEBOOK តាមបែបណា ។
កាលពីថ្ងៃទី៩មិថុនា កាសែតGUARDIAN ពន្យល់ថា ប្រភពរបស់ខ្លួនគឺលោក EDWARD SNOWDEN បានស្នើឱ្យកាសែតនេះលាតត្រដាងអត្តសញ្ញាណរបស់គេ ដើម្បីឱ្យសាធារណមតិដឹងពីអ្វីដែលកើតមានក្នុងនាមរបស់គេ ។ លោក EDWARD SNOWDEN អតីតជំនួយការបច្ចេកទេសរបស់ CIA បានធ្វើការជាមួយ NSA ក្នុងឋានៈជានិយោជិតរបស់ក្រុមហ៊ុនការពារ BOOZ ALLEN HAMILTON។ ពេលនេះរូបគេស្ថិតក្នុងសណ្ឋាគារមួយនៃក្រុងហុងកុង ក្រោយរត់ចាកចេញពីសហរដ្ឋអាមេរិកជាមួយបណ្តាឯកសារសម្ងាត់ ។
ការលាតត្រដាងអំពីកម្មវិធីសម្ងាត់ PRISM ញ៉ាំងឱ្យមានការជជែកដេញដោលគ្នាយ៉ាងខ្លាំងនៅសហរដ្ឋអាមេរិក និងនៅឯបរទេស អំពីអំណាចដ៏ខ្លាំងរបស់ NSA ។ ទីភ្នាក់ងារនោះបានបង្កើនយ៉ាងខ្លាំងនូវកម្មវិធីត្រួតពិនិត្យទាំងឡាយរយៈពេល១០ឆ្នាំចុងក្រោយនេះ ។ ក៏ប៉ុន្តែអាជ្ញាធរអាមេរិកអះអាងថា NSA ធ្វើប្រតិបត្តិការក្នុងរង្វង់ច្បាប់ ។ តាមពិតទៅ NSA អាចចាប់រាល់ការសន្ទនាតាមទូរស័ព្ទ និងអាចចាប់រាល់ការទាក់ទងតាមបែបអេឡិចត្រូនិកអីុនធើរណេត ព្រោះគេមានបង្កើតេហដ្ឋារចនាសម្ព័ន្ធមួយអាចចាប់បានស្ទើរគ្រប់អ្វីទាំងអស់ ៕
ចែករំលែកព័តមាននេះ