លោក YOUSSEF AL MANGOUCH នាយសេនាធិការកងទ័ពលីប៊ីបានសុំលាលែងចេញពីតំណែង កាលពីថ្ងៃទី៩ មិថុនា ក្រោយការប៉ះទង្គិចបង្ហូរឈាមគ្នារវាងពួកជីវពលមួយក្រុម និងពួកបាតុករនៅក្រុង បេនហ្គាហ្ស៊ី ភាគខាងកើតលីប៊ីមក ។ការប៉ះទង្គិចគ្នានោះ គ្រូពេទ្យមូលដ្ឋានម្នាក់រៀបរាប់ពីមនុស្សស្លាប់ដល់ទៅ៣១នាក់ ហើយមនុស្សប្រមាណជា១០០នាក់ទៀតត្រូវរបួស ។ ប្រភពព័ត៌មានសភានិយាយថា លោក MANGOUCH បានដាក់ពាក្យសុំលាលែងដល់សភាជាតិដែលបានយល់ព្រម ឯប្រភពព័ត៌មាន២ផ្សេងទៀតក៏អះអាងពីព័ត៌មាននោះដែរ ។
ជិត២ឆ្នាំក្រោយការបញ្ចប់របបលោកមូអាម៉ាកាដាហ្វី បណ្តាក្រុមប្រដាប់អាវុធដែលធ្លាប់ចូលរួមចំណែកក្នុងការផ្តួលរំលំរបបនេះនៅតែកាន់អាវុធ និងប្រើអំណាច ញ៉ាំងឱ្យមតិសាធារណៈមានការមិនសប្បាយចិត្តកាន់ែតខ្លាំង ។ រដ្ឋាភិបាលកណ្តាលដែលពុំទាន់អាចបង្កើតការត្រួតត្រាលើប្រទេសទាំងមូលបាននៅតែពឹងផ្អែកលើក្រុមប្រដាប់អាវុធទាំងនេះមួយចំនួនឱ្យជួយថែរក្សារបៀបរៀបរយក្នុងប្រទេសដែលមានអាវុធនៅរាយប៉ាយ ។
កាលពីថ្ងៃទី៨ មិថុនាកន្លងមកនេះ ពួកបាតុករដែលមួយចំនួនកាន់កាំភ្លើងបានប្រមូលផ្តុំគ្នានៅមុខទីស្នាក់ការនៃក្រុមកងពលតូច «ខែលលីប៊ី»ទាមទារឱ្យរំលាយពួកជីវពលនៃក្រុមប្រដាប់អាវុធនេះ ។ ក្រោយការប៉ះទង្គិចគ្នាជាច្រើនម៉ោង កងកម្លាំងពិសេសបានចេញធ្វើអន្តរាគមន៍ដើម្បីស្តារភាពស្ងប់ស្ងាត់ឡើងវិញ ។ កងទ័ពជាតិបានទទួលបញ្ជាឱ្យត្រួតត្រាបណ្តាទីតាំងរបស់ពួកជីវពលខែលលីប៊ី ៕
ចែករំលែកព័តមាននេះ