មនុស្សជាច្រើនពាន់នាក់កាលពីថ្ងៃទី៩ មិថុនា ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងនៅភាគខាងកើតអាល្លឺម៉ង់ ក្រោយការបាក់ទំនប់មួយតាមដងទន្លេ ELBE ដែលមានទឹកឡើងយ៉ាងខ្ពស់ ចំណែកផ្ទៃដីកសិកម្មទាំងឡាយត្រូវទឹកជន់លិចខណៈដែលគេប៉ុនប៉ងការពារទីក្រុងទាំងឡាយទប់ទល់នឹងទឹកជំនន់យ៉ាងធំបំផុតនេះនៅអឺរ៉ុប ។
នៅក្រុង MAGDEBOURG ទីប្រជុំជននៃរដ្ឋ LAND DE SAXE-ANHALT គេបានស្នើដល់មនុស្ស២៣.០០០នាក់ ឱ្យចាកចេញពីលំនៅឋាន ខណៈដែលកម្ពស់ទឹកទន្លេ ELBE ឡើងដល់៧,៤៨ម៉ែត្រ ដែលមាន៥ម៉ែត្រខ្ពស់ជាងកម្ពស់ទឹកពេលធម្មតា ហើយនឹងឡើងខ្ពស់ជាងកាលពីទឹកជំនន់យ៉ាងបំផ្លិចបំផ្លាញកាលពីឆ្នាំ២០០២ផង ។
នៅភាគខាងត្បូងក្រុង MAGDEBOURG ទំនប់មួយតាមដៃទន្លេ ELBE បានបាក់ ទោះបីមានការខិតខំប្រឹងប្រែងទប់ទល់ក៏ដោយ។ទឹកជំនន់ធំដែលប៉ះពាល់ដល់ប្រទេសអាល្លឺម៉ង់ អូទ្រីស ស្លូវ៉ាគី ប៉ូឡូញ និងសាធារណរដ្ឋឆេក បណ្តាលឱ្យមនុស្សស្លាប់ជាង១០នាក់ កាលពីសប្តាហ៍មុន ។នៅហុងគ្រី ទន្លេ DANUBE ក៏មានកម្ពស់ទឹកឡើងខ្ពស់បំផុតនៅរដ្ឋធានីបូ៊ដាប៉េស កាលពីថ្ងៃទី៩ មិថុនា ៕
ចែករំលែកព័តមាននេះ