ប្រភពព័ត៌មានពីបរទេស កាលពីថ្ងៃទី៩ មិថុនាផ្សាយឱ្យដឹងថា មានឧបទ្ទវហេតុរថយន្តទួរីសធ្លាក់ចូលក្នុងជ្រលងភ្នំជម្រៅប្រហែល៩០ម៉ែត្រនៅទីក្រុងប៊ូកៀស ក្នុងខេត្តបេនកេត ជាតំបន់ភ្នំនៅភាគខាងជើងប្រទេសហ្វីលីពីន កាលពីថ្ងៃទី៨ មិថុនា បណ្តាលឱ្យមនុស្សស្លាប់១០នាក់នៅនឹងកន្លែង ឯ២នាក់ទៀតស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ និងម្នាក់ទៀតកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់ ។
លោក ណេស្ទ័រ ហ្វុងវ័ន អភិបាលខេត្តបេនកេតបានថ្លែងថា មានអ្នកដំណើរចំនួន៥នាក់ទៀតនៅរស់រានមានជីវិត ប៉ុន្តែសុទ្ធតែរងរបួស។ លោកបន្តថា ទន្ទឹមនឹងនោះក៏មានអ្នកដំណើរម្នាក់បានលោតចេញពីក្នុងរថយន្ត មុនពេលដែលរថយន្តធ្លាក់ទៅដល់បាតជ្រោះ ។
ជនរងគ្រោះភាគច្រើនជាសមាជិកក្នុងគ្រួសារតែមួយ ដែលធ្វើដំណើរទៅប្រារព្ធពិធីជប់លៀងក្នុងការបោះឆ្នោតជាប់ជាចៅហ្វាយក្រុង ។បច្ចុប្បន្នមន្ត្រីស្រាវជ្រាវកំពុងព្យាយាមសាកសួរថា តើហេតុការណ៍ដ៏អកុសលនេះជាការធ្វេសប្រហែសរបស់អ្នកបើកបរ ឬមកពីកត្តាយានយន្ត និងផ្លូវថ្នល់ ?
ចែករំលែកព័តមាននេះ