ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​ថា​ចំណីអាហារ​ក្នុងស្រុក​មាន​សុវត្ថិភាព​ជាង​នាំ​ចូល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​ន​នេះ ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា កំពុង​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ទៅ​លើ​ចំណីអាហារ និង​ភេសជ្ជៈ​ដែល​ចរាចរ​លក់​នៅ​លើ​ទីផ្សារ ជា​ពិសេស​បន្លែ ផ្លែ​ឈើ ត្រី​សាច់ ដែល​ដាក់​លក់​នៅ​តាម​ផ្សារ…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​ន​នេះ ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា កំពុង​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ទៅ​លើ​ចំណីអាហារ និង​ភេសជ្ជៈ​ដែល​ចរាចរ​លក់​នៅ​លើ​ទីផ្សារ ជា​ពិសេស​បន្លែ ផ្លែ​ឈើ ត្រី​សាច់ ដែល​ដាក់​លក់​នៅ​តាម​ផ្សារ និង​តាម​ទី​សាធារណៈ​នានា ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ មន្ត្រី​ជំនាញ​ខាង​ត្រួតពិនិត្យ​ចំណីអាហារ បាន​អះអាង​ថា ចំណីអាហារ​ដែល​ចរាចរ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​សុវត្ថិភាព​ខ្ពស់​អាច​ទទួលយក​ហើយ ជា​ពិសេស​អាហារ​ដែល​ផលិត​នៅ​ក្នុងស្រុក ។

លោក លី ទី​ន អនុប្រធាន​នាយកដ្ឋាន​វិញ្ញាបនបត្រ​កម្ម​នៃ​វិទ្យាស្ថាន​ស្ដង់ដា​កម្ពុជា បាន​ឲ្យ​ដឹង​ថា ចំណីអាហារ​ដែល​ដាក់​លក់​លើ​ទីផ្សារ ដូច​ជា​បន្លែ ផ្លែ​ឈើ ត្រី​សាច់ ជាដើម​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​មាន​កម្រិត មាន​ន័យ​ថា​នៅ​តែ​មិន​ទាន់​មាន​សុវត្ថិភាព​១០០%​នោះ​ទេ បើ​ទោះបីជា​មានការ​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ ក៏​មិន​បាន​ហ្មត់ចត់ និង​គ្រប់​ជ្រុងជ្រោយ​ដែរ ។ លោក​មាន​ប្រសាសន៍​ថា ៖« ចំណីអាហារ​ទាំងអស់​នោះ នៅ​តែ​មាន​សកម្មភាព​លួច​នាំ​ចូល​ពី​ខាងក្រៅ មក​ចរាចរណ៍​លក់​នៅ​លើ​ទីផ្សារ ដែល​មិន​បាន​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ អីចឹង​ហើយ​វា​នៅ​តែ​ចោទ​ជា​បញ្ហា​សម្រាប់​សុវត្ថិភាព​ចំណីអាហារ ដូចនេះ យើង​សូម​ឲ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ទាំងអស់ ជា​ពិសេស​អ្នក​ដែល ធ្វើ​សកម្មភាព​លួច​នាំ​ចូល​មក​ក្នុង​ប្រទេស » ។

លោក​បន្ត​ថា បច្ចុប្បន្ន​នេះ ចំណីអាហារ​ដែល​ដាក់​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា អាច​មាន​សុវត្ថិភាព ប្រហាក់​ប្រហែលជា​៧០%​ប៉ុណ្ណោះ វា​មិន​ទាន់​គ្រប់គ្រាន់​១០០%​ទេ ហើយ​ដើម្បី​ឲ្យ​ចំណីអាហារ​មាន​សុវត្ថិភាព​១០០%​តែ​ម្ដង ទាមទារ​ឲ្យ​មានការ​ពង្រឹង​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ជាង​នេះ​ទៀត ប៉ុន្តែ​ការ​ពង្រឹង​ច្បាប់​នា​ពេល​បច្ចុប្បន្ន​នេះ លោក​មើលឃើញ​ថា​នៅ​លាយឡំ​ជាមួយនឹង​មនោសញ្ចេតនា​ច្រើន ។
លោក​បញ្ជាក់​ថា ៖« រវាង​ផលិតផល​ចំណីអាហារ​ដែល​នាំ​ចូល និង​ផលិតផល​នៅ​ក្នុងស្រុក ខ្ញុំ​គិត​ថា​ផលិត​នៅ​ក្នុងស្រុក អាច​មាន​សុវត្ថិភាព​ជាង​ការ​នាំ​ចូល ព្រោះ​រាល់​ផលិតផល​នៅ​ក្នុងស្រុក​ភាគី​ច្រើន​មានការ​ត្រួតពិនិត្យ​ហ្មត់ចត់​ជាង​ការ​នាំ​ចូល ។ លោក​បន្ថែម​ថា ៖« ចំណីអាហារ​ដែល​មិនសូវ​មាន​សុវត្ថិភាព​បណ្ដាល​មក​ពី​ការ​នាំ​ចូល អាច​មាន​ច្រើន​សណ្ឋាន ។ ជាក់ស្ដែង​ផលិតផល​ខ្លះ មាន​ដាក់​ពាក្យ​ថា​សម្រាប់​នាំ​ចេញ​ប៉ុណ្ណោះ ( For Export Only ) ដែល​ផលិតផល​បែប​នេះ ឈ្មួញ​ក្នុងស្រុក​បញ្ជា​ទៅ​អ្នក​ផលិត​ក្រៅប្រទេស​ដាក់​ស្ដង់ដា​បែប​នេះ បែប​នោះ ដើម្បី​ទំលាក់​តម្លៃ​មក​នៅ​ទាប ធ្វើ​ឲ្យ​ខ្លួន​ចំណេញ​ច្រើន ហើយ​នៅ​មាន​កត្តា​ផ្សេង​ទៀត ដែល​ខ្ញុំ​គិត​ថា​ទំនិញ​នាំ​ចូល​មាន​សុវត្ថិភាព​តិច​ជាង​ទំនិញ​ក្នុងស្រុក » ។

ប្រធាន​នាយកដ្ឋាន​មន្ទីរពិសោធន៍​កាំកុងត្រូល​កម្ពុជា លោក ស៊ី​ន ស៊ី​ដេ​ត បាន​ឲ្យ​ដឹង​ថា លោក​ទទួលស្គាល់​ថា បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​មាន​កម្រិត ក៏​ប៉ុន្តែ​មិន​អាច​វាយតម្លៃ​បាន​ថា វា​មាន​សុវត្ថិភាព​ប៉ុន្មាន​ភាគរយ​នោះ​ទេ ។ ដោយឡែក​ចំពោះ ផលិតផល​ដែល​ផលិត​ក្នុងស្រុក និង​ផលិតផល​ដែល​នាំ​ចូល​ពី​ក្រៅ ក៏​មិន​អាច​សន្និដ្ឋាន​បាន​ដែរ​ថា មួយ​ណា​មាន​សុវត្ថិភាព​ជាង​នោះ​ទេ ហើយ​ផលិត​នៅ​ក្នុងស្រុក ក៏​មិន​ប្រាកដ​ថា​មាន​សុវត្ថិភាព​ជាង​នាំ​ចូល​ដែរ ព្រោះ​មាន​ម្ចាស់​សហគ្រាស​មួយ​ចំនួន​លួច​ផលិត​ចំណីអាហារ​ដែល​មិន​ស្រប​ទៅ​តាម​ស្ដង់ដា​សុវត្ថិភាព​ចំណីអាហារ​ដែរ ។

លោក​បន្ត​ថា ទោះជា​យ៉ាងណា​ក៏​ដោយ ស្ថាប័ន​កាំកុងត្រូល​កម្ពុជា នឹង​ខិតខំ​ចុះ​ត្រួតពិនិត្យ​ចំណីអាហារ​នៅ​តាម​ផ្សារ និង​កន្លែង​ណា​ដែល​សង្ស័យ បន្ទាប់​ពី​ការ​រាយការណ៍​ផ្ទាល់​ពី​ពលរដ្ឋ និង​ប្រភព​នានា ដើម្បី​ពង្រឹង​សុវត្ថិភាព​ចំណីអាហារ​ឲ្យ​កាន់តែ​រឹង​មាំ និង​ផ្ដល់​សុវត្ថិភាព​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ប្រទេស​កម្ពុជា ។
លោក​បញ្ជាក់​ថា ៖« យើង​បាន​ចាប់ផ្ដើម​ចុះ​ត្រួតពិនិត្យ ហើយ​បើ​រក​ឃើញ​មាន​ចំណីអាហារ​ណា​ខូចគុណភាព ឬ​មិន​ស្រប​ទៅ​តាម​ស្ដង់ដា​អនាម័យ នឹង​ចាត់វិធានការ​ដល់​អ្នកលក់ មួយ​ដង​ជា​ពីរ​ដង ហើយ​បើ​នៅ​តែ​មិន​រាងចាល​នោះ​ទេ យើង​នឹង​ចាត់វិធានការ​ក្ដៅ​ចំពោះ​ពួក​គាត់ » ។

លោក លាង ឡេ​ង ម្ចាស់​សហគ្រាស​ក្នុងស្រុក​មួយ​បាន​ឲ្យ​ដឹងផង​ដែរ​ថា សកម្មភាព​នាំ​ចូល​ផលិតផល​មិន​ស្រប​តាម​ស្ដង់ដា​អនាម័យ ពី​សំណាក់​ឈ្មួញ​ខិលខូច​មក​កាន់​ប្រទេស​កម្ពុជា​នៅ​តែ​កើត​មាន ព្រោះតែ​ភាព​ចង់បាន​ចង់​មាន​ឆាប់​របស់​ពួក​គេ ។ កត្តា​នេះ​ហើយ​ធ្វើ​ឲ្យ​ពលរដ្ឋ​មិន​ទទួល​បាន​ចំណីអាហារ​ដែល​មាន​សុវត្ថិភាព​ត្រឹមត្រូវ​សម្រាប់​បរិភោគ និង​បង្ក​ជា​ជំងឺ​ផ្សេង​ៗ​ដល់​អ្នក​បរិភោគ ។

ក្នុង​នាម​ជា​វិស័យ​ឯកជន​មួយ​រូប​នៅ​កម្ពុជា លោក​ទ​ទួ​ច​ស្នើ​សុំ​ឲ្យ​មន្ត្រី សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ចំពោះ​ឈ្មួញ​ណា​ដែល​រកស៊ី​មិន​ត្រឹមត្រូវ នាំ​ចូល​ទំនិញ​ខូចគុណភាព​ដោយ​គេចពន្ធ​តាម​វិធី​ផ្សេង​ៗ ។ មិនតែប៉ុណ្ណោះ ក៏​សូម​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ចំពោះ​អ្នក​ផលិត​ក្នុងស្រុក​ដែល​មិន​ស្រប​ទៅ​តាម​ស្ដង់ដារ ដូច​ជា​ដាក់​ថ្នាំ​គីមី ដោយ​ចំណី​ថ្លៃដើម ដើម្បី​ផល​ចំណេញ​របស់​ពួក​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ