រាជធានីភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងបណ្តាលឱ្យបុរសម្នាក់រងរបួសបាក់ជើងស្តាំ កាលពីវេលាម៉ោង ៣ និង ៣០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ មិថុនា ២០១៣ តាមបណ្តោយផ្លូវបេតុងចូលផ្សារសាំហាន់ ស្ថិតក្នុងភូមិទួលគោក ក្រុមទី១ សង្កាត់ទួលសង្កែ ខណ្ឌឫ្ស្សីកែវ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុរថយន្តបង្កម៉ាកស្ការិច ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Q-8904 បើកបរដោយជនជាតិចិនម្នាក់ស្រវឹងស្រាជោគជាំ បានធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបត់ឆ្វេង ក៏បានបុកជាមួយម៉ូតូអ៊ែរប្លេក ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1F-5845 ដែលកំពុងបើកក្នុងទិសដៅបញ្រ្ចាស់គ្នា បណ្តាលឱ្យម៉ូតូខ្ទាតជិត ១០០ម៉ែត្រ ចំណែកអ្នកបើកបានរងរបួសបាក់ជើងស្តាំ ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯម៉ូតូ និងរថយន្តបង្ក សមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ