រាជធានីភ្នំពេញ ៖ រថយន្តកូរ៉េដឹកហ្គាសមួយគ្រឿងបានបើកប៉ុនប៉ងបុកអ្នកកាសែត និងប៉ូលិសប៉ុស្តិ៍គោករកា ដែលចូលទៅឃាត់ពេលរថយន្តនោះបើកបរលឿនបុកបង្គោលខណ្ឌកណ្តាលផ្លូវ ខ្ទាតទៅត្រូវម៉ូតូអ្នកកាសែតម្នាក់ ។ហេតុការណ៍នោះកើតឡើង កាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី៦ មិថុនា នៅលើកំណាត់ផ្លូវកំពុងស្ថាបនា ស្ថិតក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ។
រថយន្តដឹកហ្គាសនោះមា៉កហីុយ៉ាន់ដាយ ពណ៌សលាយស្លាទុំ ពាក់ស្លាកលេខភ្នំពេញ 2L-2172 អ្នកបើកបររត់គេចខ្លួនបាត់ បន្ទាប់ពីបើកបុកបារាសប៉ូលិសពីរបីកន្លែងទៅដល់ភូមិកប់ស្រូវ សង្កាត់គោករកា ។ សមត្ថកិច្ចបានប្រាប់ថា រថយន្តនោះជារថយន្តដឹកហ្គាសរបស់មន្ត្រីប៉ូលិសម្នាក់ និងទីតាំងលក់ហ្គាសស្ថិតនៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ លោក នុត សារ៉េត ភ្នាក់ងារកាសែតក្នុងស្រុកមួយ ដែលរងគ្រោះក្នុងហេតុការណ៍ឱ្យដឹងថា មុនពេលកើតហេតុលោកបានជិះម៉ូតូមា៉កស្មាសពណ៌ក្រហមតាមផ្លូវខាងលើ ពីកើតទៅលិចក្នុងគោលបំណងទៅយកព័ត៌មាន ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តនោះបើកមកស្របគ្នាពីក្រោយបានបុករះបង្គោលខណ្ឌកណ្តាលផ្លូវជាបន្តបន្ទាប់ បណ្តាលឱ្យខ្ទាតប៉ះម៉ូតូរបស់លោក តែពុំមានការខូចខាតធ្ងន់ធ្ងរនោះទេ ។
បន្ទាប់ពីមានហេតុការណ៍បែបនេះ លោកក៏បានឃាត់ឱ្យរថយន្តឈប់ដើម្បីនិយាយគ្នាសិន ប៉ុន្តែអ្នកបើកបររថយន្តនោះមិនបានឈប់នោះទេ បែរជាបើករត់ហើយលោកក៏ជិះម៉ូតូដេញតាមឃាត់ ប៉ុន្តែអ្វីដែលគួរឱ្យហួសចិត្តរថយន្តនោះបានប៉ុនប៉ងបំបុករូបលោកថែមទៀត ។ លោក នុត សារ៉េត បានប្តឹងសមត្ថកិច្ចឱ្យជួយ អន្តរាគមន៍ ហើយក៏មានការប្រកាសតាមវិទ្យុទាក់ទងឱ្យគ្រប់គោលដៅស្ទាក់ឃាត់រថយន្តខាងលើច្រើនកន្លែង តែរថយន្តនោះនៅតែមិនព្រមឈប់ទៀត និងបុកបារាសរបស់ប៉ូលិសពីរបីកន្លែង ។
ទោះបីបែបណាប៉ូលិសបានដេញតាមរហូតដល់ត្រង់ចំណុចទំនប់កប់ស្រូវទើបរថយន្តនោះឈប់ ហើយអ្នកបើកបរបានចុះរត់គេចខ្លួនចូលក្នុងដីឡូត៍មួយកន្លែងបាត់ស្រមោល ។ រថយន្តត្រូវបានប៉ូលិសនាំយកទៅរក្សាទុកនៅប៉ុស្តិ៍បានមួយដង្ហើមចង្រិត ក៏ប្រគល់ឱ្យម្ចាស់គេវិញដោយមិនបានសួរនាំអ្នករងគ្រោះឡើយ ៕
ចែករំលែកព័តមាននេះ