ខេត្តប៉ៃលិន ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលឱ្យមានអ្នករងរបួសធ្ងន់ស្រាល៣នាក់ ដោយសារយុវជនម្នាក់ជិះម៉ូតូឌ្រីមយ៉ាងលឿនឆ្លងថ្នល់អត់មើលឆ្វេងស្តាំ ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតមា៉ក SL ដែលជិះឌុបគ្នាពីរនាក់ពីកើតទៅលិចលើផ្លូវជាតិលេខ៥៧ បណ្តាលឱ្យដួលប្រាវទៅលើថ្នល់ ហើយអ្នកបើកម៉ូតូបុកគេនោះរងរបួសស្រាល បានលើកម៉ូតូបើករត់បាត់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី៥ មិថុនា ចំណុចមុខចំណតរថយន្តថ្មី ត្រង់ផ្លូវបែកជាបួនចូលផ្សារសាមគ្គីហៅបា៉ហីុ ក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
ជនរងគ្រោះទី១-ឈ្មោះ ពី ណង ភេទប្រុស អាយុ២០ឆ្នាំ ជាជាងផ្សារដែក និងជាអ្នកបើកម៉ូតូ SL ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1N-3200 របួសធ្ងន់ និងទី២-ឈ្មោះ ហន សុខន ភេទប្រុស អាយុ២១ឆ្នាំ ជាជាងដែករងរបួសធ្ងន់សន្លប់នៅនឹងកន្លែង ពួកគេរស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។ ចំណែកជនដែលជិះបុកគេមិនស្គាល់អត្តសញ្ញាណទេ តែអាយុជាង២០ឆ្នាំ ជិះម៉ូតូមា៉កឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1A-2749 ពីត្បូងទៅជើង រងរបួសស្រាល រួចទាញម៉ូតូបើករត់គេចខ្លួនបាត់ស្រមោល តែបន្សល់ទុកស្លាកលេខម៉ូតូខាងលើនៅកន្លែងកើតហេតុ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុឱ្យដឹងថា មុនពេលកើតហេតុ ម៉ូតូមា៉ក SL ជិះឌុបគ្នាពីរនាក់ចេញពីសួនកុមារពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានម៉ូតូឌ្រីមជិះម្នាក់ឯងចេញពីចំណតរថយន្តថ្មីពីត្បូងទៅជើង ស្ថិតក្នុងសភាពស្រវឹងធ្លាក់ភ្នែក ជ្រុលទៅបុកម៉ូតូ SL ពេញទំហឹង បណ្តាលឱ្យដួលសន្លប់ទាំងពីរនាក់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្ត ។
ក្រោយពីធ្វើការវាស់វែងរួច សមត្ថកិច្ចចរាចរយកម៉ូតូជនរងគ្រោះ និងស្លាកលេខម៉ូតូដែលបន្សល់ទុក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្ត រង់ចាំស្រាវជ្រាវ និងដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ