ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀរពូទីន និងភរិយា លោកស្រីលីអ៊ូដមីឡា បានប្រកាសពីការលែងលះចែកផ្លូវគ្នាគួរឱ្យភ្ញាក់ផ្អើល កាលពីថ្ងៃទី៦ មិថុនា តាមទូរទស្សន៍ ។ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រុស្ស៊ីលោកពូទីនមានប្រសាសន៍ថា នេះជាសេចក្តីសម្រេចចិត្តរួមដែលអាពាហ៍ពិពាហ៍របស់យើងត្រូវបញ្ចប់ ។ ចំណែកលោកស្រីលីអ៊ូដមីឡាវិញថ្លែងថា នោះពិតជាសេចក្តីសម្រេចចិត្តរួមមួយ ។
សម្ព័ន្ធភាពរបស់យើងត្រូវបានបញ្ចប់ ពីព្រោះតែយើងពុំអាចរស់នៅចុះសម្រុងគ្នា ។ លោកស្រីបន្តថា លោកវ៉្លាឌីមៀរពូទីនងប់ទាំងស្រុងក្នុងការងារ កូនៗរបស់យើងធំៗអស់ហើយ រួចពួកគេម្នាក់ៗសុទ្ធតែអាចរស់នៅខ្លួនឯងបាន ។ បានន័យថា ម្នាក់ៗសុទ្ធតែមានជីវិតផ្ទាល់ខ្លួន ហើយប្រាកដណាស់ខ្ញុំពុំចូលចិត្តជីវិតនយោបាយឡើយ ។
លោកពូទីន និងលោកស្រីលីអ៊ូដមីឡា រៀបការជាមួយគ្នាកាលពីឆ្នាំ១៩៨៣ ហើយអ្នកទាំង២មានកូនស្រី២នាក់ ។ប្រាកដណាស់ និយាយពីជីវិតឯកជនរបស់ប្រធានាធិបតីរុស្ស៊ី មានលក្ខណៈអាថ៌កំបាំងបំផុត ។ លោកពូទីនប្រកាសពីការលែងលះគ្នានេះប្រាប់ស្ត្រីអ្នកកាសែតម្នាក់នៃទូរទស្សន៍រុស្ស៊ី ។ បទសម្ភាសន៍នេះធ្វើឡើងដោយទូរទស្សន៍រដ្ឋាភិបាល ROSSIA-24 ។
លោកពូទីន និងលោកស្រីលីអ៊ូដមីឡា ពេលធ្វើបទសម្ភាសន៍របស់ទូរទស្សន៍នេះ គឺក្នុងពេលអ្នកទាំង២ទៅទស្សនារបាំបាឡេ ESMERALDA ។ ក្រោយពីធ្វើអត្ថាធិប្បាយពីលក្ខណៈពិសេសៗគួរឱ្យសរសើរនៃរបាំបាឡេរុស្ស៊ីមក ស្ត្រីអ្នកកាសែតរបស់ទូរទស្សន៍នេះចេះឆ្លៀតឱកាសសួរអ្នកទាំង២នៅកន្លែងពិសេសមួយ ។ ស្ត្រីអ្នកកាសែតរូបនោះចេះលើកសំណួរថា ខ្ញុំសុំអនុញ្ញាតសួរនូវសំណួរមួយ គឺថាជាការកម្រណាស់ដែលអ្នកទាំង២បង្ហាញមុខរួមគ្នាបែបនេះ ហើយតើវាពិតទេចំពោះពាក្យចចាមអារ៉ាមទាំងឡាយដែលថា លោក និងលោកស្រី ពុំបានរស់នៅជុំគ្នានោះ? តើពាក្យចចាមអារ៉ាមទាំងនេះវាពិតដែរទេ ? ពេលនោះលោកពូទីន ងាកមើលទៅលោកស្រីលីអ៊ូដមីឡា ដោយញញឹមរួចឆ្លើយដោយស្ងប់ថា ពិតមែនហើយ ។
ប្រធានាធិបតីរុស្ស៊ីបន្តថា រាល់សកម្មភាពរបស់ខ្ញុំ រាល់ការងាររបស់ខ្ញុំ គឺទាក់ទិននឹងជីវភាពនយោបាយ ជាជីវិតសាធារណៈទាំងស្រុងមួយ ។ ប្រការនេះធ្វើឱ្យមនុស្សមួយចំនួនពេញចិត្ត តែអ្នកខ្លះមិនពេញចិត្ត ។ ប៉ុន្តែមានបណ្តាមនុស្សដែលមិនត្រូវការជាមួយជីវិតបែបនេះឡើយ ។ នេះជាសេចក្តីសម្រេចចិត្តរួមដែលយើងចែកផ្លូវគ្នា ។ លោកស្រី លីអ៊ូដមីឡា ក៏បានលើកឡើងនាពេលនោះដែរថា នេះពិតជាការសម្រេចចិត្តរួម ហើយអាពាហ៍ពិពាហ៍របស់យើងបានបញ្ចប់ ពីព្រោះម្នាក់ៗសុទ្ធតែមានជីវិតផ្ទាល់ខ្លួន ។លោកពូទីនមានប្រសាសន៍បន្តថា ទោះបីជាយ៉ាងណា ខ្ញុំនៅតែស្ថិតនៅជិតដិតគ្នាទៅវិញទៅមកជាមួយលោកស្រីលីអូ៊ដមីឡាដែរ ។ លោកស្រីលីអ៊ូដមីឡាបញ្ជាក់ថា នេះជាការលែងលះគ្នាបែបស៊ីវិល័យមួយ ៕
ចែករំលែកព័តមាននេះ