រាជធានីភ្នំពេញ ៖ អ្នកបើកបររថយន្តមា៉កប៉ាស្សេរ៉ូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2F-6352 និយាយថា រថយន្តរបស់គាត់បានបែកកង់មុខខាងឆ្វេង ហើយរេចង្កូតទៅបុករថយន្តមា៉កហ្វ័ររេន័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2D-2256 និងរុញបន្តទៅបុករ៉ឺម៉កម៉ូតូដឹកឥវ៉ាន់បណ្តាលឱ្យក្រឡាប់ ហើយអ្នកបើករ៉ឺម៉ករងរបួសស្រាល ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី៦ មិថុនា តាមផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តមា៉កបា៉ស្សេរ៉ូធ្វើដំណើរពីជើងទៅត្បូង ចំណែករថយន្តហ្វ័ររេន័រ និងរ៉ឺម៉កម៉ូតូដឹកឥវ៉ាន់ធ្វើដំណើរស្របគ្នាពីត្បូងទៅជើង ខណៈមកដល់ចំណុចខាងលើ រថយន្តប៉ាស្សេរ៉ូបានបែកកង់មុខក៏រេចង្កូតជ្រុលទៅបុករថយន្តហ្វ័ររេន័រពេញទំហឹង បណ្តាលឱ្យរុញបន្តទៅបុករ៉ឺម៉កម៉ូតូធ្វើឱ្យក្រឡាប់ ឯអ្នកបើករ៉ឺម៉កម៉ូតូរងរបួសស្រាល ចំណែករថយន្តទាំងពីរគ្រឿងខូចខាតមួយកំណាត់មុខខាងឆ្វេង ។ក្រោយពេលកើតហេតុ អ្នកបើករថយន្តប៉ាស្សេរ៉ូដឹងខ្លួនជាអ្នកខុស បានព្រមព្រៀងចេញថ្លៃជួសជុលរថយន្ត និងរ៉ឺម៉កម៉ូតូឱ្យដូចដើមវិញ៕
ចែករំលែកព័តមាននេះ