ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី៦ មិថុនា បានយល់ព្រមតាមសំណើរបស់កូរ៉េខាងជើងធ្វើការចរចាផ្លូវការជាមួយគ្នាឡើងវិញហើយ ។ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងក្នុងសេចក្តីប្រកាសមួយថ្លែងថា រដ្ឋាភិបាលកូរ៉េខាងត្បូងចាត់ទុកជាវិជ្ជមានសំណើរបស់កូរ៉េខាងជើង ស្តី ពីការបើកការចរចាជាផ្លូវការឡើងវិញ ។ យើងសង្ឃឹមថា កូរ៉េខាងត្បូង និងកូរ៉េខាងជើង នឹងអាចបង្កើតទំនាក់ទំនងនៃទំនុកចិត្តគ្នាមួយ ដោយសារកាលានុវត្តភាពនេះ ។
កូរ៉េខាងជើងបានស្នើនាថ្ងៃទី៦ មិថុនា ឱ្យបើកការចរចាឡើងវិញជាមួយកូរ៉េខាងត្បូង ស្តីពីសំណុំរឿង ធ្វើឱ្យមានប្រក្រតីភាពឡើងវិញនៃប្រតិបត្តិការក្នុងតំបន់ឧស្សាហកម្មរួមកាអឺសុង និងឱ្យមានសកម្មភាពទេសចរណ៍ឡើងវិញនៅភ្នំ KUMGANG ។ គណៈកម្មាធិការដើម្បីការបង្រួបបង្រួមកូរ៉េដោយសន្និវិធីរបស់កូរ៉េខាងជើងបានស្នើសំណើនេះក្នុងសេចក្តីប្រកាសពិសេសមួយចេញផ្សាយដោយអ្នកនាំពាក្យរបស់ខ្លួន ។
សេចក្តីប្រកាសរួមនោះបញ្ជាក់ថា យើងស្នើឱ្យមានការចរចារវាងអាជ្ញាធរខាងជើង និងខាងត្បូងដើម្បីឱ្យមានប្រក្រតីភាពឡើងវិញនៃប្រតិបត្តិការ ក្នុងតំបន់ឧស្សាហកម្មកាអឺសុង និងឱ្យមានសកម្មភាពទេសចរណ៍ឡើងវិញនៅតំបន់ភ្នំ KUMGANG នាឱកាសខួបលើកទី១៣នៃសេចក្តីថ្លែងការណ៍រួមអន្តរកូរ៉េ ថ្ងៃទី១៥ មិថុនា ។
សេចក្តីថ្លែងការណ៍រួមថ្ងៃទី១៥ មិថុនា ត្រូវបានចេញផ្សាយនាឱកាសនៃការជួបគ្នាកំពូលជាប្រវត្តិសាស្ត្រកាលពីឆ្នាំ២០០០ រវាងប្រធានាធិបតីកូរ៉េខាងត្បូងសម័យនោះលោកគីម ដេយ៉ុង និងអតីតមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអីុល ។ សេចក្តីថ្លែងការណ៍រួមនេះញ៉ាំងឱ្យមានការខិតចូលជិតគ្នារវាងកូរ៉េទាំង២ ហើយអាចពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងជំរុញទំនាក់ទំនងសេដ្ឋកិច្ច ៕
ចែករំលែកព័តមាននេះ