ខេត្តកំពង់ចាម ៖ រថយន្តមា៉កឡិចស៊ីសRX 300 មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2H-1771 បានបើកបោះពួយយ៉ាងលឿននៅលើផ្លូវជាតិលេខ៧ ហើយបានរេចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋទាំងកំរោល បណ្តាលឱ្យរងការខូចខាតបាត់ទ្វារផ្ទះ និងរងរបួសម្ចាស់ផ្ទះម្នាក់ ។ ហេតុការណ៍នេះបានកើតឡើងនៅភូមិសំរោង ឃុំទ្រៀក ស្រុកមេមត់ កាលពីវេលាម៉ោង៩យប់ថ្ងៃទី៥ មិថុនា ។ ភ្លាមៗនោះអ្នកបើកបរបានគេចខ្លួនបាត់ ចំណែករថយន្តត្រូវសមត្ថកិច្ចយកមករក្សាទូកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ។
លោកវរសេនីយ៍ត្រី ឯម កុសល អធិការនគរបាលស្រុកមេមត់បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តបើកបរក្នុងទិសដៅពីកើតទៅលិច តាមបណ្តោយផ្លូវជាតិលេខ៧ ដោយល្បឿនលឿន ពេលមកដល់ភូមិសំរោង បានរេចង្កូតទៅបុកចូលផ្ទះរបស់ប្រជាពលរដ្ឋពីរផ្ទះ លាន់ស្នូរដូចរន្ទះ ។ លោកអធិការនគរបាលស្រុកមេមត់បានបន្តថា នៅក្នុងហេតុការណ៍នេះ បណ្តាលឱ្យផ្ទះរបស់ឈ្មោះ ជី សា៊ងលី ភេទប្រុស អាយុ៣២ឆ្នាំ ខូចខាតទ្វារដែក៨ផ្ទាំង និងរបើកជញ្ជាំងក្តារឈើ១ផ្ទាំង ។ ចំណែកម្ចាស់ផ្ទះមួយទៀតនៅជាប់គ្នានោះឈ្មោះ ញ៉ុក ណារិន ភេទប្រុស អាយុ៥២ឆ្នាំ បានរងរបួសស្រាល ។ ដោយឡែកអ្នកបើករថយន្តត្រូវបានគេស្គាល់ឈ្មោះ អិុត តៅ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិដំរិល ឃុំដំរិល ស្រុកអូររាំងឪ បានរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។
លោក ប៉េង អេងហាក់ អធិការរងទទួលផែនសណ្តាប់ធ្នាប់ប្រាប់ឱ្យដឹងថា ចំពោះមូលហេតុដែលបណ្តាលឱ្យអ្នកបើកបររថយន្តឡិចស៊ីសខាងលើរេចង្កូតទៅបុកផ្ទះរបស់ប្រជាពលរដ្ឋនៅភូមិសំរោង ឃុំទ្រៀក ស្រុកមេមត់ តាមការសន្និដ្ឋានអាចបណ្តាលមកពីអ្នកបើកបរស្រវឹង ។ ប្រភពបានបញ្ជាក់ថា ក្រោយកើតហេតុភាគីខាងរថយន្តបានចេញមុខដោះស្រាយសងការខូចខាតម្ចាស់ផ្ទះទាំងពីរគ្រួសារ ក្នុងនោះផ្ទះខូចតិចតួចដែលមានអ្នករងរបួសស្រាលបានទទួលសំណងចំនួន៣៥០ដុល្លារ ។ ចំណែកផ្ទះ ខូចខាតច្រើនភាគីទាំងពីរកំពុងចរចាគ្នារកដំណោះស្រាយសមស្របណាមួយ ៕
ចែករំលែកព័តមាននេះ