របបលោកប្រធានាធិបតីបាចាអាល់អាសាដ និងសម្ព័ន្ធមិត្តដ៏ខ្លាំង គឺក្រុមស៊ីអីុតហេសប៊ុលឡាហ៍ កាលពីថ្ងៃទី៥ មិថុនា វាយដណ្តើមយកបានក្រុងគន្លឹះ QOUSSEIR ពីពួកឧទ្ទាមក្រោយរយៈពេល២សប្តាហ៍នៃការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញបំផុត ដែលនោះជាជ័យជម្នះដ៏សំខាន់មួយក្នុងសង្គ្រាមស៊ីរី។ ក្រុង QOUSSEIR ស្ថិតក្នុងខេត្តហូមជិតព្រំដែនលីបង់ ជាទីក្រុងយុទ្ធសាស្ត្រមួយ ព្រោះទីក្រុងនោះភ្ជាប់ជាពិសេសក្រុងមា៉ស់ទៅមាត់សមុទ្រ ហើយបើកផ្លូវដល់របបស៊ីរីសម្រាប់វាយដណ្តើមកាន់កាប់ទីក្រុងហូមទាំងស្រុង ។
លោក KHATTAR ABOU DIAB សាស្ត្រាចារ្យខាងទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ PARIS-SUD អះអាងថា នោះជាការវាយបកមួយយ៉ាងដំណំសម្រាប់ពួកឧទ្ទាម ក៏ប៉ុន្តែពុំមានន័យថា សង្គ្រាមត្រូវបញ្ចប់ឡើយ ។ លោកយល់ថា របបស៊ីរីនឹងពុំអាចវាយដណ្តើមកាន់កាប់ក្រុង QOUSSEIR បានទេ បើគ្មានកិច្ចសហប្រតិបត្តិការយ៉ាងធំរបស់អីុរ៉ង់ ដែលជួយដល់ពួកហេសប៊ុលឡាហ៍ ហើយបើកផ្លូវឱ្យកងទ័ពស៊ីរីដណ្តើមបានជ័យជម្នះលើពួកឧទ្ទាម ។
មេបញ្ជាការយោធាស៊ីរីម្នាក់និយាយថា កងទ័ពអាចបោសសម្អាតពួកភេរវករនៅក្រុង QOUSSEIR ហើយកងទ័ពនឹងពុំរារែកឡើយ ក្នុងការកម្ទេចពួកជនប្រដាប់អាវុធនៅគ្រប់ទីកន្លែងក្នុងប្រទេស ។ពុំមានតុល្យការច្បាស់លាស់ពីជនរងគ្រោះឡើយ តែចលនាបដិវត្តន៍ស៊ីរីមួយនិយាយថា ពួកបះបោរជាច្រើនរយនាក់ត្រូវស្លាប់ ហើយពួកហេសប៊ុលឡាហ៍និយាយពីយុទ្ធជនពួកគេស្លាប់ជាច្រើនសិបនាក់ ប៉ុន្តែគេពុំបានដឹងពីការបាត់បង់ក្នុងជួរកងទ័ព ឬក្នុងចំណោមជនស៊ីវិលឡើយ ។ប៉ុន្មានម៉ោងក្រោយពួកឧទ្ទាមបាត់បង់ទីក្រុងQOUSSEIR គ្រាប់រ៉ុក្កែតយ៉ាងតិច៥គ្រាប់បាញ់ចេញពីស៊ីរីបានធ្លាក់លើទីក្រុង BAALBEK របស់លីបង់ ដែលទីក្រុងនោះជាទីតាំងមួយរបស់ពួកហេសប៊ុលឡាហ៍ ។ គ្រាប់រ៉ុក្កែតទាំងនេះបណ្តាលឱ្យមនុស្ស២នាក់ត្រូវរបួស ។
សម្ព័ន្ធអារ៉ាប់កាលពីថ្ងៃទី៥មិថុនា បានថ្កោលទោសការចូលរួមរបស់ពួកហេសប៊ុលឡាហ៍លីបង់ក្នុងជម្លោះស៊ីរី ។ នេះជាការប្រកាសរបស់លោក ណាប៊ីល អឺឡារ៉ាប៊ី អគ្គលេខាធិការរបស់អង្គការនេះ ។ ក្នុងដំណោះស្រាយមួយអនុម័តនាឱកាសនៃកិច្ចប្រជុំមួយនៅក្រុងគែរ បណ្តារដ្ឋមន្ត្រីការបរទេសរបស់សម្ព័ន្ធអារ៉ាប់បានថ្កោលទោសដល់គ្រប់រូបភាពនៃអន្តរាគមន៍បរទេស ពិសេសអន្តរាគមន៍របស់ចលនាស៊ីអីុតស្និទ្ធអីុរ៉ង់ ។
ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងកាតា ជាសម្ព័ន្ធមិត្តសំខាន់២របស់ពួកឧទ្ទាមស៊ីរី ជាសមាជិកសម្ព័ន្ធអារ៉ាប់ ខណៈស៊ីរីត្រូវបណ្តេញចេញកាលពីឆ្នាំ២០១១ ។ កិច្ចប្រជុំសម្ព័ន្ធអារ៉ាប់កាលពីថ្ងៃទី៥ មិថុនា អាចអនុម័តជំហររួមមួយសម្រាប់សន្និសីទក្រុងហ្សឺណែវ-២ ។ ក្នុងដំណោះស្រាយមួយអនុម័តនាថ្ងៃទី៥ មិថុនានោះ បណ្តារដ្ឋជាសមាជិកសម្ព័ន្ធអារ៉ាប់ស្នើឱ្យមានការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាព អ.ស.ប ក្នុងដំណាក់កាលឆ្លងកាត់ដែលគ្រោងដោយផែនការសន្តិភាពអនុម័តក្នុងឱកាសនៃសន្និសីទក្រុងហ្សឺណែវលើកទីមួយ ។
បណ្តាប្រទេសអារ៉ាប់អះអាងជាថ្មីពីការគាំទ្រចំពោះការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ ដែលមានការចូលរួមរបស់ក្រុមភាគីក្នុងជម្លោះ រួមទាំងរដ្ឋាភិបាលបច្ចុប្បន្នផង ។ ក៏ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក MOHAMED KAMEL AMR គូសបញ្ជាក់ថា លោកប្រធានាធិបតីបាចាអាល់អាសាដ នឹងពុំមានតំណែងណាមួយក្នុងរដ្ឋាភិបាលបណ្តោះអាសន្ននេះឡើយ ។
ចំណែកអ្នកអាជ្ញាធរកណ្តាលរួមរបស់ អ.ស.ប និងរបស់សម្ព័ន្ធអារ៉ាប់ទទួលបន្ទុកបញ្ហាស៊ីរី លោក ឡាក់ដាប្រាហ៊ីមី អះអាងកាលពីថ្ងៃទី៥ មិថុនា នៅក្រុងហ្សឺណែវថា សន្និសីទអន្តរជាតិស្តីពីស៊ីរីហៅ ហ្សឺណែវ-២ នឹងពុំអាចធ្វើបានក្នុងខែមិថុនាឡើយ ។ក្រោយកិច្ចប្រជុំត្រីភាគីរវាង អ.ស.ប រុស្ស៊ីនិងសហរដ្ឋអាមេរិកនៅឯវិមាន អ.ស.ប ក្រុងហ្សឺណែវ លោកប្រាហ៊ីមី គូសបញ្ជាក់ថា មានការងារជាច្រើនដែលត្រូវធ្វើសម្រាប់ការរៀបចំសន្និសីទអន្តរជាតិមួយបែបនេះ ហើយវាមិនអាចធ្វើទៅបានក្នុងខែមិថុនានេះឡើយ ។ លោកថ្លែងម៉្យាងទៀតថា ទាំង អ.ស.ប ទាំងរុស្ស៊ី ទាំងសហរដ្ឋអាមេរិក សុទ្ធតែយល់ស្របថា ដំណោះស្រាយនយោបាយគឺជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចប់វិបត្តិស៊ីរី ៕
ចែករំលែកព័តមាននេះ