ក្រសួង​ដាក់​ផែនការថ្មី​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​ស្នាក់​នៅ​យូរ


ខេត្តសៀមរាប ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ផែនការមេ​ចំនួន​៦​ចំណុច សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប សំដៅ​ពន្យារ​នៃ​ការ​ស្នាក់​នៅ​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​បាន​មក​លេង​កម្សាន្ត​នៅ​ក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ​ឲ្យ​បាន​កាន់តែ​យូរ ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក​បណ្ឌិត ថោ​ង ខុន បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​៣១ តុលា កន្លង​មក​ថា នេះ​គឺជា​គោលនយោបាយ​ថ្មី​មួយ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន ពិសេស​គឺជា​ការ​ជំរុញ​ញ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប ប្រកបដោយ​និរន្តរភាព ។ ចំណុច​សំខាន់​ៗ​ទាំង​៦ ដែល​រាជរដ្ឋាភិបាល​ដាក់​ចេញ​រួម​មាន ៖
១-​ដាក់​ចេញ​ផែនការមេ​អភិវឌ្ឍន៍​ក្រុង​សៀមរាប ដែល​ត្រូវ​អភិវឌ្ឍន៍​ជាទី​ក្រុង​ទេសចរណ៍ ជាទី​ក្រុង​បេតិកភណ្ឌ និង​ជាទី​ក្រុង​ដែល​គិតគូរ​ពី​បរិស្ថាន ដោយ​ត្រូវធ្វើ​សមាហរណកម្ម ទាំង​លើ​ទិដ្ឋភាព​សេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន និង​ស្ថាបត្យកម្ម ដើម្បី​ទ្រទ្រង់​នឹង​កំណើន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ជា​ពិសេស​ស្រប​តាម​ទស្សនទាន « អភិរក្ស​ដើម្បី​អភិវឌ្ឍន៍ រីឯ​ការ​អភិវឌ្ឍ​ទ្រទ្រង់​ដល់​ការ​អភិរក្ស »​។

២-​ធ្វើការ​សិក្សា​រៀបចំ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក និង​អគ្គិសនី​ឲ្យ​បាន​គ្រប់គ្រាន់ និង​ត្រូវ​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​សំណល់​រឹង និង​រាវ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ស្តង់ដា​បរិស្ថាន ។ ព្រម​ជាមួយ​នេះ ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់​ឲ្យ​បាន​ល្អ និង​មាន​របៀបរៀបរយ ដាក់​ភ្លើង​សញ្ញា​ចរាចរណ៍​ឲ្យ​បាន​គ្រប់គ្រាន់ រៀបចំ​ដាក់​ភ្លើង​បំភ្លឺ​ទីក្រុង​សៀមរាប រៀបចំ​សោភ័ណ​ភាព​តាម​ស្ទឹង​សៀមរាប ពង្រីក​ផ្លូវ​ក្នុង​ក្រុង ជា​ពិសេស​ផ្លូវ​សម្រាប់​ថ្មើរជើង និង​ផ្លូវ​សម្រាប់​ជិះ​កង់ ។ ៣-​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ជុំវិញ​ក្រុង​សៀមរាប និង​គាំទ្រ​យុទ្ធនាការ « សៀមរាប​៖ ក្រៅពី​ប្រាសាទ » ជា​ពិសេស​តំបន់​ព្រែក​ទាល់ ចុង​ឃ្នាស បឹង​ទន្លេសាប ភ្នំ​គូលែន និង​តំបន់​សហគមន៍​ទេសចរណ៍ តំបន់​ក​សិ​-​ទេសចរណ៍ ទេសចរណ៍​ជនបទ ផលិតផល​ទេសចរណ៍​កែ​ច្នៃ​ផ្សេង​ៗ និង​ព្រឹត្តិការណ៍ ពិសេស​ទេសចរណ៍​កីឡា ដើម្បី​បង្កើន​ឧត្តមភាព​ប្រ​កួង​ប្រជែង​នៃ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប និង​ពន្យារពេល​ស្នាក់​នៅ​របស់​ភ្ញៀវ​ទេសចរ​។ ៤-​ការ​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍ និង​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ឆ្លើយ​តប​នឹង​កំណើន​ភ្ញៀវ​ទេសចរ ដោយ​ត្រូវ​ពង្រឹងគុណភាព​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ការ​បណ្តុះបណ្តាល​ផ្ទៃក្នុង និង​ជំរុញ​ការ​អនុវត្ត​ស្តង់ដា​អាស៊ាន​ក្នុង​វិស័យ​ទេសចរណ៍​។

៥-​កាត់​បន្ថយ​ការ​ធ្លុះធ្លាយ​នៃ​វិស័យ​ទេសចរណ៍​ដែល​កើត​ចេញពី​ការ​នាំ​ចូល​បន្លែ ផ្លែ​ឈើ និង​សាច់​ពី​បរទេស ៖ ត្រូវ​ជំរុញ​ការ​អភិវឌ្ឍ​ខ្សែក្រវាត់​បៃតង ជុំវិញ​ក្រុង​សៀមរាប ដោយ​ជំរុញ​សកម្មភាព​ដាំ​បន្លែ ផ្លែ​ឈើ និង​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​ធម្មជាតិ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ភ្ញៀវ​ទេសចរ ។ ៦-​ការ​ត្រៀម​លក្ខណសម្បត្តិ​ទទួលភ្ញៀវ​ទេសចរ​ចិន ជំរុញ​ការ​អនុវត្ត​សៀវភៅ​ស្តី​ពី China Ready សម្រាប់​ទេសចរណ៍​កម្ពុជា និង​ស្តង់ដា​វាយតម្លៃ​កម្ពុជា​សម្រាប់​សេវាកម្ម​ទេសចរណ៍ ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ចិន ដែល​ក្រសួងទេសចរណ៍​បាន​រៀបចំ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​ស្នាក់​នៅ​របស់​ភ្ញៀវ​ទេសចរ​ចិន​មក​កាន់​ខេត្តសៀមរាប ។
បន្ថែម​លើ​នេះ លោក​បណ្ឌិត ថោ​ង ខុន បាន​ស្នើ​ឲ្យ​រដ្ឋបាល​ខេត្ត​ត្រូវ​ជំរុញ​ឱ្យ​មានការ​យកចិត្តទុកដាក់​លើ​ការ​វិនិយោគ​លើ​វិស័យ​ផ្សេង​ៗ ពិសេស​ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​មាន​ផលិតផល​ទេសចរណ៍ ក៏​ដូច​ជា​សម្បទាន​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍ មាន​ភាព​សម្បូរ​បែប​សម្រាប់​បំពេញតម្រូវការ​របស់​ភ្ញៀវ​ទេសចរ ដែល​ចូល​មក កម្សាន្ត ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៨​នេះ ខេត្តសៀមរាប​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចំនួន​៤.៤៥០.៧៣២​នាក់ ក្នុង​កំណើន​៨,៥៥% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​១.៩០១.៥៦៩​នាក់ កើនឡើង​ប្រមាណ​៨,៤៧% ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ចូល​មក​ទស្សនា​កម្សាន្ត គេ​ពិនិត្យ​ឃើញ​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ចិន​ឈរ​លំដាប់ថ្នាក់​លេខ​១ មាន​ចំនួន ៨៣១.៨០៣​នាក់ ស្មើនឹង​៤៣,៧៤%​នៃ​ចំនួន​ភ្ញៀវ​អន្តរជាតិ​សរុប និង​កើនឡើង​ប្រមាណ​២៨,១៧% តាម​ពីក្រោយ​ដោយ​ភ្ញៀវ​មក​ពី​ប្រទេស​កូរ៉េ​ឈរ​លំដាប់ថ្នាក់​លេខ​២ មាន​ចំនួន​១៤២.៥១៥​នាក់ ។ ដោយឡែក ភ្ញៀវ​មក​ពី​ប្រទេស​ជប៉ុន អា​មេ​រិ​ក អង់គ្លេស បារាំង អូស្ត្រាលី វៀតណាម គឺ​មានការ​ថយ​ចុះ ខណៈ​ដែល​ភ្ញៀវ​មក​ពី​អា​ល្លឺ​ម៉​ង់ និង​ថៃ មានការ​កើនឡើង​ជាង​២% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ