រាជធានីភ្នំពេញ ៖ កាលពីម៉ោង១០និង១៥នាទីយប់ ថ្ងៃទី៥ មិថុនា នៅចំណុចផ្លូវលេខ១៩ កែងផ្លូវលេខ១៧២ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មានករណីរថយន្ដម៉ាកហ្វដ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2W-6404 បើកបរដោយបុរសជាជនជាតិបរទេសដឹកស្រ្ដីខ្មែរម្នាក់យ៉ាងលឿនស្លេវ ជ្រុលទៅបុកម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AO-3623 បណ្ដាលឱ្យដួលរងរបួសធ្ងន់ ។
ប្រភពព័ត៌មានពីមន្ដ្រីសមត្ថកិច្ចឱ្យដឹងថា មុនពេលកើតហេតុ រថយន្ដហ្វដបើកតាមផ្លូវលេខ១៧២ ពីលិចទៅកើត ចំណែកម៉ូតូជិះតាមផ្លូវលេខ១៩ ពីជើងទៅត្បូង ខណៈមកដល់ចំណុចផ្លូវបែកជាបួនរថយន្ដ និងម៉ូតូបើកលឿនដូចគ្នា បណ្ដាលឱ្យរថយន្ដជ្រុលទៅបុកមូ៉តូដួលរងរបួសធ្ងន់ ត្រូវរថយន្ដសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន ។ ក្រោយកើតហេតុនគរបាលចរាចរខណ្ឌដូនពេញចុះទៅវាស់វែង ដើម្បីយករថយន្ដ និងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយនៅការិយាល័យនគរបាលចរាចផ្លូវគោក ។ ពេលនោះ ស្រាប់តែមានបុរស២នាក់ ក្នុងស្ថានភាពស្រវឹងដាបស្លៀកពាក់ឯកសណ្ឋានស៊ីវិល ជិះម៉ូតូ២គ្រឿងទៅកិនជើងសមត្ថកិច្ចដែលកំពុងវាស់វែងដោយចេតនា ថែមទាំងជក់បារីនៅជិតម៉ូតូដែលហូរសាំង ឃើញបែបនេះនគរាលចរាចរនិយាយណែនាំ បែរជាបុរស២នាក់នោះរករឿងឈ្លោះប្រកែកជាមួយសមត្ថកិច្ច ហើយអួតអាងថា ពួកគេជាមន្ដ្រីកងរាជអាវុធហត្ថចុះមកជួយអន្ដរាគមន៍ ។
ប្រភពដដែលបន្ដថា បុរសទាំង២នាក់ត្រូវនគរបាលប៉ុស្ដិ៍ជ័យជំនះចុះទៅឃាត់ខ្លួនបានម្នាក់ និងម៉ូតូមួយគ្រឿង ចំណែកបុរសម្នាក់ទៀតដឹងខ្លួនទាន់ជិះម៉ូតូគេចបាត់ ។ ខណៈពេលសមត្ថកិច្ចសួរ និងស្រាវជ្រាវ ទើបបុរសប្រមឹកដែលអួតអាងថាជាមន្ដ្រីកងរាជអាវុធហត្ថនោះ សារភាពថា រូបគេជាអ្នករត់ម៉ូតូឌុបទេ ធ្វើឱ្យសមត្ថកិច្ចឈឺក្បាលនិងហួសចិត្ដ ៕
ចែករំលែកព័តមាននេះ