ទីភ្នាក់ងាររ៉យទ័រផ្សាយថា អគ្គរដ្ឋទូតប្រទេសស្វុ៊ីសប្រចាំក្នុងអង្គការដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនៅសហគមន៍អឺុរ៉ុប ស្ថិតនៅក្រុងប៉ារីស ប្រទេសបារាំង ត្រូវប៉ូលិសចាប់ខ្លួនពីបទបើកបរក្នុងស្ថានភាពស្រវឹង កាលពីថ្ងៃទី៤ មិថុនា ។ប្រភពបញ្ជាក់ថា ប៉ូលិសក្រុងប៉ារីសបានពិនិត្យឃើញរថយន្ដម៉ាកមែរសឺដេស ពាក់ស្លាកលេខការទូត បើកបរនៅក្នុងតំបន់ដោនថោន ក្រុងប៉ារីស កាលពីយប់ថ្ងៃទី២ មិថុនា ហើយប៉ូលិសព្យាយាមឃាត់ឱ្យឈប់ ប៉ុន្ដែអ្នកបើកបរគឺលោក ស្ដេហ្វាន ផ្លូកខាយហ្គ័រ អាយុ៥៤ឆ្នាំ មិនព្រមឈប់ថែមទាំងបង្កើនល្បឿនដើម្បីគេចពីប៉ូលិស តែទីបំផុតរថយន្ដត្រូវប៉ូលិសបាញ់បំបែកកង់ ។
លោក ស្ដេហ្វាន ផ្លូកខាយហ្គ័រ ត្រូវចាប់ខ្លួន បញ្ជូនទៅប៉ុស្ដិ៍ ដើម្បីពិនិត្យកម្រិតជាតិអាល់កុលក្នុងខ្លួន ហើយលោកមានការភិតភ័យនៅពេលឃើញថា កម្រិតជាតិអាល់កុលក្នុងខ្លួនលើសកំណត់ ។ ទោះយ៉ាងណា ក្រោយមកប៉ូលិសក៏ដោះលែងទៅវិញនៅពេលដឹងថា បុរសរូបនោះមានអភ័យឯកសិទ្ធិជាអ្នកការទូត ។
ស្របពេលជាមួយគ្នានោះដែរ ខាងក្រសួងការបរទេសប្រទេសស្វ៊ីស បានថ្លែងដោយទទួលស្គាល់ថា តំណាងរបស់ខ្លួនដែលប្រចាំនៅអង្គការអភិវឌ្ឍសេដ្ឋកិច្ច ត្រូវបានចាប់ខ្លួនដោយប៉ូលិសបារាំង និងបញ្ជាក់បន្ដថា អាជ្ញាធរស្វ៊ីសយល់ព្រមនឹងដកអភ័យឯកសិទ្ធិផ្នែកការទូតរបស់លោក ស្ដេហ្វាន ផ្លូកខាយហ្គ័រ ប្រសិនបើមានការស្នើសុំពីប៉ូលិសប្រទេសបារាំង ៕
ចែករំលែកព័តមាននេះ