នៅថ្ងៃទី៣ កុម្ភៈ ២០១៣ កាំង ហ្កេកអ៊ាវ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតដោយអង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ។ នៅថ្ងៃដដែល សហព្រះរាជអាជ្ញាបានដាក់សំណើមួយសុំឱ្យអនុវត្តទោសស្របទៅតាមវិធាន១១៣ (១) នៃវិធានផ្ទៃក្នុង ។
សហព្រះរាជអាជ្ញាបានស្នើសុំថា ៖ ១-កាំង ហ្កេកអ៊ាវ ត្រូវបន្តនៅមន្ទីរឃុំឃាំង អ.វ.ត.ក រហូតដល់បញ្ចប់ការផ្តល់សក្ខីកម្មរបស់គាត់ក្នុងសំណុំរឿង០០២ ដែលបានកំណត់ពេលរួចហើយ និង២-ការផ្តល់ពន្ធនាគារសមស្របត្រូវបានកំណត់សម្រាប់កាំង ហ្កេកអ៊ាវ នៅក្នុងប្រព័ន្ធពន្ធនាគារជាតិ ។
អ.វ.ត.ក គឹជាតុលាការជាតិដែលស្ថិតនៅក្នុងប្រព័ន្ធច្បាប់របស់ប្រទេសកម្ពុជា ហើយអាជ្ញាធរកម្ពុជា គឺជាអ្នកទទួលខុសត្រូវចុងក្រោយសម្រាប់ការដាក់ពន្ធនាគាររាល់បុគ្គលទាំងអស់ដែលត្រូវបានផ្តន្ទាទោស និងបានប្រកាសទោសនៅ អ.វ.ត.ក ចំពោះទោសត្រូវជាប់ពន្ធនាគារ ។
លោកអគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយគ្រប់បែបយ៉ាងដល់សហព្រះរាជអាជ្ញា ។ ទីកន្លែងសមស្របដែលអាចឱ្យ កាំង ហ្កេកអ៊ាវ នៅបាន គឺពន្ធនាគារខេត្តកណ្តាល ។ បុគ្គលិកដែលជាសមាជិករបស់ការិយាល័យសហព្រះរាជអាជ្ញាបានទៅធ្វើទស្សនកិច្ចនៅពន្ធនាគារខេត្តកណ្តាល កាលពីខែមិថុនា ឆ្នាំ២០១២ និងខែឧសភា ឆ្នាំ២០១៣ ហើយបានធ្វើការត្រួតពិនិត្យទីកន្លែងដែលគេបានស្នើសម្រាប់ដាក់ កាំង ហ្កេកអ៊ាវ ។ ខណៈដែលបានទទួលស្គាល់អំពីការកម្រិតផ្សេងៗនៅក្នុងការប្រតិបត្តិលក្ខខណ្ឌនៃពន្ធនាគារក្នុងស្រុក សហព្រះរាជអាជ្ញា ដោយមានមូលដ្ឋាននៅលើការអង្កេតសាកសួររបស់ខ្លួនបានធ្វើការសន្និដ្ឋានចុងក្រោយថា ទីកន្លែងពន្ធនាគារដែលគេបានស្នើសម្រាប់ដាក់ កាំង ហ្កេកអ៊ាវ នោះគឺជាពន្ធនាគារមួយដែលនឹងការពារផលប្រយោជន៍របស់គាត់បានល្អប្រសើរបំផុត ៕
ចែករំលែកព័តមាននេះ