ខេត្តបាត់ដំបង ៖ មន្ត្រីអនុរក្សពន្ធនាគារបានឱ្យដឹងថា អ្នកទោសឧក្រិដ្ឋម្នាក់បានរត់ចេញពីពន្ធនាគារគេចខ្លួនបាត់ដោយសុវត្ថិភាព គ្រាដែលឆ្មាំពន្ធនាគារបញ្ចេញឱ្យមកធ្វើការងារនៅខាងក្រៅ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៥ មិថុនា ។ ជាមួយគ្នានេះ សាក្សីបាននិយាយថា គេឃើញមានរថយន្តកាមរីកញ្ចាស់២គ្រឿងចាំទទួលឧក្រិដ្ឋជននោះនៅលើកំណាត់ផ្លូវមួយខាងត្បូងពន្ធនាគារចម្ងាយប្រហែលជាង១គីឡូម៉ែត្រ។
តាមរយៈរូបថតឧក្រិដ្ឋជនរាប់សិបសន្លឹកដែលឆ្មាំពន្ធនាគារថតចម្លងបង្ហាញជាសាធារណៈគឺទណ្ឌិតនោះឈ្មោះ សួម វុទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ ។ ជននេះត្រូវតុលាការសម្រេចឃុំខ្លួនក្នុងពន្ធនាគារកាលពីថ្ងៃ២២ កុម្ភៈ ២០១២ ដោយចោទពីបទ «ប្លន់» និងបានកំណត់ទោសជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ។ មន្ត្រីពន្ធនាគារបញ្ជាក់ថា ជននេះបានឆក់ឱកាសរត់គេចខ្លួននៅគ្រាដែលគេបញ្ចេញឱ្យមកធ្វើការងារខាងក្រៅពន្ធនាគារ ខណៈទើបជាប់ពន្ធនាគារបានជាង១ឆ្នាំប៉ុណ្ណោះ ។ ឆ្មាំពន្ធនាគារដដែលបន្ថែមថា ពេលកំពុងបណ្តើរទៅកន្លែងធ្វើការងារនៅខាងក្រៅ ជននេះបានសុំបត់ជើងក្បែរគុម្ពោតព្រៃមួយ ហើយពេលឆ្មាំពន្ធនាគារមិនចាប់អារម្មណ៍តាមមើល ស្រាប់តែជននេះដាក់េមប្រូចបាត់ស្រមោលនាំឱ្យមានការភ្ញាក់ផ្អើលតែម្តង ។
ស្របពេលដែលកម្លាំងសមត្ថកិច្ច និងឆ្មាំពន្ធនាគាររាប់សិបនាក់កំពុងផ្អើលឆោឡោស្វែងរកទណ្ឌិតរូបនេះ ស្រាប់តែមានប្រភពពីអ្នកភូមិមកថា គេបានប្រទះឃើញរថយន្តម៉ាកកាមរី២គ្រឿង ដែល១គ្រឿងពណ៌ស និង១គ្រឿងទៀតពណ៌ស្លែឈប់នៅខាងមុខវត្តកំពង់សីមា ក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខាងត្បូងពន្ធនាគារប្រហែលជាង២គីឡូម៉ែត្រ ។ សាក្សីបន្តថា បន្តិចក្រោយមកគេឃើញបុរសម្នាក់គ្មានអាវដែលគេសង្ស័យថាជាឧក្រិដ្ឋជននោះ បានដើេរចេញពីភូមិឡើងរថយន្តពណ៌ស្លែយ៉ាងប្រញាប់ប្រញាល់ រួចរថយន្តទាំង២គ្រឿងបើកចេញយ៉ាងលឿនឆ្ពោះទៅទិសខាងត្បូងចូលក្នុងទឹកដីស្រុកបាណន់បាត់ទៅ ។
គួររំលឹកថា អ្នកទោសក្នុងពន្ធនាគារខេត្តបាត់ដំបង តែងរត់រួចចេញពីពន្ធនាគារជាបន្តបន្ទាប់កាលពីអំឡុងស្ថិតក្រោមការគ្រប់គ្រងរបស់លោក កង សារ៉េន (េមពន្ធនាគារចាស់) ដែលភាគច្រើនជាអ្នកទោសឧក្រិដ្ឋ ប៉ុន្តែក្រោយពីធ្វើការផ្លាស់ប្តូរមេពន្ធនាគារថ្មី គេសង្ឃឹមថាពន្ធនាគារដែលសម្បូរទៅដោយរឿងអាស្រូវមួយនេះមានការកែទម្រង់ និងរឹតបន្តឹងផ្នែកការពារសន្តិសុខបានល្អប្រសើរជាងមុន ប៉ុន្តែទីបំផុតនៅតែមានការធ្វេសប្រហែសបណ្តោយឱ្យអ្នកទោសឧក្រិដ្ឋរត់រួចដដែល ។ បញ្ហានេះបានធ្វើឱ្យមជ្ឈដ្ឋាននានារិះគន់យ៉ាងខ្លាំងចំពោះភាពធូររលុងរបស់ឆ្មាំពន្ធនាគារ ។
មតិខ្លះបានលើកឡើងថា បើមានរថយន្តមករង់ចាំរំដោះអ្នកទោសខាងលើនេះមែន តើពួកគេទាក់ទងគ្នាបានដោយរបៀបណា ? ហេតុអ្វីក៏ពួកគេណាត់គ្នាចំពេលដែលឆ្មាំពន្ធនាគារបញ្ចេញអ្នកទោសធ្វើការខាងក្រៅបានច្បាស់លាស់ល្អម៉្លេះ ? ហេតុអ្វីពេលអ្នកទោសរូបនេះសុំបត់ជើង ឆ្មាំពន្ធនាគារមិនបានតាមមើល ហើយបែរជាធ្វើមិនដឹងទៅវិញ ? ប៉ុន្តែតាមប្រភពពីក្រុមគ្រួសារអ្នកទោសដែលធ្លាប់ចូលសួរសុខទុក្ខសាច់ញាតិនិយាយថា នៅក្នុងពន្ធនាគារមានអ្នកបម្រើសេវាទូរស័ព្ទសាធារណៈ ។ អ្នកទោសអាចប្រើប្រាស់សេវានេះបានដោយសេរី ដោយហៅចេញទៅកាន់សាច់ញាតិខាងក្រៅក្នុង១នាទីតម្លៃពី៣.០០០រៀលទៅ៤.០០០រៀល ប៉ុន្តែបើគ្រាន់តែសុំស៊ីញ៉ូគេយក៥០០រៀល ឬ១.០០០រៀល ។
ជុំវិញបញ្ហានេះ ប្រធានពន្ធនាគារខេត្តបាត់ដំបង លោក អុល ធារិទ្ធ មិនបានពន្យល់លម្អិតអំពីមូលហេតុពិតប្រាកដដែលនាំឱ្យអ្នកទោសរត់រួចចេញពីពន្ធនាគារនោះទេ ។ លោកបានប្រាប់តាមទូរស័ព្ទថា «ខ្ញុំកំពុងពិនិត្យមើល និងរៀបចំរបាយការណ៍ ហើយក៏មិនទាន់ដឹងថាអ្នកទោសនោះជាប់ពីបទអ្វី និងប៉ុន្មានឆ្នាំដែរ ព្រោះអ្នកទោសមានច្រើនណាស់ មិនមែនមានតែម្នាក់ហ្នឹងទេ» រួចក៏ចុចផ្តាច់ទូរស័ព្ទតែម្តង ។ គិតត្រឹមម៉ោង១រសៀលថ្ងៃដដែល កម្លាំងសមត្ថកិច្ច និងឆ្មាំពន្ធនាគារនៅតែបន្តតាមប្រមាញ់ឧក្រិដ្ឋជននៅឡើយ តែគ្មានតម្រុយពីមុខសញ្ញានេះទេ ខណៈដែលរូបថតឧក្រិដ្ឋជននេះរាប់សិបសន្លឹកត្រូវបានចែកជូនជាសាធារណៈឱ្យជួយពិនិត្យ ។ នេះជាការធ្វេសប្រហែសរបស់មន្ត្រីអនុរក្សពន្ធនាគារដែលគ្មានការកែទម្រង់ ធ្វើឱ្យអ្នកទោសនៅតែអាចរត់រួចចេញពីពន្ធនាគារបានដោយសុវត្ថិភាពដដែល ៕
ចែករំលែកព័តមាននេះ