រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតដោយលោតទឹកពីលើស្ពានព្រះមុនីវង្សចាស់ បណ្តាលឱ្យលិចបាត់ចូលទៅក្នុងទឹកទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ មិថុនា ដោយគ្រាន់តែឃើញនាងជាសង្សារឡកឡឺយ ដាក់បុរសដទៃនៅក្នុងពិធីខួបកំណើតមិត្តភក្តិ ។
យុវជនដែលសង្ស័យធ្វើអត្តឃាតព្រោះតែការប្រចណ្ឌជាមួយស្រីស្នេហ៍នេះមិនមាននរណាជួយទាន់ឡើយ ខណៈដែលរូបគេលោតពីលើស្ពាននោះ ព្រោះតែហេតុការណ៍នេះបានកើតឡើងនៅកណ្តាលយប់ ។ តាមប្រភពព័ត៌មានជុំវិញហេតុការណ៍ខាងលើនេះបានឱ្យដឹងថា មុនពេលកើតហេតុការណ៍គេឃើញយុវជនដែលលោតទឹកសម្លាប់ខ្លួននោះបានជិះរុឺម៉កម៉ូតូធ្វើដំណើរត្រឡប់មកពីខួបកំណើតមិត្តភក្តិនៅត្រើយខាងកើតផ្សារច្បារអំពៅ ដោយរួមដំណើរជាមួយនារីជាគូស្នេហ៍ ។
លុះពេលធ្វើដំណើរដល់ជិតពាក់កណ្តាលស្ពាន រូបគេបានឱ្យរុឺម៉កម៉ូតូនោះឈប់ ហើយលោតចុះពីលើរ៉ឺម៉កម៉ូតូរួចលោតទឹកសម្លាប់ខ្លួនតែម្តង ។ ក្នុងហេតុការណ៍ខាងលើនេះ នគរបាលមូលដ្ឋានបានចុះទៅអន្តរាគមន៍សួរនាំនារីជាគូស្នេហ៍របស់យុវជនដែលលោតទឹកសម្លាប់ខ្លួននោះ ដើម្បីចង់ដឹងពីមូលហេតុនៃការលោតទឹកសម្លាប់ខ្លួន ។ ប៉ុន្តែនារីរូបនោះមិននិយាយស្តីអ្វីទាំងអស់ គឺគិតតែពីស្រែកទ្រហោយំបណ្តើរនិយាយទូរស័ព្ទបណ្តើរ ។
លើសពីនេះទៅទៀត នារីដដែលនោះបាននិយាយទូរស័ព្ទរបស់ខ្លួនរហូតអស់លុយក៏ខ្ចីទូរស័ព្ទអ្នកដទៃដែលឈរមើលហេតុការណ៍នោះនិយាយបន្តទៀត ។
មួយសន្ទុះក្រោយមកក៏មានមិត្តភក្តិរបស់នាងជិះម៉ូតូមកដល់ក៏ទទួលយកនាងទៅភ្លាមៗដោយយកទាំងទូរស័ព្ទអ្នកដែលបានខ្ចីនោះទៅជាមួយទៀតផង ។ ដោយសារតែបញ្ហានេះហើយ ទើបភ្លាមៗនោះពុំមាននរណាម្នាក់បានស្គាល់អត្តសញ្ញាណគូស្នេហ៍ខាងលើនេះ ។ ប៉ុន្តែបើទោះជាបែបណាក៏ដោយ នៅមានសាក្សីខ្លះដែលបានស្តាប់នារីខាងលើនិយាយទូរស័ព្ទថា យុវជនដែលលោតទឹកសម្លាប់ខ្លួននោះ គឺបណ្តាលមកពីរឿងប្រចណ្ឌនាងជាមួយអ្នកផ្សេង ដោយសារតែនាងស្លៀកពាក់សិចស៊ីទៅចូលរួមក្នុងពិធីខួបកំណើតមិត្តភក្តិ ហើយមានមិត្តភក្តិផ្សេងទៀតនិយាយលេងឌឺដងដាក់នាងច្រើន ទើបយុវជនជាសង្សាររបស់នាងតូចចិត្តរហូតលោតទឹកសម្លាប់ខ្លួនឯងតែម្តង ។
ទោះបីជាបែបណាក្តី មិនមានប្រភពជាក់លាក់ណាមួយឱ្យដឹងបន្ថែមនោះទេ ពីព្រោះថាបើគ្រាន់តែរឿងប្រចណ្ឌនឹងនាងជាសង្សារ ហើយលោតទឹកសម្លាប់ខ្លួនបែបនេះ មិនគប្បីទាល់តែសោះក្នុងការរក្សាចំណងស្នេហ៍របស់ខ្លួននោះ ។ សម្រាប់យុវជនទូទៅ ពុំគួរគប្បីយកគំរូបែបនេះមកដាក់ក្នុងខ្លួនសោះឡើយ ។ នៅព្រឹកថ្ងៃទី៥ មិថុនា គេបានស្គាល់អត្តសញ្ញាណយុវជនដែលលោតទឹកសម្លាប់ខ្លួន គឺឈ្មោះ កែវ គីម អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ២២ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។ សពយុវជនខាងលើនេះមិនទាន់អណ្តែតឡើងទេ ។
ប៉ុន្តែក្រុមគ្រួសារដែលបានដឹងព័ត៌មានតាមរយៈមិត្តភក្តិថា គេបានលោតទឹកសម្លាប់ខ្លួនទើបក្រុមគ្រួសារជួលទូកអ្នកនេសាទត្រីមុជរាវរកនៅកន្លែងដែលបានលោតនោះក៏ឃើញសពស្រង់ឡើងគោក ដើម្បីយកទៅធ្វើបុណ្យតាមទំនៀមទម្លាប់ ។ ចំពោះករណីខាងលើនេះ តាមការបំភ្លឺរបស់មិត្តភក្តិនៃសពយុវជនខាងលើបានឱ្យដឹងថា មុនពេលមានដំណឹងថា ឈ្មោះ កែវ គីម លោតទឹកសម្លាប់ខ្លួន គឺរូបគេបានទៅចូលរួមក្នុងពិធីខួបកំណើតមិត្តភក្តិនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ ជាមួយនារីជាសង្សារ។ ពេលនោះនារីជាសង្សារទាស់ទែងគ្នាជាមួយឈ្មោះ កែវ គីម ហើយបានទះកំផ្លៀងឈ្មោះ កែវ គីម នៅចំពោះមុខមិត្តភក្តិ រួចហើយក៏នាំគ្នាចាកចេញពីក្នុងពិធីមក ស្រាប់តែឮដំណឹងថា ឈ្មោះ កែវ គីម លោតទឹកសម្លាប់ខ្លួនបាត់ទៅហើយ ។
បញ្ហានេះដែរ ក្រុមគ្រួសារសពយុវជនខាងលើបានសំណូមពរទៅសមត្ថកិច្ចជំនាញឱ្យជួយហៅនារីម្នាក់ជាសង្សាររបស់សពមកសួរឱ្យដឹងពីហេតុផលច្បាស់លាស់ផងដែរ ។
ប្រភពព័ត៌មានពីក្រុមគ្រួសារបានឱ្យដឹងទៀតថា សពឈ្មោះ កែវ គីម និងនារីសង្សារបានស្រឡាញ់គ្នារស់នៅជាមួយគ្នាក្រោមដំបូន្មានឪពុកម្តាយមួយរយៈមកហើយ មិននឹកស្មានថា ស្រឡាញ់គ្នាបែបនេះ តើមូលហេតុអ្វីទើបកើតមានការធ្វើអត្តឃាតដូច្នេះទៅវិញ? ព័ត៌មានដាច់ដោយឡែកមួយទៀត បុរសម្នាក់ផ្សេងទៀតក៏បានទៅលោតទឹកសម្លាប់ខ្លួន នៅលើស្ពានព្រះមុនីវង្សថ្មីផដែរ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៥ មិថុនា ដោយមិនដឹងពីមូលហេតុ ប៉ុន្តែសំណាងល្អមិនស្លាប់ដោយសារបានសមត្ថកិច្ចជួយអន្តរាគមន៍ជួលទូកនេសាទ ដើម្បីសង្គ្រោះជីវិតឱ្យរួចផុតពីសេចក្តីស្លាប់ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា បុរសដែលគិតខ្លីមកលោតទឹកប៉ងធ្វើអត្តឃាតខាងលើនេះ ឈ្មោះ កាន់ សុភាព ហៅគោ អាយុ៣២ឆ្នាំ រស់នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ បើតាមសមត្ថកិច្ចបានអះអាងថា បុរសខាងលើនេះប៉ងធ្វើអត្តឃាតដោយសារតែរូបគាត់បានផឹកស្រាច្រើនពេកមើលទៅហាក់បីដូចជាមនុស្សស្រវឹងខួប ទើបវង្វេងស្មារតីចង់សម្លាប់ខ្លួនបែបនេះ ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបាននាំបុរសរូបនោះមកធ្វើការណែនាំអប់រំដើម្បីកុំឱ្យធ្វើដូចនេះទៀត រួចក៏ឱ្យបុរសនេះត្រឡប់ទៅលំនៅឋានវិញ ៕
ចែករំលែកព័តមាននេះ