រាជធានីភ្នំពេញ ៖ រថយន្តដឹកសំពីងសំពោងហួសកំណត់តាមបណ្តោយផ្លូវលេខ៥៩៨ មកដល់ផ្លូវលេខ២៧១ ឆ្លងកាត់ក្រោមស្ពានអាកាស៧មករា ក្នុង ១យប់ៗ មានរាប់រយគ្រឿង ប៉ុន្តែសមត្ថកិច្ច ក៏ដូចជាប៉ូលិសចរាចរណ៍ដែលឈរជើងប្រចាំការនៅតំបន់នោះ មិនអើពើឃាត់ឡើយ បែរជាលូកដៃចាំយកតែលុយទៅវិញ ។
តាមប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា ចាប់ពីម៉ោង ៦ល្ងាច រហូតដល់ម៉ោង ៦ព្រឹក រថយន្តដឹកសំពីងសំពោងហួសកំណត់ បានបើកឆ្លងកាត់ចំណុចក្រោមស្ពានអាកាស៧មករា ក្នុង ១ថ្ងៃ រាប់រយគ្រឿង បង្កឱ្យមានការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗ ប៉ុន្តែ សមត្ថកិច្ចដែលប្រចាំការនៅទីនោះ ពុំមានចំណាត់ការ ឬឃាត់រថយន្តទាំងនោះឡើយ គឺចាំតែលូកដៃយកលុយក្នុង ១រថយន្ត ៥ពាន់រៀល ។
គួរបញ្ជាក់ថា ទោះបីជា លោក ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ ធ្លាប់បានចេញបញ្ជាឱ្យចាប់រថយន្តដឹកសំពីងសំពោងហួសកំណត់ផាកពិន័យយ៉ាងណាក៏ដោយ ក៏លោកស័ក្តិ៣ ជ័យ សុខគា ជាប្រធានគោលដៅប៉ូលិសចរាចរណ៍ក្រោមស្ពានអាកាស៧មករា មិនខ្លាចញញើត នៅតែបញ្ជាឱ្យកូនចៅចាំយកលុយរថយន្តទាំងនោះដដែល ៕
ចែករំលែកព័តមាននេះ