រាជធានីភ្នំពេញ ៖ រថយន្តម៉ាកកាមរីបាឡែនស៊េរី២០០២ ពណ៌ស្ករ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ២K ៦១៤១ ត្រូវបានបុរសជាប្តីផ្ទុះកំហឹងចាក់សាំងដុតចោលផ្អើលទាំងកណ្តាលយប់នៅមុខស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រហូតធ្វើឱ្យរថយន្តស៊េរីទំនើបមួយគ្រឿងនេះក្លាយជាចំណីភ្លើងឆេះហ្មត់សល់តែគ្រោងឆ្អឹង ។ ការដុតរថយន្តខ្លួនឯងឱ្យឆេះនេះគឺបន្ទាប់ពីមានទំនាស់គ្នា ហើយបុរសជាប្តីវាយប្រពន្ធបែកក្បាលទំនងជាដើមហេតុនៃការប្រចណ្ឌ ។
ហេតុការណ៍នេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៥៥នាទីកណ្តាលអធ្រាត្រថ្ងៃទី៤ មិថុនា នៅតាមបណ្តោយផ្លូវលេខ៥៩៨ ក្បែរប៉ុស្តិ៍យាមមុខស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតនៅក្នុងភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សី ។ បន្ទាប់ពីដុតរថយន្តបង្កការរំខានដល់ប៉ូលិសទាំងយប់នោះមក បុរសជាប្តីឈ្មោះហួយ ម៉េងសូរ អាយុ៣៦ឆ្នាំ មានលំនៅភូមិត្រពាំងព្រីង ឃុំស្ទឹងត្រែង ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង ត្រូវនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួនដើម្បីសាកសួរ ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក កាមរីបាឡែន ជិះគ្នា៣នាក់គឺបុរសជាប្តីឈ្មោះហួយ ម៉េងសូរ ប្រពន្ធឈ្មោះលឹម សុខអ៊ាង អាយុ៤០ឆ្នាំ និងប្អូនស្រីខាងប្តីម្នាក់ឈ្មោះហួយ វួចនា អាយុ២៦ឆ្នាំ បានធ្វើដំណើរតាមផ្លូវលេខ៥៩៨ ក្នុងទិសដៅពីត្បូងទៅ
ជើង ។ នៅពេលធ្វើដំណើរមកដល់មុខស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាប់តែគេឃើញរថយន្តនោះបើកទៅអែបខាងឆ្វេងដៃ ក្បែរប៉ុស្តិ៍យាមមុខស្នងការដ្ឋានហើយស្ត្រីជាប្រពន្ធរួមទាំងប្អូនស្រីបានបើកទ្វារចុះពីលើរថយន្ត ហើយរត់ចូលក្នុងស្នងការដ្ឋាន ។
ខណៈនោះ បុរសជាប្តីក៏ផ្ទុះកំហឹងបានយកសាំងក្នុងរថយន្តប្រមាណជិត៥លីត ចាក់ស្រោចលើរថយន្តហើយបានដុតឱ្យឆេះសន្ធោសន្ធៅក្រហមច្រាលធ្វើឱ្យមានការភ្ញាក់ផ្អើលទាំងយប់។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលដុតរថយន្ត ប្តី-ប្រពន្ធ២នាក់មានទំនាស់គ្នាបែកផ្សែងក្នុងរថយន្តតាំងពីផ្ទះប្អូននៅសង្កាត់បឹងត្របែកខណ្ឌចំការមន ដោយសារតែប្រពន្ធមានការប្រចណ្ឌខឹងនឹងរឿងចាយប្រាក់អស់១ពាន់ដុល្លារ ។ បន្ទាប់ពីដុត អំណាចភ្លើងសាំងបានឆាបឆេះរថយន្តតាមចិត្តអស់រយៈពេលប្រមាណជាងកន្លះម៉ោងទើបរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងដែលប្រចាំការនៅខណ្ឌឫស្សីកែវ បានចេញទៅអន្តរាគមន៍បាញ់អស់ទឹកមួយគ្រឿងទើបរលត់ ។
ទោះបីយ៉ាងណា រថយន្តកាមរីបាឡែនដែលទើបតែទិញបានប្រមាណជិត៤ខែត្រូវភ្លើងឆេះហ្មត់ សល់តែគ្រោងឆ្អឹងហើយត្រូវប៉ូលិសចរាចរស្ទូចយកទៅទុកតាមដងផ្លូវមុខការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ទន្ទឹមនឹងនោះ បុរសជាប្តីនិងប្រពន្ធព្រមទាំងប្អូនត្រូវឃាត់ខ្លួនសួរនាំនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលផងដែរ ៕
ចែករំលែកព័តមាននេះ