មនុស្ស២នាក់បានជួបឧបទ្ទហេតុឆេះរថយន្ដដ៏សន្ធោសន្ធៅនៅតំបន់ប្រារ៉ាម៩ ក្រុងបាងកក ប្រទេសថៃ កាលពីយប់ថ្ងៃទី៥ មិថុនា។ កាសែតថៃបានផ្សាយថា កាលពីវេលាម៉ោង២និង៣០នាទីទៀបភ្លឺថ្ងៃទី៥ មិថុនា ប៉ូលិសនៅស្នងការហួម៉ាកក្រុងបាងកក ទទួលបានរបាយការណ៍កើតមានថា មានឧបទ្ទវហេតុភ្លើងឆេះរថយន្ដបណ្ដាលឱ្យមានអ្នកស្លាប់ និងខូចខាតរថយន្ដនៅលើដងផ្លូវប្រារ៉ាម៩ ។
សមត្ថកិច្ចបានទៅកន្លែងកើតហេតុ ឃើញរថយន្ដម៉ាកហុងដា ពណ៌ស ពាក់ស្លាកលេខ ៤៣០៧ ទៅបាងកក មួយគ្រឿងត្រូវភ្លើងឆេះ ខណៈក្រឡាប់ទៅខាងស្ដាំ ក្នុងទិសដៅឆ្ពោះទៅស្ពានម៉ូទ័រវ៉េ ។ រថយន្ដត្រូវឆាបឆេះដ៏សន្ធោសន្ធៅ បានចំណាយពេលពន្លត់ដល់ទៅ១៥នាទី ។
តាមការពិនិត្យនៅក្នុងរថយន្ដមានអ្នកស្លាប់២នាក់ កៀបជាប់ក្នុងនោះ ហើយក្រុមជួយសង្គ្រោះបានប្រើឧបករណ៍គាស់យកសាកសព និងបញ្ជូនទៅធ្វើកោសល្យវិច្ច័យ នៅឯមន្ទីរពេទ្យឱ្យបានលម្អិត ។ ប៉ូលិសនៅស្នងការហួម៉ាក និយាយថា ការត្រួតពិនិត្យជំហានដំបូងមិនទាន់ដឹងថា ជនរងគ្រោះដល់ជីវិតជាអ្នកស្រុកក្នុងតំបន់ណាទេ ។ សមត្ថកិច្ចកំពុងរកក្រុមគ្រួសាររបស់ជនរងគ្រោះ ដើម្បីឱ្យដឹងពីមូលហេតុនៃឧបទ្ទហេតុនេះរន្ធត់នេះ ៕
ចែករំលែកព័តមាននេះ