ក្រុងប៉ោយប៉ែត ៖ ពលករខ្មែរចំណាកស្រុកឆ្លងដែនចូលទៅធ្វើជាកម្មករនៅក្នុងទឹកដីថៃ ហើយជួបនឹងគ្រោះថ្នាក់ដល់បាត់បង់អាយុជីវិតក្នុងមួយខែៗយ៉ាងហោចណាស់ក៏ជាង១០នាក់ដែរ ហើយត្រូវបានបញ្ជូនសពចូលមកប្រទេសវិញតាមច្រកប៉ោយប៉ែត ដើម្បីប្រគល់ឱ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ នេះបើយោងតាមមន្ត្រីក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃបានប្រាប់ឱ្យដឹង ។
ជាក់ស្តែងនៅរសៀលថ្ងៃទី៣ មិថុនា នេះសពជនរងគ្រោះម្នាក់មានឈ្មោះ ឌឿ ផៃ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិទំលាប ឃុំប្រាសាទ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ ដែលបានលួចឆ្លងដែនចូលតាមច្រករបៀងខុសច្បាប់មួយកន្លែងនៅក្នុងតំបន់ជាយក្រុងប៉ោយប៉ែត ដើម្បីទៅធ្វើជាកម្មករបោសសម្អាតសំរាមតាមដងផ្លូវទីសាធារណៈនៅទីក្រុងបាងកកប្រទេសថៃ បានដេកស្លាប់ដោយសារខ្យល់គរនៅក្នុងបន្ទប់ជួលស្នាក់នៅក្នុងទឹកដីថៃកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១ មិថុនា ។
បើតាមប្រភពព័ត៌មានពីក្រុមការងារមន្ត្រីយោធាទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំក្រុងប៉ោយប៉ែតបានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរតែងធ្វើចំណាកស្រុកឆ្លងដែនចូលទៅរកការងារធ្វើនៅក្នុងប្រទេសថៃបន្តកន្ទុយគ្នាស្ទើរគ្មានថ្ងៃលស់នោះ ហើយខ្លះចូលតាមច្រកត្រង់ និងច្រករបៀងខុសច្បាប់មានចំនួនរាប់រយនាក់ក្នុងមួយខែៗ ។ ជារឿយៗគេតែងសង្កេតឃើញមានពលករចំណាកស្រុកទាំងនោះបានស្លាប់បាត់បង់ជីវិតយ៉ាងហោចណាស់ក៏ជាង១០នាក់ដែរ ។ រីឯសពជនចំណាកស្រុកទាំងនោះត្រូវអាជ្ញាធរថៃបញ្ជូនមកឱ្យអាជ្ញាធរយើងដើម្បីប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ។
ប្រភពដដែលបន្តថា នៅពេលក្រុមពលករខ្មែរចំណាកស្រុកទាំងនោះស្លាប់នៅក្នុងប្រទេសថៃ ទើបត្រូវបានសាច់ញាតិនិងក្រុមគ្រួសាររបស់ពួកគេមកទំនាក់ទំនងជាមួយនឹងក្រុមការងារមន្ត្រីយោធាទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំនៅក្រុងប៉ោយប៉ែតឱ្យជួយអន្តរាគមន៍នាំយកសពមកវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីយកបន្តទៅស្រុកកំណើត ៕
ចែករំលែកព័តមាននេះ