រាជធានីភ្នំពេញ ៖ ដោយសារតែបទល្មើសកើនឡើងនៅក្នុងរាជធានីភ្នំពេញដូចជា អំពើឆក់ លួចប្លន់ជាដើម ហើយក្រុមចោរទាំងនោះប្រើអាវុធបាញ់ប្រហារផងនោះ និងដោយអនុវត្តបទបញ្ជារបស់លោកអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌសែនសុខ បានចុះប្រតិបត្តិការដាក់ប៉ុស្តិ៍ត្រួតពិនិត្យឆែកឆេរលើយានយន្ត និងទោចក្រយានយន្តដែលគ្មានស្លាកលេខ ។
ជាក់ស្តែងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៤ មិថុនា កម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកម៉ក់ ហុង អធិការនគរបាលខណ្ឌបានចុះត្រួតពិនិត្យនៅលើដងផ្លូវជាតិលេខ៥ ដោយឃាត់ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះដោយមន្ត្រីយោធាម្នាក់ និងឆែកឆេររកឃើញកាំភ្លើងខ្លីមួយដើមម៉ាកកា៥៤ ប៉ុន្តែគ្មានលិខិតស្នាមប្រើប្រាស់ ។ លោកម៉ក់ ហុង ប្រាប់ថា មន្ត្រីយោធារូបនេះឈ្មោះ តាំង លាង អាយុ២២ឆ្នាំ បម្រើការងារនៅបញ្ជាការដ្ឋានកងទ័ពជើងគោក ត្រូវបាននាំខ្លួនជាមួយនឹងម៉ូតូឥតស្លាកលេខមកកាន់អធិការដ្ឋាននគរបាលខណ្ឌដើម្បីចាត់ការទៅតាមនីតិវិធី ។
លោកអធិការបន្តថា មន្ត្រីយោធារូបនេះបានជិះម៉ូតូខាងលើជាមួយមិត្តភក្តិម្នាក់ធ្វើដំណើរចេញពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៥ បំណងទៅខេត្តកំពង់ឆ្នាំង ក៏ជួបកម្លាំងនគរបាលដាក់ប៉ុស្តិ៍ត្រួតពិនិត្យ និងឃាត់ខ្លួនដោយសារតែមានអាវុធគ្មានលិខិតប្រើប្រាស់ និងម៉ូតូគ្មានស្លាកលេខ ។ ទោះជាយ៉ាងណា ក្រោយពីឃាត់ខ្លួនក៏មានអន្តរាគមន៍សុំឱ្យដោះលែង ប៉ុន្តែលោកមិនអាចធ្វើទៅបានព្រោះនេះជាច្បាប់ត្រូវតែអនុវត្ត ៕
ចែករំលែកព័តមាននេះ