ខេត្តប៉ៃលិន ៖ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយសារយុវជនម្នាក់ស្រវឹងធ្លាក់ភ្នែក ជិះម៉ូតូទៅបុកពីក្រោយម៉ូតូមួយគ្រឿងទៀតបណ្តាលឱ្យដួលរងរបួសធ្ងន់ពីរនាក់ និងស្រាលបួននាក់បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី៣ មិថុនា នៅចំណុចផ្លូវលំមួយខ្សែ ខាងជើងវត្តអូររអិល ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
ជនរងគ្រោះទី១-ឈ្មោះ ស្វាយ មា៉ប់ ភេទស្រី អាយុ៥០ឆ្នាំ ជាកសិកររបួសធ្ងន់រយៈជើងខាងស្តាំ សន្លប់នៅនឹងកន្លែង ២-ឈ្មោះ ឆាយ ឈិន ភេទប្រុស អាយុ២៩ឆ្នាំ ជាកម្មករ និងជាអ្នកបើកម៉ូតូមា៉កស្មាសស៊េរីចាស់ ពណ៌ខ្មៅ គ្មានស្លាកលេខ របួសស្រាល ៣-ឈ្មោះ ស្តាំ ស ភេទប្រុស អាយុ៧ឆ្នាំ ជាសិស្សរបួសស្រាល ៤-ឈ្មោះ សាន ម៉ៃ ភេទប្រុស អាយុ៥ឆ្នាំ របួសស្រាល ៥-ឈ្មោះ ស្រីពែក អាយុ៣ឆ្នាំ របួសស្រាល ។ ពួកគេរស់នៅភូមិអូរអំពិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ៦-ឈ្មោះ ប្រាក់ កុសល ភេទប្រុស អាយុ១៩ឆ្នាំ ជាកសិករ រងរបួសធ្ងន់រលាត់ដៃជើងរយះមុខ និងសន្លប់នៅនឹងកន្លែង ជិះម៉ូតូមា៉កវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុឱ្យដឹងថា មុនពេលកើតហេតុយុវជនម្នាក់ស្រវឹងជិះម៉ូតូមា៉កវ៉េវអាល់ហ្វា គ្មានស្លាកលេខ ពណ៌ខ្មៅតាមបណ្តោយផ្លូវលំមួយខ្សែ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន លុះដល់កន្លែងកើតហេតុ ស្រាប់តែជ្រុលចង្កូតទៅបុក ម៉ូតូមា៉កស្មាសខាងលើចំពីក្រោយយា៉ងពេញមួយទំហឹង បណ្តាលឱ្យដួលរដូករណែលពេញផ្លូវទាំងអស់គ្នា ។
ប្រភពដដែលឱ្យដឹងទៀតថា ម៉ូតូដែលជិះទៅបុកគេខូចខាតផ្នែកខាងមុខ ឯមួយគ្រឿងទៀតខូចខាតផ្នែកខាងក្រោយ ។ ក្រោយពេលកើតហេតុ មិនឃើញសមត្ថកិច្ចមកវាស់វែងនោះឡើយ ឯម៉ូតូទាំងពីរគ្រឿងត្រូវគ្រួសារយកទៅរក្សាទុកផ្ទះរៀងៗខ្លួន ដោយភាគីអ្នកជិះម៉ូតូបុកគេជាអ្នកចេញសំណង ៕
ចែករំលែកព័តមាននេះ