បុរសម្នាក់រស់នៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិកត្រូវបានចាប់ខ្លួន ក្រោយពីបានគូសគំនូសពណ៌សនៅលើផ្លូវសម្រាប់អ្នកថ្មើរជើងដើរឆ្លងកាត់ ដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ច ។ប្រភពព័ត៌មានបានឱ្យដឹងថា បុរសដែលគូសគំនូស.ស កាត់បណ្តោយផ្លូវត្រូវចាប់ខ្លួននេះ ឈ្មោះ អេនតូនី កាដេណាស់ រស់នៅទីក្រុងបាលីហូ ។
ដោយសារនៅក្នុងក្រុងនេះមានរថយន្តច្រើនពេកមានក្តីបារម្ភពីសុវត្ថិភាពអ្នកថ្មើរជើង ក្រែងមានគ្រោះថ្នាក់ពេលដើរឆ្លងផ្លូវនោះ ក៏សម្រេចចិត្តចំណាយប្រាក់ផ្ទាល់ខ្លួនទិញទឹកថ្នាំ និងឧបករណ៍សម្រាប់លាប មកគូសគំនូសនៅលើដងផ្លូវសាធារណៈ សម្រាប់អ្នកថ្មើរជើងឆ្លងកាត់ កាលពីសប្តាហ៍មុន ដែលទង្វើបែបនេះទទួលការកោតសរសើរពីអ្នករស់នៅក្នុងតំបន់ថា ប្រៀបដូចជាវីរបុរស ព្រោះគេខ្វាយខ្វល់ពីសុវត្ថិភាពរបស់អ្នកថ្មើរជើង ។
លោក កាដេណាស់ ថ្លែងថា លោកព្យាយាមជួយសង្គ្រោះនៅទីប្រជុំជន លោកធុញថប់ដែលប្រទះឃើញមនុស្ស ត្រូវរថយន្តបុកឱ្យរងគ្រោះគ្រប់ពេលលើដងផ្លូវ ។ ទោះយ៉ាងណា លោក កាដេណាស់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។ ក្នុងរបាយការណ៍បានបញ្ជាក់ថា អាជ្ញាធរត្រូវចំណាយថវិកាច្រើនជាង១.០០០ដុល្លារក្នុងការលុបគំនូសពណ៌ស នៅលើដងផ្លូវដែលបានគូសរួចហើយ ៕
ចែករំលែកព័តមាននេះ