អាជ្ញាធរនៅតំបន់វូហាន ភាគកណ្តាលប្រទេសចិន ត្រៀមចេញច្បាប់ថ្មីដាក់ទោសស្ត្រីដែលមានកូនមិនបានរៀបការ រួមទាំងស្ត្រីមានកូនជាមួយបុរសដែលដឹងថា មានប្រពន្ធរួចហើយ ។ច្បាប់ថ្មីនេះសំដៅកាត់បន្ថយចំនួនប្រជាជននៅតំបន់វូហាន ។ ស្ត្រីចិនដែលមានកូនមិនបានរៀបការត្រូវពិន័យយ៉ាងតិច២ដងនៃប្រាក់ចំណូល ។
នោះជាការពិន័យសម្រាប់សងដល់ផលប៉ះពាល់សង្គម ខណៈច្បាប់នោះមិនអនុញ្ញាតឱ្យស្ត្រីដែលមិនទាន់រៀបការមានកូនទេ និងពិន័យស្ត្រីមានកូនជាមួយបុរសដែលដឹងថា រៀបការរួចហើយ។ ច្បាប់នោះបង្កឱ្យមានការប្រឆាំង ក្នុងនោះលោកឆៃ សឺនវូ នាយកមជ្ឈមណ្ឌលស្រាវ ជ្រាវប្រជាសាស្ត្រ និងសង្គមសាស្ត្រ ប្រចាំមហាវិទ្យាល័យរ៉េនមីន បានជំទាស់ថា អាជ្ញាធរតំបន់វូហានមិនអាចចេញច្បាប់ហាមស្ត្រីមិនទាន់រៀបការមិនឱ្យមានកូនបានទេ ព្រោះជារឿងប្រឆាំងនឹងធម្មជាតិ ។
លោកឆៃ សឺនវូ បញ្ជាក់ថា ការប្រតិបត្តិច្បាប់នោះជារឿងពិបាក ព្រោះអាជ្ញាធរពិបាកនឹងដឹងថា តើនរណាជាម្តាយដែលមិនទាន់រៀបការ ឬមានកូនជាមួយបុរសដែលនាងដឹងថា មានប្រពន្ធរួចហើយទេ ។ ច្បាប់នោះគួរតែមានព័ត៌មានលម្អិតច្រើនជាងនេះ នៅមុនពេលយកទៅប្រើប្រាស់ ។ចំណែកអ្នកជំនាញម្នាក់បញ្ជាក់ថា ច្បាប់នោះជារឿងកំប្លុកកំបែ្លង រីឯស្ត្រីដែលផ្សាំកូនតាមបំពង់កែវ ច្បាប់នោះក៏មិនបញ្ជាក់ថា តើជារឿងខុសច្បាប់ ឬអត់ទេ ៕
ចែករំលែកព័តមាននេះ