ខេត្តប៉ៃលិន៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរសម្នាក់ស្ថិតក្នុងសភាពស្រវឹងធ្លាក់ភ្លែក ជិះម៉ូតូទៅបុកម៉ូតូមួយគ្រឿងទៀតពីក្រោយ បណ្ដាលឱ្យរងរបួសធ្ងន់២នាក់ និងស្រាល៤នាក់ ហើយត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី៣ មិថុនា ២០១៣ នៅចំណុចផ្លូវលំមួយខ្សែខាងជើងវត្តអូររអិល ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
ជនរងគ្រោះទាំងនោះ១.ឈ្មោះស្វាយ ម៉ាប់ ភេទស្រី អាយុ៥០ឆ្នាំ ជាកសិករ របួសធ្ងន់រយះជើងខាងស្ដាំសន្លប់នៅនឹងកន្លែង ២.ឈ្មោះឆាយ ឈិន ភេទប្រុស អាយុ២៩ឆ្នាំ ជាកម្មករ ហើយជាអ្នកបើកម៉ូតូម៉ាកស្មាសស៊េរីចាស់ ពណ៌ខ្លៅ គ្មានស្លាកលេខ រងរបួសស្រាល ៣.ឈ្មោះស្ដាំ ស ភេទប្រុស អាយុ៧ឆ្នាំ ជាសិស្សសាលាអូររអិល របួសស្រាល ៤.ឈ្មោះសាន ម៉ៃ ភេទប្រុស អាយុ៥ឆ្នាំរបួសស្រាល និង៥.ឈ្មោះស្រីពែក ភេទស្រី អាយុ៣ឆ្នាំ របួសស្រាល ដែលសព្វថ្ងៃពួកគេរស់នៅភូមិកើតហេតុខាងលើ។ ចំណែកជនបង្កឈ្មោះប្រាក់ កុសល ភេទប្រុស អាយុ១៩ឆ្នាំ ជាកសិករ រងរបួសធ្ងន់រលាត់ដៃជើង រយះមុខ និងសន្លប់នៅនឹងកន្លែង មានទីលីនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បើកបរម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ៕
ចែករំលែកព័តមាននេះ