ខេត្តកំពត ៖ តាមការស៊ើបសួរដល់មន្ត្រីប៉ូលិសមូលដ្ឋានមានទាំងមេប៉ុស្តិ៍ និងអធិការបានឱ្យដឹងថា មិនមានយន្តហោះណាធ្លាក់ទេ… ប៉ុន្តែមានយន្តហោះធុនតូចមួយជារបស់ទ័ពអាកាសបានបើកឆ្វែលតាមទំនប់វារីអគ្គិសនីកំចាយទឹកឈូមែន វាគ្រាន់តែបន្ទាបខ្លួនកៀកៗព្រឹក្សព្រៃប៉ុណ្ណោះ មិនធ្លាក់ទេ… ហើយយន្តហោះនោះក៏ហោះទៅបាត់ទៅ ។
បើតាមការទាក់ទងសួរនាំទៅមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចបញ្ជាក់ថា យន្តហោះប្រភេទតូចនេះ ជាការពិតទៅវាហោះហើរធ្វើលំហាត់សមយុទ្ធប៉ុណ្ណោះ ហើយវាតម្រង់ទៅទិសខាងខេត្តព្រះសីហនុ និងត្រូវបានគេរាយការណ៍ថា វាចូលទៅសំចតនៅព្រលានកងកេងរួចរាល់ហើយ… ។ ពាក់ព័ន្ធនឹងសមយុទ្ធនេះដែរ តាមមន្ត្រីអាជ្ញាធរឱ្យដឹងទៀតថា យន្តហោះបើកឆាបឆែលនៅម្តុំវារីអគ្គិសនីកំចាយទឹកឈូនេះ គឺជាលំហាត់សមយុទ្ធរបស់ទ័ពអាកាសដែលធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៣ដល់៧ មិថុនា ២០១៣ ។ លំហាត់សមយុទ្ធផ្នែកអាកាសនេះធ្វើឡើងមានកម្ពុជា-ថៃ-ម៉ាឡេស៊ី និងអាមេរិក ហើយថ្ងៃទី៤ មិថុនា ២០១៣ នេះជាថ្ងៃសមយុទ្ធទី២ហើយ ដែលទីតាំងចាប់ផ្តើមត្រូវបានគេប្រាប់ថា នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ។
គួររំលឹកថា តាមប្រភពព័ត៌មានពីបណ្តាញផ្សេងៗឱ្យដឹងជំហានដំបូងថា មានយន្តហោះធុនតូចមួយ (ស្លាបកាត់) បន្ទាបខ្លួនជ្រុលធ្លាក់នៅម្តុំវារីអគ្គិសនីកំចាយទឹកឈូ ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាំង ស្រុកទឹកឈូ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី៤ មិថុនា ២០១៣ ។
តាមប្រភពព័ត៌មានពីប្រជារាស្ត្រដែលរស់នៅម្តុំវារីអគ្គិសនីកំចាយទឹកឈូ បានឱ្យដឹងថា មុនដំបូងគេឃើញយន្តហោះប្រភេទស្លាបកាត់ប្រហែលជារបស់ទ័ពអាកាសបានហោះបន្ទាបខ្លួនឆាបឆែលលើខ្នងទំនប់ និងលើផ្ទៃទឹក ហើយធ្វើដំណើរតាមខ្សែខ្នងទំនប់តម្រង់ភ្នំធំមួយដែលមើលទៅឃើញហាក់ទាបទៅៗ រួចហើយក៏បាំងភ្នំបាត់តែម្តង… មនុស្សម្នាឡើងកាប់អុស និងអ្នកភូមិមើលឃើញដូចនេះ ក៏ចាត់ថា យន្តហោះនោះធ្លាក់ ហើយបណ្តាលឱ្យផ្អើលតៗគនាតែម្តងទៅ ។
គួរបញ្ជាក់ផងដែរថា ស្ថានទូតអាមេរិកគ្រោងនឹងរៀបចំធ្វើសមយុទ្ធជាមួយនឹងកងទ័ពកម្ពុជា ស្តីពីការទម្លាក់ទំនិញពីលើយន្តហោះ ដែលនឹងធ្វើឡើងនៅថ្ងៃទី៦ មិថុនា ២០១៣ ស្ថិតក្នុងទីរួមខេត្តកំពង់ស្ពឺ ។ ក្នុងការធ្វើសមយុទ្ធនេះ គ្រោងនឹងមានការចូលរួមពីតំណាងស្ថានទូតអាមេរិក និងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ព្រមទាំងអាជ្ញាធរខេត្តកំពង់ស្ពឺជាច្រើននាក់ទៀតផងដែរ ៕
ចែករំលែកព័តមាននេះ