រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានត្រូវប្រជាពលរដ្ឋព្រួតគ្នាវាយទ្រមខ្លួន ខណៈពេលចូលទៅលួចកាច់សោ.កម៉ូតូ ហើយម្ចាស់ម៉ូតូទាន់ស្រែកថាចោរ ក៏ត្រូវជនសង្ស័យចូលទៅវាយម្ចាស់ម៉ូតូសួររកកូនសោទៀត ធ្វើឱ្យជនរងគ្រោះស្រែកផ្អើលដល់អ្នកជិតខាងទៅជួយ និងមានការវាយតប់រហូតទ្រមខ្លួន ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី៣ មិថុនា នៅមុខផ្ទះ ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានពីម្ចាស់ម៉ូតូឈ្មោះ ប៉ែន ជឿន ភេទប្រុស អាយុ៣៦ឆ្នាំ ជាមន្ត្រីក្រុមសង្គ្រោះ៧១១ កងពលតូចលេខ៧០ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់ជិះម៉ូតូសេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BI-6444 ចេញពីធ្វើការទៅហូបបាយនៅផ្ទះ ។ ពេលទៅដល់ផ្ទះគាត់បានចតម៉ូតូទុកនៅមុខផ្ទះ ហើយចូលទៅហូបបាយ ស្រាប់តែជនសង្ស័យម្នាក់ចូលមកលួចកាច់សោ.កម៉ូតូ ជាសំណាងល្អ គាត់ដើរចេញមកឃើញក៏បានស្រែកថា ចោរៗ ។ ឯជនសង្ស័យដោយអាងខ្លួនមាឌធំជាង ក៏ដើរចូលមកវាយគាត់ជាម្ចាស់ម៉ូតូសួររកសោ និងមានការប្រវាយប្រតប់គ្នា ។ ពេលនោះដោយសារវាយមិនឈ្នះជនសង្ស័យ គាត់ក៏បានស្រែកឱ្យអ្នកជិតខាងជួយ ទើបមានការព្រួតវាយ និងឃាត់ខ្លួនជនសង្ស័យបាន ។
ជនសង្ស័យរូបនេះឈ្មោះ ជូ អេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ត្រូវប្រជាពលរដ្ឋវាយមួយដៃមួយជើងម្នាក់បណ្តាលឱ្យបែកមុខបែកមាត់ ហូរឈាម ។ បន្ទាប់មកក្រុមសង្គ្រោះបានជួយដេរមុខរបួស ឱ្យរួចប្រគល់ទៅឱ្យនគរបាលប៉ុស្តិ៍កំបូលបញ្ជូនទៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ រួមជាមួយវត្ថុតាង ៕
ចែករំលែកព័តមាននេះ