រាជធានីភ្នំពេញ ៖ បុរសស្រវឹងស្រាម្នាក់បើករថយន្តកូរ៉ូឡា ពណ៌សម្បកឪឡឹក ក្នុងល្បឿនលឿន ហើយព្យាយាមបើកវ៉ារថយន្តនៅពីមុខ ក៏ជ្រុលចង្កូតទៅបុករថយន្តកូរ៉េដឹកប្រេងម៉ាស៊ីន ពណ៌ខៀវ មួយគ្រឿងទៀតចំពីមុខពេញទំហឹង បណ្តាលឱ្យរថយន្តទាំងពីរខ្ទេចមុខមួយកំណាត់ដូចគ្នា ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៥នាទីយប់ ថ្ងៃទី៣ មិថុនា តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
លោក ស៊ិន សុវណ្ណ នាយរងផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកខណ្ឌសែនសុខ ឱ្យដឹងថា មុនពេលកើតហេតុ រថយន្តកូរ៉ូឡា ពណ៌សម្បកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2E-6162 បើកដោយបុរសស្រវឹងស្រាជោកជាំម្នាក់ យ៉ាងលឿនតាមផ្លូវភ្នំពេញ-ហាណូយ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ព្យាយាមវ៉ារថយន្តមួយគ្រឿងនៅពីមុខ ក៏ជ្រុលចង្កូតទៅបុករថយន្តកូរ៉េ ពណ៌ខៀវ ដឹកប្រេងម៉ាស៊ីន ពាក់ស្លាកលេខ ភ្នំពេញ ឃ5363 ភព2 បើកដោយបុរសម្នាក់ចំពីមុខពេញទំហឹង ធ្វើឱ្យរថយន្តទាំងពីរខ្ទេចរងការខូចខាតមួយកំណាត់មុខដូចគ្នា តែសំណាងល្អមិនបណ្តាលឱ្យមានអ្នករងរបួស ។ក្រោយពេលកើតហេតុ ប៉ូលិសចុះអន្តរាគមន៍វាស់វែង រួចស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ៕
ចែករំលែកព័តមាននេះ