សហរដ្ឋអាមេរិកកាលពីថ្ងៃទី៣ មិថុនា ប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់២៣លានដុល្លារសម្រាប់រាល់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួនជនជីហាដនិយមអាល់ហ្សេរី លោកម៉ុកតា បែលម៉ុកតា ឬការចាប់ខ្លួនប្រមុខក្រុមអ៊ិស្លាមនិយមជ្រុលបូកូហារ៉ាមនីហ្សេរីយ៉ា ព្រមទាំងមេដឹកនាំនៃក្រុមភេរវកម្មឯទៀតៗនៅអាហ្វ្រិក ។
អ្នកទទួលខុសត្រូវដទៃៗទៀតរបស់ក្រុមអាល់កៃដានៅ MAGHREB អ៊ិស្លាម AQMI ក៏ស្ថិតក្នុងកម្មវិធីនោះរបស់ក្រសួងការបរទេសអាមេរិកមានឈ្មោះថា «ប្រាក់រង្វាន់សម្រាប់យុត្តិធម៌» ដែលផ្តល់ចាប់តាំងពីឆ្នាំ១៩៨៤មកនូវទឹកប្រាក់យ៉ាងច្រើនសម្រាប់អ្នកផ្តល់ព័ត៌មានដែលអាចនាំទៅចាប់ខ្លួន ឬកម្ទេចបុគ្គលទាំងឡាយដែលគំរាមកំហែងដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក ។
ប្រាក់រង្វាន់ធំបំផុតមានទឹកប្រាក់៧លានដុល្លារសម្រាប់ការចាប់ខ្លួនជនលេខមួយនៃក្រុមបូកូហារ៉ាមលោកអាប៊ូបាកា សឺកាអ៊ូ ABUBA-KAR SHEKAU ដែលបច្ចុប្បន្នកំពុងតែប្រយុទ្ធប្រឆាំងកងទ័ពនីហ្សេរីយ៉ានៅភាគឦសានប្រទេស ។ចំណែកទឹកប្រាក់៥លានដុល្លារនឹងផ្តល់ឱ្យជនណាដែលផ្តល់ព័ត៌មានច្បាស់លាស់ទាក់ទិននឹងជនអាល់ហ្សេរីឈ្មោះ បែលម៉ុកតា អតីតប្រមុខ AQMI ដែលបង្កើតក្រុមរបស់ខ្លួនផ្ទាល់កាលពីដំណាច់ឆ្នាំ២០១២។ រាយការណ៍ថា ស្លាប់ដោយប្រទេសឆាដកាលពីខែមេសា ជននេះកាលពី១០ថ្ងៃមុនបានគំរាមធ្វើការវាយប្រហារថ្មីៗនៅប្រទេសនីហ្សេ បន្ទាប់ពីការវាយប្រហារអត្តឃាតនៅទីនោះកាលពីដំណាច់ខែឧសភា ។ ក្រុមរបស់គេធ្លាប់ធ្វើសកម្មភាពចាប់ចំណាប់ខ្មាំងដ៏ធំមួយកាលពីខែមករា ក្នុងរោងចក្រឧស្ម័នមួយក្នុងប្រទេសអាល់ហ្សេរី។
ទឹកប្រាក់៥លានដុល្លារក៏កាត់ថ្លៃផងដែរសម្រាប់ក្បាលរបស់លោក YAHYA ABOU AL-HAMMAM មេដឹកនាំម្នាក់នៃក្រុមAQMI អាល់ហ្សេរី ដែលទទួលការចោទប្រកាន់ថា ចូលរួមក្នុងការសម្លាប់ចំណាប់ខ្មាំងជនជាតិបារាំងម្នាក់កាលពីឆ្នាំ២០១០ ។
ក្បាលរបស់លោក ម៉ាលិក អាប៊ូ អាប់ដែលការីម មេបញ្ជាការរបស់ AQMI និងក្បាលរបស់លោក QUMAR OULD HAMAHATHE អ្នកនាំពាក្យរបស់ចលនាដើម្បីការរួបរួម និងជីហាដនៅអាហ្វ្រិកខាងលិច MUJAO ជាក្រុមអ៊ិស្លាមនិយមមួយវាយបណ្តេញចេញពីប្រទេសម៉ាលីកាលពីខែមករា ក៏ជាគោលដៅនៃការកាត់ថ្លៃរបស់អាមេរិកដែរ គឺក្នុងម្នាក់ៗ៣លានដុល្លារ ។
អ្នកទទួលខុសត្រូវម្នាក់នៃក្រសួងការបរទេសអាមេរិកនិយាយថា AQMI មានសកម្មភាពកាន់តែខ្លាំងនៅភាគខាងជើង និងភាគខាងលិចអាហ្វ្រិក ។ ក្រុមនេះជាក្រុមសំខាន់ក្នុងចំណោមបណ្តាក្រុមដែលចាប់មនុស្សជាចំណាប់ខ្មាំងទារយកប្រាក់លោះ និងធ្វើសកម្មភាពភេរវកម្មលើពិភពលោក ៕
ចែករំលែកព័តមាននេះ