រាជធានីភ្នំពេញ៖ រថយន្តកូរ៉េម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ របស់ក្រុមហ៊ុនរោងចក្រកាត់ដេរ វៀលបេស ដឹកកម្មករទៅធ្វើការបើកគេចពីរថយន្តកូរ៉េដែលខូចកំពុងរុញតាមផ្លូវ ក៏វ៉ាក់អឺជាមួយនឹងឡានក្រុងមួយគ្រឿងបត់ចូលចំណតក៏គេចពីឡានក្រុងនេះទៅបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឱ្យស្ត្រីម្នាក់រងបួសធ្ងន់ រីឯបុរសអ្កបើកបររងរបួសស្រាល។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី៤ មិថុនា ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៣ នៅមុខចំណតរថយន្តក្រុងពន្លឺអង្គរ ស្ថិតក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្កដឹកកម្មកររោងចក្រ វៀលបេស ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើក៏គេចពីរថយន្តកូរ៉េខូចមួយគ្រឿង ហើយទៅវ៉ាក់អឺនឹងរថយន្តក្រុង ក៏គេចបន្តទៅបុកម៉ូតូពីក្រោយពេញទំហឹង។
ប្រភពបន្តថាជនរងគ្រោះជិះម៉ូតូឈ្មោះនុប ម៉ៅ អាយុ៣៥ឆ្នាំ ជាប្ដីរងរបួសស្រាល មុខរបររត់ម៉ូតូឌុប និងប្រពន្ធឈ្មោះឡូត ណារ៉ា អាយុ២៨ឆ្នាំ ជាកម្មការិនីកាត់ដេររបួសបាក់ជើង មានទីលំនៅភូមិកី.ខ សង្កាត់ពងទឹក ខណ្ឌដង្កោ៕
ចែករំលែកព័តមាននេះ