រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែលរថយន្តធុនធំដឹកគោ ១គ្រឿង ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3B-8191 បើកកៀរ និងកិនពីលើ កាលពីវេលាម៉ោង ២២ និង ១៥នាទី យប់ថ្ងៃទី០៣ មិថុនា ២០១៣ តាមបណ្តោយផ្លូវអូរដឹមកប់ស្រូវ ស្ថិតក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ក្រោយហេតុការអ្នកបើកបរចុះពីរថយន្តគេចខ្លួនបាត់ ។
ជនរងគ្រោះដល់ស្លាប់មានឈ្មោះ ម៉ាច សីហា អាយុ ២០ឆ្នាំ មានទីលំនៅភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូឃ្លីក សេរី២០០៣ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BT-1163 ។ មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូតាមផ្លូវអូរដឹមកប់ស្រូវ ស្របទិសជាមួយរថយន្តពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុជិតផ្លូវរថភ្លើង ម៉ូតូជនរងគ្រោះធ្លាក់គ្រលុករេចង្កូត ក៏ត្រូវរថយន្តកៀរ រួចកិនពីលើស្លាប់ភ្លាមៗតែម្តង ។
បន្ទាប់ពីកិនមនុស្សស្លាប់រួចរថយន្តបង្កបើករត់ប្រមាណ ១០០ម៉ែត្រ ក៏ឈប់រួចអ្នកបើកបរចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោល ។ ក្រោយកើតហេតុសពជនរងគ្រោះត្រូវក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្ក និងម៉ូតូ ត្រូវប៉ូលិសការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ យកទៅរក្សាទុករង់ចាំការដោះស្រាយ ៕
ចែករំលែកព័តមាននេះ