ខេត្តកំពង់ឆ្នាំង ៖ លោក ព្រុំ ណឹម មេឃុំចោងម៉ោង បានជួបគ្រោះអកុសលដួលម៉ូតូធ្លាក់ចូលប្រឡាយ ហើយត្រូវម៉ូតូសង្កត់ពីលើជាប់ក្នុងភក់ បណ្តាលឱ្យស្លាប់ តាមបណ្តោយផ្លូវលំ ក្នុងភូមិដូនម៉ៅ ឃុំចោងម៉ោង ស្រុកទឹកផុស ។ សពលោកមេឃុំត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី២ មិថុនា ខណៈពួកគាត់ទៅភ្ជួរស្រែនៅជិតនោះ ។
លោក ស៊ុំ សុខុម នាយរងប៉ុស្តិ៍នគរបាលឃុំចោងម៉ោង ឱ្យដឹងថា លោកមេឃុំចោងម៉ោង ព្រុំ ណឹម អាយុ៥៦ឆ្នាំ មានទីលំនៅភូមិត្រពាំងជុំ ស្រុកទឹកផុស បានជិះម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០០៦ ចេញពីសាលាឃុំចោងម៉ោង នៅម៉ោងប្រហែលជាង៥ល្ងាច ថ្ងៃទី១ មិថុនា ដើម្បីត្រឡប់ទៅផ្ទះ
វិញ ។ លុះពេលទៅដល់ចំណុចខាងលើ ក៏ជួបគ្រោះថ្នាក់ដួលម៉ូតូ ប៉ុន្តែមិនដឹងកើតហេតុនៅម៉ោងប៉ុន្មានច្បាស់លាស់ទេ ដែលអាចកើតឡើងនៅចន្លោះពីម៉ោង៧ ទៅម៉ោង១០យប់ ហើយទាល់តែព្រឹកឡើងថ្ងៃទី២ មិថុនា ទើបប្រជាពលរដ្ឋដែលទៅភ្ជួរស្រែ ប្រទះឃើញសពលោកមេឃុំជាប់ក្រោមម៉ូតូកប់ក្នុងភក់ប្រឡាយដែលគ្មានទឹក និងរាយការណ៍ប្រាប់ប៉ូលិសជាបន្ទាន់ដែរ ។
លោកនាយរងប៉ុស្តិ៍បន្តថា ក្រោយពេលទទួលបានដំណឹងនេះ មន្ត្រីប៉ូលិសស្រុក រួមទាំងរូបលោកផង បានទៅពិនិត្យ និងធ្វើកោសល្យវិច័យសពនៅកន្លែងកើតហេតុ ប៉ុន្តែដោយមិនអស់ចិត្ត ពេលដឹកសពទៅដល់លំនៅឋាន និងក្រោយពីលាងសម្អាតសពរួច ក្រុមគ្រួសារបានឱ្យប៉ូលិសពិនិត្យមើលម្តងទៀត ក្រែងជាអំពើឃាតកម្មណាមួយ ។
ប៉ុន្តែតាមការពិនិត្យទាំង២លើក គឺបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយគ្រោះថ្នាក់ដួលម៉ូតូប្រាកដមែន ។ លោកនាយរងប៉ុស្តិ៍បញ្ជាក់ថា ជនរងគ្រោះជិះម៉ូតូដួលចូលប្រឡាយទឹក ហើយត្រូវម៉ូតូសង្កត់ពីលើជាប់ ដោយឈ្នាន់ម៉ូតូជង់ជាប់បំពង់ក ម៉ាស៊ីនម៉ូតូសង្កត់លើទ្រូង និងដៃខាងឆ្វេងសង្កត់ដោយបំពង់សឺម៉ាំង ធ្វើឱ្យរលាកទៀតផង ទើបប៉ូលិសសន្និដ្ឋានថា ពិតជាស្លាប់ដោយដួលម៉ូតូសង្កត់លើប្រាកដមែន ៕
ចែករំលែកព័តមាននេះ