រាជធានីភ្នំពេញ ៖ និយាយពិតត្រង់ទៅរឿងរ៉ាវ ដែលចោទសួរនោះថា «តើហេតុអ្វីបានជាសប្បាយនឹងការថតរូបអាសអាភាសបែបនេះម្ល៉េះ?» គេគិតថា បើគ្មានរូបភាពបែបនេះ ត្រូវបានថតនោះទេ ប្រហែលជាគ្មានរឿងអាម៉ាស់កើតឡើងនោះឡើយ។ វាអាក្រក់ណាស់ ដែលរួមភេទជាមួយគ្នាហើយថតបង្ហោះ ឱ្យគេមើលទូទាំងពិភពលោកបែបនេះ ។
ជាក់ស្តែង ជនជាតិអុីស្រាអែលម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃឃាត់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូងរាជធានី កាលពីរសៀលថ្ងៃទី២៧ តុលា ដោយជាប់ពាក់ព័ន្ធទៅនឹងបណ្តឹងរបស់ជនរងគ្រោះថា «បានបង្ហោះរូបភាពតាមហ្វេសប៊ុកពីការរួមភេទអាសអាភាសជាមួយនាង ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរជាទូទៅ និងចោទគឺបទបរិហារកេរ្តិ៍ជាសាធារណៈ (តាមប្រព័ន្ធហ្វេសប៊ុក) ។
ជនសង្ស័យឈ្មោះ Tom Steinmets ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិអុីស្រាអែល មុខរបរជាពាណិជ្ជករចេញ-ចូលរកសុីនៅស្រុកខ្មែរ ។ ចំណែកជនរងគ្រោះក្នុងសំណុំរឿងនេះ ឈ្មោះ ញឹម សុខឡេង ភេទស្រី អាយុ២២ឆ្នាំ ជាជនជាតិខ្មែរ ។
តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ដែលបានដាក់ពាក្យប្តឹងចូលសមត្ថកិច្ចបញ្ជាក់ថា ក្នុងអំឡុងឆ្នាំ២០១៦ នាងបានស្គាល់ឈ្មោះ Tom Steinmets តាមរយៈការលេងហ្វេសប៊ុក ។ លុះដល់ថ្ងៃទី១៧ វិច្ឆិកា ២០១៧ អ្នកទាំងពីរបានជួបគ្នា និងស្មោះស្ម័គ្រស្រឡាញ់គ្នាព្រមព្រៀង រស់នៅជាមួយគ្នាជាប្តី-ប្រពន្ធ តែមិនបានរៀបការនោះទេ ។
ដល់អំឡុងខែកុម្ភៈ ២០១៨ ពួកគេចេះតែមានភាពរកាំរកូស និងរស់នៅមិនសូវចុះសម្រុងនឹងគ្នា ហើយលោកប្តីអត់ខាន់ស្លា ឈ្មោះ Tom Steinmets តែងតែវាយធ្វើបាបនាងទៀតផង។ ដោយទ្រាំនិងការធ្វើទុក្ខបុកម្នេញ ពីសំណាក់បុរសអីុស្រាអែលរូបនេះលែងបាន នាងសុខចិត្តចុះចេញ និងចែកផ្លូវគ្នាលាលោកឯងហើយដើម្បីសុភមង្គលរៀងខ្លួន ។
ពាក្យបណ្តឹងបានបញ្ជាក់ទៀតថា ស្រាប់តែនៅក្នុងខែឧសភា ២០១៨ ឈ្មោះពិសី ជាកូនស្រីចិញ្ចឹមរបស់លោកប្តី បានបង្ហោះរូបភាពរួមភេទអាសអាភាសរវាងនាង និងបុរសអីុស្រាអែលរូបនេះ កាលនៅជាប្តីប្រពន្ធក្នុងបណ្ដាញសង្គមហ្វេសប៊ុក ។ ដោយសារករណីខាងលើនេះ នាងបានទូន្មានទៅនាងពិសី ឱ្យបញ្ឈប់សកម្មភាព ព្រោះពាក់ព័ន្ធរឿងបរិហារកេរ្តិ៍ ។ ផ្ទុយទៅវិញឈ្មោះ Tom Steinmets បានយករូបអាសអាភាសនោះ ចែកចាយបន្តតាមរយៈសារអេឡិចត្រូនិក (Messenger) ឲ្យទៅមិត្តភក្តិពួកគេច្រើននាក់បានឃើញ ដែលរូបនាងមិនបានដឹង ។
ក្រោយមក មិត្តភក្តិនោះផ្ញើរូបអាក្រាតនោះឲ្យនាងមើល ទើបដឹងថា ឈ្មោះ Tom Steinmets បានយករូបភាពរួមភេទជាមួយនាងនោះ ឲ្យទៅនាងពិសីជាកូនចិញ្ចឹម ឱ្យបង្ហោះក្នុងសង្គមហ្វេសប៊ុក ។ មិនតែប៉ុណ្ណោះ Tom Steinmets នៅបានគំរាមយកលុយនាងរហូត បើនាងមិនឲ្យទេ ខ្លួននិងធ្វើរឿងអ្វីមួយមិនល្អលើនាងកាន់តែអាម៉ាស់ទៀត ។ ជាក់ស្តែង គឺ Tom Steinmets បានយករូបភាពរួមរ័កជាមួយគ្នា កាលនៅជាប្តីប្រពន្ធបង្ហោះចែកចាយឲ្យអ្នកផ្សេងតៗគ្នា ដែលធ្វើឲ្យកិត្តិយសនាង និងក្រុមគ្រួសាររងភាពអាម៉ាស់បំផុត ។
ជនសង្ស័យពេលនេះ កំពុងស្ថិតនៅដំណាក់ការស្ថាប័នអយ្យការសាកសួរ តែការសាកសួរនោះ មិនទាន់បានបញ្ចប់ទេ និងបានផ្ញើទៅសមត្ថកិច្ចវិញ ។
ចែករំលែកព័តមាននេះ