នាថ្ងៃទី៣នៃចលនាតវ៉ារបស់ពួកគេ ពួកបាតុករតួកគី កាលពីថ្ងៃទី២ មិថុនា បានរក្សាការគាបសង្កត់លើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីរីសេប តៃយីប អ័រដូហ្គាន ដោយកាន់កាប់ទីលានតាក់ស៊ីមនៃក្រុងអីុស្តង់ប៊ុល ចំណែកឧប្បត្តិហេតុថ្មីៗផ្ទុះឡើងក្នុងរដ្ឋធានីអង់ការ៉ា ។
នារសៀលថ្ងៃទី២ មិថុនា មនុស្សជាច្រើនពាន់នាក់បានប្រមូលផ្តុំគ្នានៅទីលានតាក់ស៊ីមកណ្តាលក្រុងអីុស្តង់ប៊ុល ដោយពុំមានវត្តមានរបស់ប៉ូលិស ក្រោយរយៈពេល២ថ្ងៃនៃឧប្បត្តិេហតុហិង្សាទាំងឡាយ បណ្តាលឱ្យមនុស្សជាច្រើនរយនាក់ត្រូវរបួស ហើយបាតុករជាង១.៧០០នាក់ត្រូវចាប់ខ្លួននៅក្នុងប្រទេសមក ។
ក្រោយទិវាមួយហាក់ដូចជាស្ងប់ស្ងាត់បន្តិចមក ការប៉ះទង្គិចគ្នានានាកើតមានទៀតនាពេលយប់ រវាងកងកម្លាំងប៉ូលិស និងបាតុករជាច្រើនពាន់នាក់ ដែលប្រមូលផ្តុំគ្នានៅជុំវិញខុទ្ទកាល័យនាយករដ្ឋមន្ត្រីក្រុងអីុស្តង់ប៊ុល ។ ប៉ូលិសក៏ធ្វើអន្តរាគមន៍ែដរ នាវេលារសៀលនៅរដ្ឋធានីអង់ការ៉ា ដើម្បីបំបែកដោយប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ខណៈមនុស្សប្រមាណជា១.០០០នាក់ប៉ុនប៉ងលើកគ្នាទៅកាន់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីក្នុងរដ្ឋធានី ។
នាយប់ថ្ងៃទី១មកទី២ មិថុនា ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាកើតមានរវាងប៉ូលិស និងពួកបាតុករក្នុងរដ្ឋធានី បណ្តាលឱ្យមានការខូចខាតច្រើន ។ យោងតាមសហជីពក្រុមគ្រូពេទ្យក្រុងអង់ការ៉ាថា ជនស៊ីវិល៤១៤នាក់ត្រូវរបួសក្នុងឧប្បត្តិេហតុទាំងនេះ ។ ទីភ្នាក់ងារព័ត៌មានតួកគី ANATOLIE រាយការណ៍ពីបូ៉លស៥៦នាក់ត្រូវរបួស ៕
ចែករំលែកព័តមាននេះ