ដោយដកស្រង់ប្រភពព័ត៌មានជាច្រើន និងបណ្តាមន្ត្រីផ្លូវការកាសែត SUNDAY TIMES រាយការណ៍កាលពីថ្ងៃទី២ មិថុនាថា ប្រទេសលីប៊ីបានស្នើដល់រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងឱ្យជួយខ្លួនក្នុងការប្រមូលវិញនូវទឹកប្រាក់ជាង១.០០០លានដុល្លារ ដែលអតីតមេដឹកនាំលីប៊ីលោកមូអាម៉ាកាដាហ្វី លាក់ទុកនៅអាហ្វ្រិកខាងត្បូង និងក្នុងបណ្តាប្រទេសជិតខាង ។
យោងតាមប្រភពទាំងនោះថា បណ្តាបេសកជនលីប៊ីបានទាមទារបែបនេះដល់រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១២មក គឺប្រមាណ១ឆ្នាំក្រោយការដួលរលំនៃរបបលោកកាដាហ្វី ដែលត្រូវសម្លាប់កាលពីខែតុលា ឆ្នាំ២០១១ ក្រោយបដិវត្តន៍ប្រជាជនគាំទ្រដោយកងកម្លាំងអូតង់ ។ រដ្ឋាភិបាលអាហ្រ្វិកខាងត្បូងជាអ្នកប្រឆាំងចំពោះអន្តរាគមន៍នោះរបស់អូតង់នៅលីប៊ី ។
អ្នកនាំពាក្យរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាហ្វ្រិកខាងត្បូងគូសបញ្ជាក់ប្រាប់កាសែត JABULANI SIKHAKHANE ថា ដំណើរការត្រួតពិនិត្យសំណើរបស់ក្រុមបេសកជនលីប៊ីកំពុងធ្វើ។
រដ្ឋមន្ត្រីរូបនេះបានទទួលដូចគ្នានឹងរដ្ឋមន្ត្រីយុត្តិធម៌អាហ្វ្រិកខាងត្បូងដែរ នូវសារលិខិតមួយច្បាប់របស់សមភាគីលីប៊ីដែលកាសែត SUNDAY TIMES បានដកស្រង់ខ្លឹមសារ ។ ក្នុងសារលិខិតនោះ លីប៊ីស្នើដល់អាហ្រ្វិកខាងត្បូងឱ្យចូលរួមសហការដើម្បីតាមរក និងប្រមូលវិញ រាល់មូលនិធិ និងទ្រព្យសម្បត្តិខុសច្បាប់ទាំងឡាយដែលយកបានដាក់ឬលាក់ទុកនៅអាហ្វ្រិកខាងត្បូង ព្រមទាំងក្នុងបណ្តាប្រទេសជិតខាងដោយលោកកាដាហ្វី គ្រួសារ និងសាច់ញាតិលោក ។
សារលិខិតនេះរៀបរាប់ពីមូលនិធិ និងទ្រព្យសម្បត្តិយ៉ាងច្រើនដែលលាក់ទុកនៅអាហ្វ្រិកខាងត្បូង និងក្នុងបណ្តាប្រទេសជិតខាង ហើយយោងតាមកាសែតនេះថា ពួកអ្នកស៊ើបអង្កេតលីប៊ីជឿថា អាចរកឃើញប្រាក់ជាង១.០០០លានដុល្លារជាសាច់ប្រាក់សុទ្ធ ជាមាស ឬជាពេជ្រ ដែលដាក់ក្នុងធនាគារ៤ និងក្រុមហ៊ុនតម្កល់ទុកវត្ថុមានតម្លៃរបស់អាហ្វ្រិកខាងត្បូង២ ។
ពួកអ្នកស៊ើបអង្កេតលីប៊ីតាមដានដឹងរឿងនេះតាមរយៈអតីតប្រមុខភ្នាក់ងារសម្ងាត់លីប៊ីដែលចាប់ខ្លួនកាលពីខែមីនា ឆ្នាំ២០១២ ពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ហើយដែលកំពុងរង់ចាំការកាត់ទោសនៅលីប៊ី លោកអាប់ដាល់ឡាហ៍ សឺនូស៊ី ។ មានគណនីមួយដាក់ឈ្មោះរបស់អតីតឧត្តមសេនីយ៍លីប៊ីម្នាក់ជាមារបស់លោកកាដាហ្វី ។ មួយផ្នែកនៃទ្រព្យសម្បត្តិនេះអាចគ្រប់គ្រងដោយលោកបាសៀរសាឡេហ៍ អតីតរតនាគារិកនៃរបបលោកកាដាហ្វី ដែលលីប៊ីកំពុងតាមរកចាប់ខ្លួន ហើយប៉ូលិសអន្តរជាតិក៏តាមរកចាប់ខ្លួនដែរ ពីបទក្លែងបន្លំហិរញ្ញវត្ថុ និងប្រព្រឹត្តអំពើឧក្រិដ្ឋនានា ក្រោមឈ្មោះថា បាសៀរអាល់ ស្កាវី ។ ទោះបីមានដីកាចាប់ខ្លួនក៏ដោយក៏ជននេះអាចរស់នៅអាហ្វ្រិកខាងត្បូងដោយគ្មានការព្រួយបារម្ភ ហើយជននេះឧស្សាហ៍ទៅកាន់ប្រទេសនីហ្សេ និងស្វាហ្ស៊ីឡង់ ។
កាសែត SUNDAY TIMES គូសបញ្ជាក់ថា ជននោះរហូតដល់គេឃើញមានវត្តមាននៅក្រុង MANGAUNG ក្នុងឱកាសបុណ្យរំលឹកខួប១០០ឆ្នាំនៃការបង្កើតគណបក្សសមាជជាតិអាហ្វ្រិកខាងត្បូងANC កាលពីខែមករាឆ្នាំ២០១២ទៀតផង។គណបក្សប្រឆាំងអាហ្វ្រិកខាងត្បូងសំខាន់គឺគណបក្សសម្ព័ន្ធភាពប្រជាធិបតេយ្យបានស្នើដល់ប៉ូលិសឱ្យពន្យល់ពីមូលហេតុដែលមិនចាប់ខ្លួនលោកសាឡេហ៍ និងហេតុអ្វីក៏មនុស្សម្នាក់ដែលគេតាមរកចាប់ខ្លួនលើពិភពលោកអាចកា្លយជាភ្ញៀវចូលរួមពិធីជប់លៀងរបស់គណបក្ស ANC ។ លោកសាឡេហ៍ ក៏ត្រូវបានេគឃើញមុខដែរក្នុងឱកាសនៃកិច្ចប្រជុំកំពូលអន្តរជាតិមួយនៅក្រុង DURBAN នាឆ្នាំនេះដែរ ។ ប្រហែលលោកជាមនុស្សម្នាក់មានទំនាក់ទំនងជិតដិតជាមួយរដ្ឋាភិបាលបច្ចុប្បន្នហើយ ៕
ចែករំលែកព័តមាននេះ