យោងតាមតុល្យការថ្មីមួយរាយការណ៍ដោយការិយាល័យព័ត៌មានខេត្តជីលីនរបស់ចិនថា ភ្លើងដែលឆាបឆេះទីសត្តឃាតសម្លាប់បក្សីមួយកន្លែងស្ថិតនៅខេត្តជីលីន ភាគឦសានចិន បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច៩៣នាក់ កាលពីថ្ងៃទី៣ មិថុនា ។
ការិយាល័យព័ត៌មាននោះឱ្យដឹងថា នាវេលាម៉ោង១៤និង៣៥នាទី ម៉ោងក្នុងស្រុក មនុស្សស្លាប់សរុបឡើងដល់៩៣នាក់ ហើយមនុស្ស៥៤នាក់ទៀតត្រូវរបួស ។
នាព្រឹកថ្ងៃទី៣ មិថុនា ភ្លើងបានឆាបឆេះយ៉ាងខ្លាំងក្នុងរោងចក្រកែច្នៃសាច់បក្សីនៅខេត្តជីលីន ។ ភ្លើងចាប់ឆេះនាវេលាម៉ោង៦និង៦នាទីក្នុងទីតាំងសត្តឃាតមួយជារបស់ក្រុមហ៊ុន JILIN BOAYUANFENG POULTRY COMPANY ស្ថិតក្នុងសង្កាត់មីសាហ្ស៊ី ក្រុងដឺហ្វី។កម្មករជាង៣០០នាក់ស្ថិតក្នុងរោងចក្រពេលមានគ្រោះអគ្គិភ័យ ដោយពួកអ្នកនៅរស់រានមានជីវិតនិយាយថា បានស្តាប់ឮការផ្ទុះភ្លាមៗ និងឃើញផ្សែងហុយចេញយ៉ាងក្រាស់ ។ កម្មករប្រមាណជា១០០នាក់ អាចរត់េចញពីរោងចក្រ។
លក្ខណៈស្មុគស្មាញនៃរចនាសម្ព័ន្ធខាងក្នុងអគាររោងចក្រនោះ ញ៉ាំងឱ្យមានការលំបាកខ្លាំងក្នុងការជួយសង្គ្រោះ ។ យោងតាមពួកអ្នកពន្លត់ភ្លើងថា វេលាម៉ោង១២ទៅហើយ ភ្លើងនៅតែពុំទាន់រលត់ ហើយប្រតិបត្តិការជួយសង្គ្រោះនៅបន្ត ។ ចំនួនពិតប្រាកដនៃមនុស្សជាប់ក្នុងរោងចក្រនេះ ពុំត្រូវបានបញ្ជាក់ឡើយ ។ ការស៊ើបអង្កេតរកមូលហេតុនៃគ្រោះមហន្តរាយនេះកំពុងធ្វើ ៕
ចែករំលែកព័តមាននេះ