ខេត្តកំពង់ចាម ៖ កាលពីថ្ងៃទី២ មិថុនា លោកបណ្ឌិត ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម ទទួលបន្ទុកលើការងារយុវជន បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចំនួន១២៥នាក់ចុះជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន៤.១១៣នាក់នៅឃុំដា ស្រុកមេមត់ ។
អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ការចុះជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំ ដោយមិនប្រកាន់និន្នាការនយោបាយរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នាពេលនេះគឺជាកាយវិការដ៏ប្រពៃបំផុតក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ហើយក៏ជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយភាពក្រីក្រផងដែរ ពីព្រោះប្រជាពលរដ្ឋដែលមកពិនិត្យទាំងអស់មិនបានចំណាយថវិកានោះឡើយ ។
ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់លោក ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ចុះមកពិនិត្យនិងព្យាបាលជំងឺដល់ប្រជាពលរដ្ឋ ដោយមិនគិតពីនិន្នាការនយោបាយដែលនេះបញ្ជាក់ឱ្យឃើញពីគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការយកចិត្តទុកដាក់លើសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានឱ្យដឹងថា ក្នុងការចុះជួយពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងឃុំដា ស្រុកមេមត់នាពេលនេះគឺគ្រូពេទ្យបានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន៤.១១៣នាក់ ។ ក្នុងនោះព្យាបាលអ្នកមានជំងឺមាត់ធ្មេញបានចំនួន៣១៨នាក់ ពិនិត្យនិងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋបានចំនួន៣.៧៨២នាក់ វះកាត់គីសបានចំនួន៧នាក់ និងបញ្ជូនអ្នកជំងឺមកសម្រាកព្យាបាលនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញបានចំនួន៦នាក់ ហើយរាល់ការចំណាយគឺលោកបណ្ឌិត និងលោកជំទាវជាអ្នករ៉ាប់រង ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋទាំងអស់ដែលបានមកពិនិត្យជំងឺ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ចាមទាំងមូល ដែលជានិច្ចកាលសម្តែងតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ពីព្រោះសម្តេចយល់ឃើញថា សេចក្តីសុខទុក្ខរបស់ប្រជាពលរដ្ឋគឺជាក្តីកង្វល់ដ៏ធំបំផុតរបស់ប្រមុខដឹកនាំ ។ ជាមួយគ្នានេះ លោកបណ្ឌិតក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែថែរក្សាអនាម័យឱ្យបានគ្រប់ៗគ្នា ពោលគឺហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ហើយនៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ ខាងមុខនេះ សូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋមានទឹកចិត្តត្រេកអរដោយឃើញការយកចិត្តទុកដាក់ពីសំណាក់ក្រុមការងារថ្នាក់កណ្តាល ជាពិសេសសូមថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកទាំងពីរជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ៕
ចែករំលែកព័តមាននេះ