ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្កាត់​ទួល​សង្កែ​ចែក​អត្ត​សញ្ញាណ​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ចំនួន​632​នាក់​​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០​ មិថុនា​ នៅ​ក្នុង​វត្ត​ទួល​សុវណ្ណារ៉ាម​ ហៅ​វត្ត​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ សាលាសង្កាត់​ទួល​សង្កែ​បាន​រៀបចំ​ពិធី​ចែក​អត្ត​សញ្ញាណ​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៦៣២​នាក់​ ក្រោម​អធិបតី​ភាព​លោក​ឃ្លាំង​ ហួត​ ជំនួយ​ការ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​ជាអភិបាល​ខណ្ឌ​ឫស្សី​កែវ​ ។

រាជ​ធានី​ភ្នំពេញ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០​ មិថុនា​ នៅ​ក្នុង​វត្ត​ទួល​សុវណ្ណារ៉ាម​ ហៅ​វត្ត​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ សាលាសង្កាត់​ទួល​សង្កែ​បាន​រៀបចំ​ពិធី​ចែក​អត្ត​សញ្ញាណ​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៦៣២​នាក់​ ក្រោម​អធិបតី​ភាព​លោក​ឃ្លាំង​ ហួត​ ជំនួយ​ការ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​ជាអភិបាល​ខណ្ឌ​ឫស្សី​កែវ​ ។

លោក​អនុសេនីយ៍​ទោ អ៊ុយ​ ហ៊ាន​ នាយ​​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​សង្កែ​បាន​ឱ្យ​ដឹង​ថា សង្កាត់​ទួល​សង្កែ​បានបំពេញ​បែប​បទ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​​ខ្មែរជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​១.១៩៩​នាក់​ ក្នុង​នោះ​មាន​បុរស​ចំនួន​៦០៧​នាក់​ ។ ចំណែក​អត្ត​សញ្ញាណ​ប័ណ្ណ​ដែល​ទទួល​បាន​ពី​ការិ​យាល័យ​ជំនាញ​ ហើយ​យក​មក​ចែក​ជូន​ដល់​ប្រជា​ពលរដ្ឋ​នា​ពេល​នេះ​មាន​ចំនួន​៦៣២​នាក់ ។​

លោក​អនុ​សេនីយ៍​ទោ អ៊ុយ​ ហ៊ាន​ ក៏បាន​សំណូម​ពរ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ទទួល​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិខ្មែរ​ ក៏​ដូចជាសៀវ​​ភៅ​គ្រួសារ​ សៀវ​ភៅ​ស្នាក់​នៅ​កន្លង​មក​ សូម​ថែ​រក្សា​ឱ្យ​បាន​ត្រឹម​ត្រូវ​កុំ​ឱ្យ​បាត់​បង់​ បើ​មាន​ការ​បាត់​បង់​ សូម​រាយ​ការណ៍​មក​សមត្ថ​កិច្ច​ដើម្បី​ចម្លង​ឡើង​វិញ ។​លោក​ឃ្លាំង​ ហួត​ ក៏បាន​ពាំ​នាំ​នូវ​ប្រសាសន៍​ផ្តាំ​ផ្ញើ​សាកសួរ​សុខ​ទុក្ខ​ពី​សំណាក់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ ប៊ុន រ៉ានី​ ហ៊ុន សែន​ ដែល​ជា​និច្ច​កាល​សម្តេច​តែងតែ​គិត​គូរ​យ៉ាង​ខ្លាំង​ពី​សុខុមាល​ភាព​របស់​ប្រជាពល​រដ្ឋ​កម្ពុជា​នៅ​ទូទាំង​ប្រទេស ។​

លោក​ឃ្លាំង ហួត​ បាន​ឱ្យ​ដឹង​ថា​ អត្ត​សញ្ញាណ​ប័ណ្ណ​នេះ​មាន​សារ​សំខាន់​ណាស់​សម្រាប់​បំពេញ​បែបបទ​ផ្សេងៗ​ និងជា​ការ​សម្គាល់​អត្ត​សញ្ញាណ​របស់​ខ្លួន ។​ រាជ​រដ្ឋាភិបាល​កម្ពុជាបាន​យក​ចិត្តទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ប្រជាពលរដ្ឋ ហើយ​បាន​ខិតខំ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ជូន​ប្រជា​ពលរដ្ឋ ដើម្បី​សម្គាល់​សញ្ជាតិ​របស់​ខ្មែរ និង​សម្រាប់​ឱ្យ​បង​ប្អូន​យក​ទៅ​ប្រើ​ប្រាស់​ ។ ម្យ៉ាង​វិញ​ទៀត​ ការ​បោះ​ឆ្នោត​ត្រូវ​ការ​ចំាំបាច់​ណាស់​សម្រាប់​អត្ត​សញ្ញាណ​ប័ណ្ណនេះ​ ។​

លោក​ឃ្លាំង​ ហួត​ បាន​ឱ្យ​ដឹង​ថា​ រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេជោ​ ហ៊ុន សែន​ បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​សន្តិ​ភាព​ ស្ថិរ​ភាព​នយោ​បាយ​​ និង​មាន​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ ការពារ​បាន​នូវ​បូរណ​ភាព​ទឹក​ដី​ និង​មាន​មុខ​នៅ​លើ​ឆាក​អន្តរ​ជាតិ ។​ នៅ​ពេល​ទទួល​បាន​អត្ត​សញ្ញាណ​ប័ណ្ណ​នេះ​ហើយ​សូម​បង​ប្អូន​ទាំង​អស់​ត្រូវ​តែ​ថែរក្សា​ឱ្យ​បាន​គង់​វង្ស​កុំ​ឱ្យបាត់បង់ ។​ បើ​បាត់​ត្រូវ​ប្តឹង​ទៅ​សមត្ថ​កិច្ច​ប៉ូលិស​ ដើម្បី​ចៀស​វាង​កុំ​ឱ្យ​ជន​ខិល​ខូច​យក​ទៅ​ប្រើ​ប្រាស់​ដែល​នាំ​ឱ្យ​មាន​ទោសដល់​ខ្លួន​ជា​ម្ចាស់​អត្ត​សញ្ញាណ​ប័ណ្ណ។​

លោក​អភិ​បាល​ក៏​បាន​ណែនាំ​ដល់​ប្រជា​ពលរដ្ឋ​ឱ្យ​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជា​ជន​កម្ពុជា ដើម្បី​គាំទ្រ​សម្តេច​តេជោ​បន្ត​ដឹកនាំ​ប្រទេស​ឱ្យ​មាន​ការ​រីក​ចម្រើន​ថែម​ទៀត ។​លោក​ឃ្លាំង​ ហួត​ ក៏បាន​នាំ​យក​អំណោយ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន សែន​ និងសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន សែន​ ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ ដោយ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​សារុង​មួយ​ទុក​ជា​អនុស្សាវរីយ៍​ផង​ដែរ៕​