ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈ​​ពេល​3​ខែ​ដើម​ឆ្នាំំ​​2013 ​ការវិនិយោគ​លើ​វិស័យ​សំណង់​កើន​ឡើង​75%

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​របាយ​ការណ៍​របស់​ក្រសួងរៀប​ចំ​​ដែន​ដី​​នគរូប​នីយ​កម្ម ​និង​សំណង់​ បានឱ្យ​​ដឹង​​ថា​ ក្នុង​​រយៈ​​ពេល​​៣​ខែ​ដើម​ឆ្នាំ២០១៣​នេះ​​ការ​វិនិ​យោគ​លើវ​ិស័យ​សំណង់​អគារ​ធុន​តូច​ ​និង​មធ្យម​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​កើន​ឡើង​ប្រមាណ​៧៥% ​បើ​ប្រៀប​ធៀប​​​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ២០១២​ ​ ។

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​របាយ​ការណ៍​របស់​ក្រសួងរៀប​ចំ​​ដែន​ដី​​នគរូប​នីយ​កម្ម ​និង​សំណង់​ បានឱ្យ​​ដឹង​​ថា​ ក្នុង​​រយៈ​​ពេល​​៣​ខែ​ដើម​ឆ្នាំ២០១៣​នេះ​​ការ​វិនិ​យោគ​លើវ​ិស័យ​សំណង់​អគារ​ធុន​តូច​ ​និង​មធ្យម​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​កើន​ឡើង​ប្រមាណ​៧៥% ​បើ​ប្រៀប​ធៀប​​​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ២០១២​ ​ ។

របាយ​ការណ៍​ដដែល​​​​បង្ហាញ​ថា​ ការ​វិនិ​យោគ​​​លើវិស័យ​សំណង់​អគារ​នៅ​កម្ពុជា​មាន​កំ​ណើន​​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ឆ្នាំ​២០១២​កន្លង​ទៅ​​​​ក្នុង​នោះ​ការ​វិនិ​យោគ​លើ​សំណង់​អគារ​ទូទាំង​ប្រទេស​មាន​គម្រោង​សរុប​ចំនួន​១​.៦៩៥​ ​ដែល​មាន​ផ្ទៃក្រឡា​សាង​សង់​សរុប​ចំនួន​ជាង​៦លាន​ម៉ែត្រ​ការ៉េ​ គិត​តម្លៃ​ប៉ាន់​ស្មាន​សរុប​ប្រមាណ​​ជាង​២.​១០៩​លាន​ដុល្លារ​អាមេរិក​គឺ​មាន​ការ​កើន​​ឡើង​ប្រមាណ​៧២%​​បើប្រៀប​ធៀប​នឹង​ឆ្នាំ​២០១១​​ដែល​មាន​ទុន​វិនិ​យោគ​សរុ​ប​១.២២៦​លាន​​ដុល្លារ​អាមេរិ​កប៉ុណ្ណោះ ។​​ ទោះ​ជា​យ៉ាង​ណា​​តាម​របាយ​ការណ៍​ដដែល​នោះ​បាន​បញ្ជាក់​ថា​ ការ​វិនិ​យោគ​លើ​វិស័យ​សំណង់​អគារ​នេះ​គឺ​មាន​ការ​កើន​ឡើង​តែ​សំណង់​អគារ​ធុន​តូច​ និង​មធ្យម​ប៉ុណ្ណោះ​ ប៉ុន្តែ​ការ​វិនិ​យោគ​លើ​វិស័យ​សំណង់​អគារ​ធំៗ​ពុំ​ទាន់​មាន​ការ​កើន​ឡើង​នៅ​ឡើយ​ទេ​ ។ ​

របាយ​ការណ៍​ក៏​បាន​បង្ហាញ​​បណ្តា​​​សំណង់​​ធំៗ​​ និង​បុរី​ជា​ច្រើន​នៅ​ទី​ក្រុង​ភ្នំពេញ​ និង​បណ្តា​​​ខេត្ត​មួយ​ចំនួន​កំពុង​ធ្វើ​ការ​សាង​សង់​នា​ពេល​បច្ចុប្បន្ន​នេះ​ដូច​ជា​ អគារ​ពាណិ​ជ្ជ​កម្ម​របស់​ក្រុម​ហ៊ុន​វឌ្ឍនៈ​​កម្ពស់​៣៨​ជាន់​​ អគារ​ស្នាក់​នៅ​របស់​ក្រុម​ហ៊ុន​DECASTLE​កម្ពស់​​៣២​ជាន់​ អគារ​សណ្ឋា​គារ​​សុខា​នៅ​ជ្រោយ​ចង្វា​ ភ្នំពេញ​​ និង​នៅ​បូក​គោ ​​ខេត្ត​កំពត​ ​អគារ​ផ្សារ​ទំនើប​របស់​ក្រុម​ហ៊ុន​​ជប៉ុន ​AEON​ MALL​ រោង​ចក្រផលិ​តម៉ូទ័រ​ខ្នាត​តូច​ ​សណ្ឋា​គារ​TOYOKO INN របស់​ក្រុម​ហ៊ុន​ជប៉ុន ​​​រោង​ចក្រ​ផលិត​ស្ករ​ស​នៅ​ខេត្ត​ក្រចេះ​របស់​ក្រុម​ហ៊ុន​​ឥណ្ឌា​រោង​ចក្រ​កាត់​ដេ​រ ​និង​រោង​ចក្រ​អគ្គិ​សនី​របស់​ក្រុម​ហ៊ុន​ចិន​។ល។​ ​ស្រប​ពេល​នេះ​នៅ​លើ​ទីតាំង​កោះ​ពេជ្រ​ក៏​បាន​រៀប​ចំ​ និង​បន្ត​សាង​​សង់​សំណង់​អគារ​ខ្ពស់​ៗ​និង​សំណង់​ទំនើប​ជា​ច្រើន​ប្រភេទ​ដូច​ជា​ RIVIERA​ អគារ​ស្នាក់​នៅ​រួម​ ​និង​បុរី​លំ​នៅ​ឋាន​​ជាដើម​ ហើយ​នា​ពេល​កន្លង​​ទៅ​ថ្មីៗ​នេះ​គម្រោង​សាង​សង់​ទី​ក្រុង​ពាណិ​ជ្ជ​កម្ម​ និង​លំនៅ​ឋាន​ BOOYOUNG​ TOWN​1​របស់​​ក្រុម​ហ៊ុន ​BOOYOUG GROUP​ ក៏​បាន​ចាប់​ផ្តើម​បើក​ការ​ដ្ឋាន​សាង​សង់​​ដែរ ។​

ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថ​លេ​ខាលើ​អនុស្សរ​ណៈ​យោគ​យល់​គ្នា​រវាង​ក្រសួង​​រៀប​ចំ​ដែន​ដី​នគរូប​នីយកម្ម​​ និង​សំណង់ ​ជាមួយ​សមាគម​អ្នក​សាង​សង​់​​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ ​លោក​ទេស​រដ្ឋ​មន្ត្រី​ អឹុម​ ឈុន​លឹម​​ រដ្ឋ​មន្ត្រី​ក្រសួង​​រៀប​ចំ​ដែ​នដី​នគ​រូប​នី​យកម្ម​ និង​សំណង់​ បាន​ឲ្យ​ដឹង​ថា​ ស្ថិតិ​ក្រុម​ហ៊ុន​សាង​សង់​​ និង​សិក្សា​គម្រោង​ប្លង់​ដែល​បាន​ចុះ​បញ្ជី​​នៅក្រសួង​​រៀប​ចំ​ដែន​ដី​នគរូប​នី​យកម្ម​​ និង​សំណង់​​ គិត​ចាប់​ពី​ឆ្នាំ២០០០​​ដល់​ចុង​ខែមេសា ឆ្នាំ២០១៣​ ​មាន​ចំនួន​សរុប​១.២៣៧​​​ក្រុម​ហ៊ុន ​ក្នុង​នោះ​ក្រុម​ហ៊ុន​នៅ​មាន​​​សុពល​ភាព​មាន​ចំនួន​៥៦១ ​គឺ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​មាន​ចំនួន​សរុប​៤៣៤​​ និង​បរទេស​មាន​ចំនួន​១២៧​ ។ ក្នុង​ចំនួន​នេះដែរ​​ក្រុម​ហ៊ុន​សិក្សា​គម្រោង​ប្លង់​ក្នុង​ស្រុក​មាន​ចំនួន​១២​ និង​ក្រុម​ហ៊ុន​សិក្សា​គម្រោង​ប្លង់​បរទេ​ស​មាន​ចំនួន​៥ ៕